បន្ទាប់ពីទើបតែប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនខ្សែទី ២ ភ្នំពេញ-បាវិត កាលពីថ្ងៃម្សិលមិញនេះ (០៧ មិថុនា ២០២៣) នៅរសៀលថ្ងៃដដែល ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) លើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី ៣ ភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលគ្រោងបើកការដ្ឋានសាងសង់មិនយូរជាងបំណាច់ឆ្នាំ ២០២៤ ខាងមុខ។
យោងតាមកិច្ចព្រមព្រៀងនេះ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study - FS) និងការអនុវត្តគម្រោងជា ២ ដំណាក់កាល ដែលដំណាក់កាលទី ១ គឺការសិក្សាពីភ្នំពេញ ទៅ សៀមរាប និងដំណាក់កាលទី ២ សិក្សាពីសៀមរាប ទៅក្រុងប៉ោយប៉ែត និងភ្ជាប់ជាមួយប្រទេសថៃ ហើយគម្រោងទាំងពីរនឹងត្រូវសាងសង់ជាបួនគន្លង ដូចផ្លូវល្បឿនលឿនទី ១ និងទី ២ដែរ។
តាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្ដី បានឲ្យដឹងថា គម្រោងនេះគឺចាំបាច់ត្រូវធ្វើការសិក្សាឲ្យបានម៉ត់ចត់ វិភាគ និងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ល្អិតល្អន់ជាទីបំផុត ជាពិសេសការកំណត់ខ្សែគន្លងផ្លូវក្នុងតំបន់ខេត្តសៀមរាប ដោយសារតែខេត្តនេះសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យា នៅតាមផ្លូវច្រើន ដូចជាស្ពានបុរាណជាដើម ដែលក្រុមហ៊ុន CRBC បានធ្វើការសិក្សារួចរាល់ប្រមាណ ៥ ខែមកហើយ និងត្រូវការប្រមាណ ៦ ខែបន្ថែមទៀត ដើម្បីសិក្សាទីតាំងលម្អិត លើទម្រង់ផ្លូវ ត្រូវវាង ឬត្រូវកាត់ចំតំបន់ណាខ្លះ និងផ្ដល់ឯកសារដល់ក្រសួង ដើម្បីសម្រេច រីឯចម្ងាយផ្លូវវិញ គឺនៅមិនទាន់ជាចម្លើយច្បាស់នៅឡើយទេ តែឯកឧត្តមបានឲ្យដឹងថា ពីភ្នំពេញ ទៅ សៀមរាប ប្រហែលជា ២៥០ គម តែអាចវែងជាងនេះ ឬខ្លីជាងនេះ អាស្រ័យលើទំហំ នៃការប៉ះពាល់ ដូចជាត្រូវធ្ចើវាងស្ថានីយ៍បុរាណ និងផ្ទះប្រជាពលរដ្ឋជាដើម និងជំហានទី ២ ពីសៀមរាប ទៅប៉ោយប៉ែត ប្រមាណ ១៥០ គម។
ឯកឧត្តម ក៏បានបន្ថែមទៀតថា សម្រាប់ទំហំទឹកប្រាក់ត្រូវវិនិយោគវិញ បើប្រៀបធៀបនឹងផ្លូវទី ១ ដែលចាយអស់ ២ ពាន់លានដុល្លារ ទី២ ១៣៥០ លានដុល្លារ នោះអាចគណនាជាមធ្យមថាត្រូវចាយប្រមាណ ១០ លានដុល្លារក្នុងមួយគីឡូម៉ែត្រ ដូច្នេះសម្រាប់ផ្លូវទី ៣ នេះ អាចនឹងចាយខ្ទង់ ២៥០០ លានដុល្លារ តែទឹកប្រាក់នេះអាចផ្លាស់ប្ដូរអាស្រ័យតាមស្ថានភាពជាក់ស្ដែង ដូចជាការឡើងថ្លៃលើបរិក្ខារ ឬប្រេងឥន្ធនៈ ជាដើម។
គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនធំៗទាំង ៣ នេះ នឹងដើរតួយ៉ាងសំខាន់ដល់លំហូរសេដ្ឋកិច្ចជាតិ តាមរយៈការសម្រួលដល់ការរធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញផ្សេងៗបានកាន់តែរហ័ស និងងាយស្រួល ជាសមិទ្ធផលដែលកម្ពុជា គួរតែស្ងប់ស្ងែង និងសាទរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!