ចាប់តាំងពីឆ្នាំ ២០២២ SsangYong ផ្ដើមផលិត Crossover SUV ចំណូលថ្មីរបស់ខ្លួនគឺម៉ូឌែល Torres និងចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៣។ Torres ផលិតឡើងពីតួខ្លួនគ្រោងឆ្អឹងដ៏រឹងមាំ ជាមួយការឌីស្សាញបែបទម្រង់ Adventure សម័យថ្មី ដែលមានសមត្ថភាពប្រើជាប្រចាំថ្ងៃ On-Road និង Off-Road ក្នុងកម្រិតស្ថានភាពមធ្យម ត្រឹមចូលព្រៃបោះតង់ មិនជាបញ្ហាសម្រាប់ Torres ឡើយ។
ជាមួយម៉ាស៊ីនត្រឹម ៤ស៊ីឡាំង ចំណុះ ១.៥លីត្រប៉ុណ្ណោះ តែជំនួយដោយ Turbo អាចផលិតកម្លាំងដល់ទៅ ១៧០សេះ កម្លាំងរមួល ២៨០ញ៉ូតុនម៉ែត្រ ជំនួយដោយ Drive Mode ដូចជា Normal, Winter និង Sport បង្វិលកង់ដោយជម្រើសប៉ុង១ FWD និងប៉ុង២ AWD រត់ដោយប្រអប់លេខ ៦វគ្គអូតូ អមដោយ Paddle Shift ជាមួយកម្រិតស៊ីសាំងសន្សំសំចៃគួរសម ១០០ គីឡូម៉ែត្រជាមធ្យម ៧លីត្រ និងការចំណាយលើពន្ធផ្លូវត្រឹមតែ ១៥ម៉ឺនរៀលប៉ុណ្ណោះក្នុង១ឆ្នាំ។
ម៉ាស៊ីនតូចតែជាន់ស្ទុះ និងខ្លាំងគួរសម បូករួមប្រព័ន្ធជើងក្រោមប្រភេទ Multi-Link Suspension ផងធ្វើឲ្យ SUV ខ្នាតកណ្ដាលមួយនេះ ហាប់ណែនល្អ មិនឃ្លោងពេលបើកផ្លូវឡើងទួលចុះក្រលុក ឬផ្លូវកោង ទន់ស្រួល និងកាត់បន្ថយរលាក់បានច្រើនផងដែរ។ គួមផ្សំយាន់កង់ទំហំ ២០អ៉ីង អាលុយមីញូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយមុខងារទប់លំនឹង ប្រព័ន្ធជំនួយហ្វ្រាំងសុវត្ថិភាព ហើយក៏មានប្រព័ន្ធជំនួយពេលឡើង និងចុះចំណោតផងដែរ។
និយាយពីចង្កៀងមុខគឺជាប្រភេទFull LED មានមុខងារ Smart High Beam ក្រៅពីបិទបើកអូតូ ក៏ចេះតម្លើង ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ នឹងញែកពន្លឺមិនឲ្យចាំងភ្នែកអ្នកខាងមុខឡើយ។ អ្វីដែលប្លែកនោះ ទាំងលើគម្របម៉ាស៊ីន ដំបូល នឹងផ្នែកជាច្រើនទៀតមានបំពាក់កន្លែង ចងខ្សែរ និងបោះតង់ ងាយស្រួលសម្រាប់បងប្អូនដែលនិយម ការចូលព្រៃ បែបផ្សងព្រេងតែម្ដង។
Torres មិនជាធំពេក ក៏មិនតូចពេកដែរ វាមានប្រវែង ៤៧០០ម.ម ទទឹង ១៨៩០ម.ម កម្ពស់ ១៧២០ម.ម ទម្ងន់ ១.៦ តោនឯណោះ។
សម្រាប់ផ្ទៃខាងក្នុង SsangYong Torres មានស្ទើតែគ្រប់យ៉ាងតែម្ដងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើបាន មានទាំងកៅអីក្ដៅត្រជាក់ ភ្លើង Ambien ទ្វាក្រោយបិទបើកអូតូ ដំបូលបើក Wireless Charging កុងទ័រឌីជល Head Up Display អេក្រង់ថាច់ទំហំ ៩អ៉ីង ភ្ជាប់ Apple Carplay & Android Auto ចង្កូតឌីស្សាញរាងអក្សរ D ហ្វ្រាំងដៃអេឡិចត្រូនិចជាដើម។
ហើយអ្វីដែលប្លែកនោះ Torres មិនមានប៉ូតុងចុចសាំញាំច្រើនឡើយ ជំនួយមកវិញដោយប្រើថាច់ Capacitive Touch Key ដ៏ទាន់សម័យ ដូចទៅនឹងប៊ូតុងដែរ ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែកពណ៌សូកូឡា រំលិចដោយក្រូម ជាដើម ដែលមើលទៅបែប ប្រណិតទាន់សម័យ ទោះបីជា Torres ឌីស្សាញទម្រង់ជា Adventure ក៏ដោយ។
ចំពោះបច្ចេកវិទ្យាសុវត្ថិភាពវិញក្រៅពីសេនស័រជំនួយពេលចូលចត Torres ទទួលបានមួយកញ្ចប់ធំតែម្ដងដែល SsangYong ហៅថា ADAS Safety ។
សម្រាប់តម្លៃក្នុងបច្ចុប្បន្ននេះ អាចថាជាពេលដែលល្អបំផុតសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើ Torres ស៊េរីឆ្នាំ២០២៣ ព្រោះក្រុមហ៊ុនកំពុងបញ្ចុះតម្លៃយ៉ាងពិសេសមុនបុណ្យភ្ជុំបិណ្ឌត្រឹម ៤១,៩០០ដុល្លារប៉ុណ្ណោះ ខណៈតម្លៃពេញ ៤៤,៩០០ដុល្លារ។
តម្លៃប៉ុណ្ណឹងបើធៀបជាមួយឡានមួយទឹកឆ្នាំខ្ពស់ក្នុងស្រុក នឹងពពួកឡានមួយទឹកពីអាមេរិកដូចជា RX350 RX450h ឆ្នាំ២០១០ ដល់២០១៤ Highlander ស៊េរីឆ្នាំ២០១២ -២០១៥ ដល់ (២០១៦ស្លាកលេខ) និង NX200t Option ល្មមៗ ទោះបីអាយុកាលខុសត្រូវគ្នាច្រើនបន្ដិច តែបើក្រឡេកមើលពីតម្លៃទីផ្សារវិញប្រហាក់ប្រហែល ឬចង់ខ្ពស់ជាង SsangYong Torres ផងដែលយើងអាចយកមកនិយាយគ្នាបាន។
សម្រាប់ឡានមួយទឹកទាំងនេះ ទោះបីធ្លាប់ជាឡានលំដាប់ស្រុកអាមេរិក និងជាន់ផ្អៀងស្រុកខ្មែរពីមុនក្ដី តែបច្ចុប្បន្នបច្ចេកវិទ្យា និងមុខងារមួយចំនួនហាក់ត្រឹមកម្រិតធម្មតាប៉ុណ្ណោះ។ អ្វីដែលពិសេសបានម៉ាស៊ីនធំកម្លាំងខ្លាំង ខាងក្នុងទូលាយ សាច់ដែកមាំល្អ ប៉ុន្តែពន្ធផ្លូវខ្ពស់ និងស៊ីសាំងច្រើន ជាមួយកម្រិតគុណភាព ប្លុកម៉ាស៊ីនធ្វើទុកមិនទៀង ហើយមានតម្លៃខ្ពស់ជាង ឬស្មើឡានថ្មីបច្ចុប្បន្ន ដែលមានបច្ចេកវិទ្យាទំនើបៗ ខ្លិនថ្មីរសជាតិថ្មី មិនងាយខូចផ្ដាស់ និងសន្សំសំចៃខ្ពស់បែបនេះ។
តើបងប្អូនគិតថាចង់បន្តរប្រើឡានចាស់ឆ្នាំថ្មី ដែលមានតម្លៃដូចគ្នា ទៅនឹងឡានថ្មីឆ្នាំថ្មី? ចុះបើឡានមួយទឹកតម្លៃស្មើឡានថ្មី ហើយមិនសូវទំនើប ធ្វើទុកញឹកញាប់ ចំណាយច្រើនលើការថែទាំ មិចមិនព្រមប្ដូររសជាតិ មកស្រង់ខ្លិនឆ្ងុយ ពីឡានថ្មីខ្លាញ់គោ ទាំងទំនើបប្លែកជាមួយមុខងារសម្បូរបែប នឹងការធានាដ៏ច្រើនបែបនេះវិញ?
សម្រាប់ Torres របស់ Ssangyong ឯណេះចំពោះរូបរាង ភាពទំនើប ប្រព័ន្ធជើងក្រោម និងផ្ទៃខាងក្នុង ជាមួយប្រព័ន្ធសុវត្ថិភាព ហាក់មិនមានអ្វីខ្វះខាតឡើយ គ្រាន់តែស្ទើរចិត្តបន្ដិចត្រង់អេក្រង់ថាច់រាងតូច និងមិនទាន់បំពាក់ដំបូលបើកពីរតង់ តែក៏មិនថ្វីដែរទោះអេក្រង់តូច តែពហុមុខងារ អាចបំពេញតម្រូវការប្រើប្រាស់បានគ្រប់គ្រាន់ ។
បើនិយាយពីម៉ាស៊ីនវិញ តូចមែនតែជាន់ស្ទុះល្អ (ធ្វើតេស្តផ្ទាល់ពីក្រុមការងារ Advan Auto) កម្លាំងក៏គ្រាន់បើ សន្សំសំចៃ បើធៀបនឹងពពួកឡានមួយទឹក ឬថ្មីដែលមានតម្លៃប្រហាក់ប្រហែលគ្នា Ssangyong Torres នេះក៏ជាជម្រើសក្នុងការសម្រេចចិត្តមួយដែរ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ SsangYong Torres ខ្លាញ់គោស៊េរីឆ្នាំ២០២៣នេះ?
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ឡានមួយទឹកចាស់ឆ្នាំតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ បើធៀបនឹង Torres នេះយល់ថាមួយណាទំនើបជាង សន្សំសំចៃជាង សុវត្ថិភាព ឬធន់ជាង? បើលើសខ្វះតិចតួចគួរពិចារណាថែមថយសាករសជាតិខ្លាញ់ Torres នេះអត់? សម្រាប់មតិយោបល់ នឹងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?