Toyota Alphard គឺជាប្រភេទឡាន Van ដ៏ល្បីដែលពេញនិយមនៅប្រទេសជប៉ុន ហើយក៏នាំចូលមកស្រុកខ្មែរមិនថាជំនាន់ទី១ ឬទី២នោះទេ តែងឃើញចររាចរណ៍តាមដងផ្លូវមិនដាច់ភ្នែកឡើយ។ ជាឡានសម្រាប់ប្រើជាលក្ខណៈគ្រួសារផង និងជាផ្នែកនៃអាជីវកម្មផង បូករួមទាំងភាពទំនើប ស្អាត និងទូលាយផងទើប Alphard បានក្លាយជាឡាន Van ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរយើង មិនចាញ់ឡាន Van ផ្សេងៗឡើយ។ ទោះបីជាមានតម្លៃខ្ពស់ជាងឡាន Van ផ្សេងៗដែលមានឆ្នាំប្រហាក់ប្រហែលគ្នាក៏ដោយ តែបើនិយាយពីភាពទំនើប និងលក្ខណៈពិសេសមួយចំនួនវិញគឺខុសគ្នាច្រើនដែរ។
ជាក់ស្ដែង តម្លៃនៅទីផ្សារ ក្នុងស្រុកបច្ចុប្បន្ននេះវិញសម្រាប់ឆ្នាំ២០០៨ ដល់២០១០ ចន្លោះពី ២ម៉ឺនដុល្លារក្រាស់ ទៅ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើប្រភេទស្លាកលេខ ក្រដាស់ពន្ធ Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្តមួយទឹក របស់ Advan Auto នឹងលើកយកនៅ Alphard ជំនាន់ទី២ មកបកស្រាយពីលក្ខណៈទូទៅខ្លះៗ ដើម្បីជាចំណេះដឹងថ្មីមួយផ្នែករថយន្ត។ សម្រាប់បងប្អូនដែលមានបំណងចង់ប្រើប្រាស់នៅម៉ូឌែលនេះ ដើម្បីឲ្យកាន់តែយល់ច្បាស់បន្ថែមទៀតទៅលើ Alphard ជំនាន់ទី២ឆ្នាំ០៨នេះផងដែរ។
១/ ផ្នែកប្លុកម៉ាស៊ីនសម្រាប់ជម្រើស ៤ស៊ីឡាំង ប្រើចំណុះ ២.៤លីត្រដដែល តែបន្ថែមកម្លាំងលើសជំនាន់ទី១ ១០សេះ សរុប១៧០សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងមានជម្រើស ប៉ុង១ និងប៉ុង២។
សម្រាប់ម៉ាស៊ីន ៤ស៊ីឡាំងនេះដែរកម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ១១លីត្រប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាខ្លាំងស្ទុះជាងមុន និងសន្សំសំចៃតិចជាងមុនផងដែរ។
ចំពោះម៉ាស៊ីន ៦ស៊ីឡាំងវិញ លែងប្រើចំណុះ ៣.០លីត្រហើយ ផ្លាស់មកប្រើ ៣.៥លីត្រម្ដង ដែលអាចបង្កើនកម្លាំងរហូតដល់ទៅ ២៨០សេះឯណោះ ជាមួយនឹងកម្លាំងរមួល ២៥៤ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយជម្រើសប៉ុង១ និងប៉ុង២ អាចរត់ក្នុងល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ។
ម៉ាស៊ីនធំហើយខ្លាំងបែបនេះ កម្រិតស៊ីសាំងក៏គ្រាន់បើ ចន្លោះពី ៩លីត្រ ទៅ ១៤លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
២/ ចំពោះជើងក្រោម មិនទាន់អេមដូចស៊េរីថ្មីៗឡើយ វានៅតែប្រើដូចសេរីមុននៅឡើយ ខាងមុខប្រើជា MacPherson Strut ជាមួយនិង Coil Spring ផ្នែកខាងក្រោយបំពាក់ Torsion Beam អមជាមួយ Coil Spring ដែលមានន័យថា វាបំពាក់បូម និងរឺស័រដាច់ដោយឡែក ទន់លំនឹងគ្រាន់បើនៅពេលជិះលឿន តែរលាក់គួរសមដែរ។ យាន់កង់ប្រើទំហំ ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀប ទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធសំខាន់ៗមួយចំនួនទៀតដូចជា៖ EBA, EBD, BA, TC, SC ជាដើម។
៣/ រូបរាងខាងក្រៅ ការរចនាឡើងមកថ្មីទាំងស្រុងតែម្ដង ចង្កៀងមុខប្រើប្រភេទគុជ HID តែសម្រាប់ Option ខ្ពស់ៗមានបំពាក់ចង្កៀងប្រភេទ AFS ដែលមានតួនាទីរ៉េឆ្វេងស្ដាំទៅតាមចង្កូតបាន នឹងភ្លឺច្បាស់ល្អ។ ចំណែកស្ដុបក្រោយវិញ ខ្លីល្មមមិនអូសវែងដូចមុនឡើយដែលមើលទៅស្អាតប្លែក ជាមួយនឹងរាងបែបថ្មីធ្វើឲ្យ Alphard ជំនាន់ទី២នេះ មិនច្រឡំគេឡើយអាចចូលចំណោមគេបាន។
ទំហំប្រវែងរាងធំជាងមុនបន្ដិចប៉ុណ្ណោះ តែស្រឡះល្អណាស់ Alphard ជាប្រភេទឡានទ្វា៥ កៅអី៣ជួរដាច់ ស្មើនឹង ៧កៅអី អាចជិះគ្នាបាន៨នាក់យ៉ាងទូលាយ។ ហើយផ្នែកខាងក្នុងប្លែក នឹងប្រែប្រួលទៅតាម Trim ឬ Option ដែលមានរហូតដល់ទៅ ៦ឯណោះដូចជា៖ Alphard X, Alphard S, Alphard G, Alphard S-C, Alphard C-L, និងប្រភេទកំពូលតែម្ដងនោះគឺ Royal Lounge តែសម្រាប់ចាប់ពី Option Alphard S-C ឡើងទៅមានបំពាក់តែនៅលើជម្រើសម៉ាស៊ីន ៦ស៊ីឡាំង ៣.៥ តែប៉ុណ្ណោះ។
៤/ បើនិយាយរួមខាងក្នុងចាប់ពី Option Alphard G មានបំពាក់មកនៅ Smart Key ប៊ូតុង Power Start, កៅអីកាំម្ញី ជំនួយដោយអេឡិចត្រូនិក និង Memory Seat មានមុខងារកម្ដៅកៅអី, មានSensor ជំនួយពេលចូលចត, អេក្រង់ធំ សម្រាប់ភ្ជាប់ Bluetooth ជាមួយនឹងកាម៉េរា GPS និងមុខងាផ្សេងៗជាដើម។ ក្រៅពីនេះក៏ឃើញមាន ដំបូលបើកពីរតង់, ទ្វាបើកសងខាង និងខាងក្រោយអូតូ, មាន DVD សម្រាប់អ្នកដំណើរ, ជាមួយនឹងពោងសុវត្ថិភាព ១០គ្រាប់ (Option ធម្មតា៧គ្រាប់) Speaker ១៥គ្រាប់ជាដើម។
ចំពោះ Option S-C វិញមានបំពាក់បន្ថែមនៅកៅអី និងកៅអីអ្នកដំណើរកណ្ដាល (Captain Chairs)មានបំពាក់នៅមុខងារកម្ដៅ ដាក់ជើងទម្រ នឹងអាចបញ្ហានៅមុខងារជាច្រើនមួយចំនួនទៀត។
សម្រាប់ Option C-L រឹតតែពិសេសដោយមានបន្ថែមនៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sencs ជាដើម។
ចំពោះ Option Royal Lounge វិញជាករណីពិសេសដែលមាននៅមុខងារទាំងអស់ខាងលើនឹងហើយ តែខាងអតិថិជន ឬ Dealer អាចធ្វើការកម៉្មង់បន្ថែមទៅតាមតម្រូវការបាន។
សម្រាប់ស្រុកខ្មែរយើងមានតិចតួចណាស់ដែលនាំចូលមកនៅប្រភេទម៉ាស៊ីន ៦ស៊ីឡាំង ៣.៥លីត្រហ្នឹង ព្រោះបង់ពន្ធខ្ពស់ ដែលធ្វើឲ្យអ្នកលក់ត្រូវវ៉ៃចេញវិញក្នុងតម្លៃថ្លៃជិត ៥ម៉ឺន ទៅ៦ម៉ឺនឯណោះ។ ដូចនេះហើយពួកគាត់ បាននាំចូលតែផ្នែកបរិក្ខាខ្លះៗរបស់ Option ខ្ពស់ៗយកមកបំពាក់តែប៉ុណ្ណោះ។
ជារួមសម្រាប់ Toyota Alphard ជំនាន់ទី២នេះ មានការផ្លាស់ប្ដូរច្រើនគួរសម ស្អាត ទំនើប ខាងក្នុងទូលាយ រូបរាងទាន់សម័យ អាចនិយាយបានថាតម្លៃទីផ្សារសម និងសមត្ថភាព ដែលបងប្អូនអ្នកស្រឡាញ់ឡាន Van អាចធ្វើការពិចារណាបាន។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Alphard ជំនាន់ទី២ ឆ្នាំ២០០៨ ដល់២០១០ នេះ អាចទម្លាក់នៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ BunSak
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ