ប្រាកដណាស់ឡានថ្មីប្រភេទ Minivan ឬពពួកឡាន ៧កៅអីអាចនិយាយបានថា ស្រុកខ្មែររកមិនមានឡើយ តែកុំបារម្ភ បងប្អូនអាចងាកមកពិចារណាលើឡានមួយទឹក ដែលមានលក្ខណៈសមរម្យ ល្មមអាចប្រើប្រាស់ជាលក្ខណៈគ្រួសារបាន។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto សូមលើកយកនៅឡានប្រភេទ ៧កៅអី ធន់សន្សំសំចៃ ដ៏ពេញនិយមនៅស្រុកខ្មែរ ដែលមានតម្លៃខ្ទង់ ១២០០០ដុល្លារជាង ទៅ ១៧០០០ដុល្លារជាង ដែលបងប្អូនខ្លះហាក់មើលរំលង។
១/ Toyota Highlander ស៊េរីឆ្នាំ២០០៤ ដល់២០០៥
ត្រកូល Highlander អាចនិយាយបានថាជាខ្លាចាស់មួយរបស់ Toyota នៅស្រុកខ្មែរ ហើយចាប់ពីឆ្នាំ២០០៤ Highlander មានជម្រើស ៥កៅអី និង ៧កៅអី តែបច្ចុប្បន្នសម្បូរបំផុតពពួកម៉ាស៊ីន ៤ស៊ីឡាំង ដែលមានតម្លៃចាប់ពី ១៥០០០ដុល្លារទៅ ១៧០០០ដុល្លារជាង អាចរកឡានស្លាកលេខស្អាតៗបានហើយ។
Highlander ពពួក៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៦៣ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូ កម្រិតស៊ីសាំងជាមធ្យមចន្លោះពី ៨លីត្រ ទៅ ១០លីត្រក្នុង១០០គីឡូម៉ែត្រ។
ខាងក្នុងរបស់ Toyota Highlander បំពាក់កៅអី ៣ជួរស្មើរនឹង ៧កៅអី ទូលាយគួរសមអាចជិះបានគ្នា ៧ ទៅ ៨នាក់ ព្រោះផ្ទៃទទឹងដល់ទៅ ១៨២៦ម.ម តែសម្រាប់កៅអីជួរទី៣ ហាក់តូចចង្អៀតបន្ដិច និងមិនមានរន្ធម៉ាស៊ីនត្រជាក់ក្រោយឡើយ។
២/ Toyota Sienna ឆ្នាំ២០០៤ ដល់ ២០០៥
សម្រាប់ Sienna ក្នុងបរិបទស្រុកខ្មែរអាចនិយាយថាជាឡាន Minivan ចាស់វស្សារមួយម៉ូឌែលដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេងតាំងពីឆ្នាំ ២០០០ មកម្ល៉េះ ហើយបច្ចុប្បន្នក៏នៅឃើញចររាចរណ៍មិនចាញ់ឡានស៊េរីក្រោយៗឡើយ។
សម្រាប់ឆ្នាំ២០០៤ នេះរូបរាងស្អាត ជាងឆ្នាំមុនៗគ្រាន់បើ ផ្នែកប្លុកម៉ាស៊ីនវិញ Toyota Sienna ប្រើទំហំ ៦ស៊ីឡាំង ចំណុះ ៣.៣លីត្រ ផលិតកម្លាំងបាន ២៣០ សេះ កម្លាំងរមួល ២៤២ ផោនហ្វីត ប្រើប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុង១(FWD) និងមានជម្រើសប៉ុង២(AWD)។
ម៉ាស៊ីនធំបែបនេះ ក៏ស៊ីសាំងច្រើនគួរសមដែរចន្លោះពី ១០លីត្រ ទៅ ១៤លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ខាងក្នុងទូលាយដែលមានទទឹងដល់ទៅ ១៩៧០ម.មឯណោះ ហើយក៏ទំនើបប្លែកដែរបំពាក់កៅអីស្បែក ៣ជួរ អាចជិះបាន ៨នាក់ រន្ធម៉ាស៊ីនត្រជាក់ក្រោយ និងទ្វាសងខាងជាមួយគូទក្រោយបិតបើកអូតូ មានអេក្រង់ធំ ហើយក៏បំពាក់ជាមួយ Speaker JBL អ្វីដែលពិសេសគឺ មានកាម៉េរាក្រោយ និងសេនស័រជំនួយពេលចូលចតផងដែរ។
សម្រាប់តម្លៃវិញចន្លោះពី ១៦០០០ដុល្លារជាងឡើងទៅ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែងរបស់ឡាន។
៣/ Toyota Avanza ស៊េរីឆ្នាំ២០១៦ ដល់ ២០១៩
Avanza ជាឡានចំណូលថ្មី និងមានឆ្នាំផលិតខ្ពស់សម្រាប់ពពួកឡាន ៧កៅអីដែលមានតម្លៃធូរជាងគេនៅស្រុកខ្មែរ។ ទោះបីជាមិនសូវចាយរាង ខាងក្នុងចង្អៀតបន្ដិចតែ Avanza នៅតែជាប់ឈ្មោះជាឡានដែលសាមញ្ញ និងធន់សន្សំសំចៃខ្ពស់ សម្រាប់ប្រើជាលក្ខណៈគ្រួសារបានយ៉ាងសមរម្យ។
វាប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ អាចផលិតកម្លាំងបាន ១០៣សេះ កម្លាំងរមួល ១៣៦ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ កម្រិតស៊ីសាំងជាមធ្យម ៦លីត្រ ទៅ ៧លីត្រជាងប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ។
រូបរាងសាមញ្ញ ខាងក្នុងក៏សាមញ្ញដែរ បំពាក់ជាមួយកៅអីធម្មតា ៣ជួរ រាងចង្អៀតបន្ដិច ព្រោះផ្ទៃខាងក្នុងទំហំត្រឹម ១៦៦០ម.មប៉ុណ្ណោះ តែអាចជិះគ្នា ៧នាក់ល្មម និងមានរន្ធម៉ាស៊ីនត្រជាក់ក្រោយសម្រាប់អ្នកដំណើរផងដែរ។
ចំពោះតម្លៃវិញ Avanza ចន្លោះពី ១៤០០០ដុល្លារជាង ទៅ ១៧០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៍ និងភិនភាគជាក់ស្ដែង។
៤/ Toyota Rav4 ស៊េរីឆ្នាំ ២០០៦ ដល់ ២០០៨
Rav4 ក៏មិនខុសពី Highlander ប៉ុន្មានដែរសម្រាប់ឆ្នាំ២០០៦ឡើងទៅ មានជម្រើសម៉ាស៊ីន ៤ស៊ីឡាំង និង ៦ស៊ីឡាំ តែស្រុកខ្មែរសម្បូរពពួកប្រភេទម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ផលិតកម្លាំង ១៦៦សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមួយ (2WD មានជំនួយដោយប្រព័ន្ធ LSD ) និងប៉ុងពីរ (4WD ជំនួយដោយប្រព័ន្ធ Differential Lock )។
កម្រិតស៊ីសាំង ក្នុងក្រុងស៊ី ១០លីត្រ និងក្រៅក្រុង ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ តែបើប៉ុង២ អាចហក់ដល់ ១០លីត្រ ទៅ ១៣លីត្រជាង។
សម្រាប់ Rav4 រាងខ្លីល្មមតែមិនជាចង្អៀតពេកទេ ផ្ទៃទទឹងទំហំ ១៨៨៥ម.ម បូករួមកៅអី ៣ជួរផង អាចជិះបានគ្នា៧នាក់មិនជាបញ្ហាទេ និងអាចសល់ឃ្លុបក្រោយដាក់អីវ៉ានបានគួរសមផងដែរ តែមិនមានរន្ធម៉ាស៊ីនត្រជាក់ក្រោយឡើយ។
ហើយបើនិយាយពីបើជាប្រភេទ Full Limited វិញហាក់ទំនើបលើ Highlander ទៅទៀតមានក្រៅពីកៅអីស្បែក ដំបូលបើក មាន DVD សម្រាប់អ្នកដំណើរ អេក្រង់តាបឡូធំ កញ្ចក់កាត់ចំណាំងផ្លាត ហើយអ្វីដែលពិសេសគឺ មុខងារ Lock ប៉ុងជាដើម។
សម្រាប់តម្លៃចាប់ពី ១៦០០០ដុល្លារ ទៅ ១៨០០០ដុល្លារ អាស្រ័យលើ Option និងភិនភាគជាក់ស្ដែង។
និយាយរួម ទាំង៤ម៉ូឌែលនេះសុទ្ធតែជាឡាន ៧កៅអី ដែលពេញនិយមនៅស្រុកខ្មែរ ដែលបងប្អូនមានថិវិកា ១ម៉ឺនដុល្លារជាងអាចពិចារណាបាន។ ម៉្យាងទាំងនេះគ្រាន់តែជាការរៀបរាបត្រួសៗពីលក្ខណៈទូទៅពីកម្លាំង កម្រិតស៊ីសាំង តម្លៃទីផ្សារ និងភិនភាគខ្លះៗមួយចំនួនប៉ុណ្ណោះ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ ឬចង់ដឹងពីលក្ខណៈលម្អិត ក៏ដូចជាគុណសម្បត្តិ និងគុណវិបត្តិរបស់ម៉ូឌែលណាមួយនោះ អាចចូលទៅមើលអត្ថបទពេញនៅក្នុង Web Site របស់ Advan Auto បន្ថែមបាន។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះឡានទាំង ៤ម៉ូឌែលខាងលើនេះ? សម្រាប់បទពិសោធន៍ និង មតិយោងបល់អាចចែករំលែកបន្ថែមបាន។
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
រថយន្តជប៉ុន ម៉ូដែលថ្មី Isuzu Mu-X 2025 មានតម្លៃត្រឹមតែ $5x,xxx ឡើង???
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
CR-V ជំនាន់ទី1 មើលទៅធម្មតាតែជើងក្រោម នឹងម៉ាស៊ីនហាក់មិនធម្មតាដូចគិតឡើយ សំខាន់កាន់តែ 3ពាន់ទិញជិះបាន
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន