Vios ជាឡាន Sedan បែបស្ព័ររបស់ Toyota ជាមួយរូបរាងស្លីមទាក់ភ្នែក នឹងចាយរាងសម្បើមណាស់សម្រាប់ឡាន Sedan មួយនេះ។
All New Vios 2023 ក្រៅពីរូបរាងថ្មី គ្រោងឆ្អឹងថ្មី Toyota ក៏បានពង្រីកទំហំផងដែរ ជាមួយភិនភាគប្រវែងសរុប ៤ ៤២៥ ម.ម ទទឹង ១ ៧៤០ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងកម្ពស់ពីដីមកបាតឡាន ១៦០ ម.ម។
ស្ថិតក្នុងប្រភេទឡាន Sedan ទ្វា៤ កៅអី២ជួរ អាចជិះបាន ៥នាក់នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរមស។
Vios ជំនាន់ថ្មីនេះហាក់ប្លែក នឹងទំនើបច្រើន ដោយផ្ទៃខាងក្នុងឃើញបំពាក់កៅអីស្បែក ជាមួយតាឡូកណ្ដាលត្រូវបានផ្លាស់ប្ដូរថ្មីទាំងស្រុង អមដោយកុងទ័រឌីជីថលទំហំ ៧អ៉ីញ អេក្រង់ថាច់ទំហំ ៩អ៉ីញភ្ជាប់មុខងារ Apple Carplay និង Andriod Auto មានបំពាក់កាម៉េរាក្រោយជំនួយដោយសេនស័រចូលចតជាដើម។
បើនិយាយពីប្រព័ន្ធសុវត្តិភាពជំនួយពេលបើកបរវិញ All New Vios 2023 មួយនេះទទួលបានកញ្ចប់ Toyota Safety Sense មួយឈុតធំផងដែរ។
ផ្នែកប្លុកម៉ាស៊ីនវិញ ឃើញប្រើម៉ាស៊ីន ៤ស៊ីឡាំង ១.៣លីត្រ ផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT រត់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងខ្ទង់ ៦លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះតម្លៃវិញកាលចេញថ្មីខ្លាញ់គោ ៣៣,៩០០ដុល្លារ ខណៈបច្ចុប្បន្ននេះឃើញពពួកមួយទឹកស្លាកលេខដាក់លក់នៅលើទីផ្សារតម្លៃធូរគួរសមខ្ទង់ ២៥,០០០ដុល្លារ ទៅ ២៦,០០០ដុល្លារ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
និយាយរួមតម្លៃខ្ទង់ ២៥,០០០ដុល្លារ សម្រាប់បងប្អូនដែលស្រឡាញ់ឡានប្រភេទ Sedan រាងបែបស្ព័រ ធន់ស្រួលប្រើសន្សំសំចៃខ្ពស់ នឹងមិនងាយខូចផ្ដាស់ តម្លៃខ្ទង់ ២៥,០០០ដុល្លារជាងល្មមដែរហើយ ខណៈភិនភាគឡានមិនទាន់បាត់ខ្លិនខ្លាញ់គោនៅឡើយទេ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Vios 2023 មួយនេះ? បងប្អូនដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់ ក៏ដូចជាមតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ