បច្ចុប្បន្នឡានមួយទឹកដែលតម្លៃត្រឹម២ម៉ឺនចុះក្រោម នៅតែពេញនិយម និងលក់ដាច់ជាងឡានមួយទឹកដែលមានតម្លៃស្មើរនឹងឡានថ្មី។ ក្នុងនោះក៏មានរថយន្ត ២ម៉ូឌែលកំពុងប្រទាញប្រទង់អ្នកប្រើប្រាស់ ឲ្យធ្វើការសម្រេចចិត្តគឺ Toyota Prius ឆ្នាំ២០០៦ ដល់២០០៩ ដែលជាខ្លាចាស់ឈានមុខ និងសិស្សប្អូនស៊េរីថ្មីកំពុងតែលូតលាស់នៅតាមដងវិថី Kia Morning ឬ Picanto ឆ្នាំ២០១២ ដល់២០១៦។
ទោះបីជាអាយុកាល រូបរាង កម្លាំងម៉ាស៊ីនមួយសាំងសុទ្ធ មួយប្រើ Hybrid ខុសគ្នាបន្ដិចមែន តែសុទ្ធជាឡានមួយទឹកដែលពេញនិយម សន្សំសំចៃស៊ីសាំងតិច ជាមួយតម្លៃប្រហាក់ប្រហែលគ្នាខ្ទង់១ម៉ឺនដុល្លារ អាចល្មមពិចារណាលេងៗបាន។
១/ Toyota Prius
ព្រូសដំណើរការដោយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១.៥លីត្រ ជំនួយដោយម៉ូទ័រ ១គ្រាប់ សរុបកម្លាំងទាំងម៉ាស៊ីននិងម៉ូទ័រ ផលិតបាន ១១០ សេះ កម្លាំងរមួល ៨២ផោនហ្វីត រត់ដោយប្រអប់លេខ CVT បង្វិកលក់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤.៤លីត្រ ទៅ ៥.៥លីត្រក្នុង១០០គីឡូម៉េត្រ។
គួបផ្សំជាមួយយាន់កង់ ១៥អ៊ីញ បំពាក់ហ្វ្រាំឌីសគៀបនៅខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយ ABS អាចរត់លឿនបំផុតបាន ១៧០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រប្រើពេល ១០.៤វិនាទី។
វាមានប្រវែង ៤,៤ម ទទឹង ១,៧ម កម្ពស់ ១,៥ម កម្ពស់ពីដីមកបាត ១៦៥ ម.ម ទម្ងន់ឡាន ១តោនជាង អាចផ្ទុកទម្ងន់សរុបបាន ៥០០ គីឡូក្រាម។
ផ្ទៃខាងក្នុងរបស់ Prius វាជាប្រភេទឡាន Hatchback គូទហើម ទ្វា៥ កាអី២ជួរ តូចមែន តែរាងទូលាយគួរសម។ ម្យ៉ាងទៀតក៏ទំនើបគ្រាន់ដែរបើជា Full Option វិញ បំពាក់ចង្កៀង HID, ពិលកាង, កៅអីស្បែក, ពោងសុវត្ថិភាពចំនួន ៨, Speaker JBL ចំនួន៩គ្រាប់, មានប៉ូតុងចង្កូត Bluetooth ផងដែរ។
ក្រៅពីនឹងក៏មានបំពាក់ Smart Key ៣គ្រាប់, អេក្រង់តាប់ឡូទំហំ ៨អ៉ីង សម្រាប់មើលមានផែនទី កាមេរាក្រោយ, កញ្ចក់មើលក្រោយ មានត្រីវិស័យ, និងកន្លែងមួយចំនួនស្រោបដោយស្បែក និងហ្វមីការជាដើម។
ចំពោះតម្លៃវិញចន្លោះពី ១០,០០០ដុល្លារ ទៅ ១៥,០០០ដុល្លារ អាស្រ័យលើ Option ស្លាកលេខ ក្រដាសពន្ធ និងភិនភាគជាក់ស្ដែង។
២/ Kia Morning & Picanto
សម្រាប់ឡានកូរ៉េ ហាក់ទទួលបានការពេញនិយមខ្លាំងគួរសមក្នុងរយៈពេលចុងក្រោយនេះ Picanto ជាប្រភេទឡានមួយទឹកឆ្នាំខ្ពស់តែតម្លៃធូរល្មមអាចប្រើបាន។
មាឌតូចល្មម ប្រើម៉ាស៊ីនក៏មិនធំប៉ុន្មានដែរ ទំហំ ៣ស៊ីឡាំង ចំណុះ១.០ ផលិតកម្លាំង៦៧សេះ កម្លាំងរមួល ៧០ផោនហ្វីត រត់ដោយប្រអប់លេខ៤វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ (FWD) ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅក្បែរ ៧លីត្រក្នុង១០០គីឡូម៉ែត្រ។ គួបផ្សំយ៉ាន់កង់ទំហំ ១៤អ៊ីញ បំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS និងអាចរត់លឿនបំផុតបាន ១៦០គីឡូម៉ែត្រ/ម៉ោង ជាក់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១៤វិនាទី។
វាមានប្រវែង ៣,៦ម ទទឹង ១,៦ម កម្ពស់ ១,៥ម ពីដីមកបាត ១៤៣ម.ម ទម្ងន់ ៩០០គីឡូក្រាម អាចផ្ទុកទម្ងន់សរុបបានជិត ៥០០គីឡូក្រាម។
ខាងក្នុងរាងចង្អៀតបន្ដិច នៅផ្នែកជួរក្រោយ និងសល់ឃ្លុបខ្មីល្មមអាចដាក់អីវ៉ានបានគួរសម បើជាប្រភេទ Full Option វិញរាងប្លែកគ្រាន់បើ។
បំពាក់កៅអីស្បែក ភ្ជាប់មកជាមួយអេក្រង់ LCD ៨អីញ សម្រាប់មើលផែនទី កាម៉េរាក្រោយ, កុងទ័រឌីជីថល ពោងសុវត្ថិភាព ៧គ្រាប់, ដំបូលបើក, ប្រើប៉ូតុង Power Start/Stop, មាន Sensor ៤គ្រាប់ ជំនួយពេលចូលចត បំពាក់ចង្កៀងគុជ LED អមដោយភ្លើង Daytime ជាមួយពិលកាងជាដើម។
សម្រាប់តម្លៃវិញចន្លោះពី ៨,០០០ដុល្លារជាង ទៅ ១៤០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខ និងក្រដាសពន្ធ។
សរុបមកទាំងពីរម៉ូឌែលនេះ មានចំណុចពិសេសរៀងៗខ្លួន សម្រាប់បងប្អូនដែលត្រូវការភាពទូលាយ កម្លាំងម៉ាស៊ីនខ្លាំងល្មម និងស៊ីសាំងតិច អាចពិចារណាមើលអាព្រូសបាន។ តែជំងឺដែលអាព្រូសឧស្សាហ៍ឈឺនោះគឺ អាគុយ Hybrid ទុយោទឹកក្បាល ២ និងក្បាល៣ ហើយ ABS ក៏អាចដែរបើដល់អាយុកាល ពពួកព្រូសនេះ វាទាមទាការថែទាំខ្ពស់ តែបើប៉ះឡានល្អក៏ធន់ប្រើស្រួលមិនងាយធ្វើទុកដែរ។
ចំពោះ Kia Picanto ទោះបីមិនសូវទូលាយ ខាងក្នុងចង្អៀតបន្ដិច ម៉ាស៊ីនរាងមិនសូវស្ទុះល្អមែន តែធន់ស្រួលប្រើ ពិសេសសម្រាប់បងប្អូនស្រីៗ និងមនុស្សចាស់ ដែលគាត់មិនសូវយល់ដឹងពីរបៀបថែទាំច្រើន អាចប្រើដោយមិនសូវជាហានិភ័យ រឿងខូចប្រព័ន្ធភ្លើងអាគុយបូមទឹក និង ABS ដូចអាព្រូសឡើយ។ ឲ្យតែឡាននៅស្អាត សាច់ដែក ម៉ាស៊ីនប្រអប់លេខអេម ចាក់តែសាំង មើលប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង និងទឹកស្អំឲ្យបានទៀងទាត់ ប្រើមិនសូវឈឺក្បាលឡើយ គ្រាន់តែស៊ីសាំងជាងពពួកព្រូសបន្ដិច តែយ៉ាងណាក៏ស្ថិនក្នុងលំដាប់ឡានដែលសន្សំសំចៃដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ ឡានទាំងពីរម៉ូឌែលខាងលើនេះ? គិតថាមួយណាអេមជាង? បងប្អូនដែលមានបទពិសោធន៍ធ្លាប់ប្រើ អាចចែករំលែកព័ត៌មានបន្ថែមបាន៕អរគុណ!
ដោយ៖ Bunsak
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ