ស្របពេលដែលកំណើននៃការប្រកួតប្រជែងតម្លៃរថយន្ដអគ្គិសនីកាន់តែសស្រាក់សស្រាំនាពេលបច្ចុប្បន្ន ក្រុមហ៊ុន GM មិនខុសពីក្រុមហ៊ុនរថយន្ដដទៃទៀតទេ បានផ្ដោតយុទ្ធសាស្រ្ដផលិត និងលក់រថយន្ដអគ្គិសនីណាឲ្យត្រូវជាមួយនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទាំងសមត្ថភាព និងតម្លៃ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្រធានគ្រប់គ្រងក្រុមហ៊ុន GM ថ្មីប្រចាំអាមេរិកខាងជើង លោកស្រី Marissa West បានឲ្យដឹងថា ក្រុមហ៊ុនកំពុងត្រៀមខ្លួន បញ្ចេញរថយន្ដអគ្គិសនីកំពុងតែមានការគាំទ្រច្រើនរបស់ខ្លួន Cheverolet Bolt EV នៅឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃសមរម្យជាងមុនច្រើន ល្មមអាចឲ្យអតិថិជនដែលគ្រាន់តែត្រូវការរថយន្ដអគ្គិសនី សមល្មម សម្រាប់ជិះក្នុងក្រុង ទៅធ្វើការ ឬប្រើប្រាស់ប្រចាំថ្ងៃ អាចទិញប្រើបាន។
ស្របពេលជាមួយគ្នានេះដែរ លោកស្រីមិនបានបញ្ចាក់ឲ្យច្បាស់ថា Chevy Bolt ថ្មីនេះ នឹងចុះនៅតម្លៃប៉ុន្នាននោះទេ ដោយតម្លៃចាស់របស់វា (Chevy Bolt EV 2023) ស្ថិតនៅចន្លោះពី ២៧ ៤៩៥ ដុល្លារ ទៅ ៣០ ៦៩៥ ដុល្លារ ដូច្នេះហើយគេសន្និដ្ឋានថា Chevy Bolt ថ្មីអាចស្ថិតនៅចន្លោះនេះ ឬទាបជាងនេះ ដើម្បីប្រកួតប្រជែង ជាមួយនឹងរថយន្ដអគ្គិសនីដទៃទៀត ជាពិសេសនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដូចជា Nissan LEAF (២៧ ៩៥៦ ដុល្លារ), Nissan Ariya (៣៥ ៥៥៦ ដុល្លារ), Hyundai IONIQ 6 និង Tesla Model 3 ជាដើម។
ក្នុងនោះដែរ លោកស្រី Mary Barra អគ្គនាយកក្រុមហ៊ុន GM បានឲ្យដឹងពីព័ត៌មានខ្លះៗទាក់ទងនឹង Chevy Bolt ថ្មីនេះថា វានឹងធ្វើឡើងដោយប្រើប្រាស់ Ultium platform ដែលជា architecture អភិវឌ្ឍថ្មី សម្រាប់រថយន្ដអគ្គិសនីរបស់ GM ដូចជាការប្រើប្រាស់ថ្មប្រភេទ LFP ដែលផ្ដល់ថាមពលបានយូរ មានតម្លៃទាប និងសុវត្ថិភាព (មិនងាយឆាបឆេះជាដើម) ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមផ្សេងៗទៀត ដែលមិនត្រឹមតែជួយបន្ថយតម្លៃនោះទេ តែបង្កើនសមត្ថភាពការប្រើប្រាស់ និងការសាកថាមពលរបស់ Chevy Bolt EV ថ្មីឲ្យប្រសើរជាងមុនផងដែរ។
គួរបញ្ចាក់ថា ក្រៅតែពី Chevy Bolt, GM ក៏កំពុងតែអភិវឌ្ឍរថយន្ដអគ្គិសនីម៉ូដែលផ្សេងៗទៀត ត្រៀមខ្លួនចូលមកប្រកួតប្រជែងក្នុងទីផ្សារឡានអគ្គិសនីដូចគ្នា រួមមានដូចជា Chevy Equinox, Blazer, និង Silverado ដែលសុទ្ធសេងតែប្រើប្រាស់ Ultium platform ទាំងអស់ ដែលនឹងចេញនៅឆ្នាំបន្ដបន្ទាប់គ្នា អាចមុន ឬក្រោយ Chevy Bolt ថ្មីនេះផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ WION News
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ