ចេញពីត្រកូល Toyota ដូចគ្នាតែ Camry ឆ្លាម នឹង Corolla នេះហាក់ដូចជាប្រជែងគ្នាសម្បើមណាស់ រូបរាងក៏ស្រដៀងគ្នាទៀត។ តែតម្លៃ និងកម្លាំង អាចខុសគ្នាតិចតួចដែរ តែយ៉ាងណាមិញវានៅតែមានសន្ទុះនៃការគាំទ្រ ក្នុងការប្រើប្រាស់មិនចាញ់គ្នាប៉ុន្មានឡើយ។ ជាក់ស្ដែងនៅស្រុកខ្មែរយើងវានៅតែគ្រងតំណែងជាឡានចាស់ឆ្នាំដែលធន់ និងប្រើបានយូរ ក្នុងតម្លៃខ្ទង់៥០០០ដុល្លារជាង។
ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក និងធ្វើការប្រៀបធៀបរវាងជើងចាស់ទាំងពីរនេះចង់ដឹងថាបច្ចុប្បន្នស្ថិតក្នុងតម្លៃប៉ុន្មាន កម្លាំង គុណភាព និងកម្រិតស៊ីសាំងមានប្រែប្រួលឬអត់ កុំឲ្យខាតពេលយូរមកតាមដានជាមួយ Admin ទាំងអស់គ្នា។
១. Camry 1997 ដល់ 2001
Camry ជំនាន់ទី ៤ ដែលផលិតចាប់ពីឆ្នាំ ១៩៩៧-២០០១ នេះ មានបីប្រភេទរួមមាន CE, LE, XLE និងជម្រើសមាសុីន ៤ ស៊ីឡាំង និង ៦ ស៊ីឡាំង ។ រាងស្អាត ម៉ាសុីនអេមជើងក្រោយរត់ស្រួល ខណៈដែលស្រុកខ្មែរភាគច្រើនប្រើតែប្រភេទ LE, XLE មាសុីន ៤ ស៊ីឡាំង ២.២លីត្រប៉ុណ្ណោះ។
បំពាក់ម៉ាស៊ីន ៤សុីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំង ១៣៦ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ(FWD) អាចបើកលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤ វិនាទី។ មានវ័យ២០ឆ្នាំជាងហើយ កម្រិតស៊ីសាំងជាក់ស្ដែង ជាមធ្យមចន្លោះពី ៩ ទៅ ១១លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច ទៅតាមគុណភាពម៉ាស៊ីន និងការបើកបរជាក់ស្ដែង។
ជើងក្រោមភ្ជាប់មកជាមួយយ៉ាន់កង់ ១៥អីញ ហ្វ្រាំងគៀបខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រឡោក ជំនួយដោយប្រព័ន្ធ ABS (ខ្លះមិនមាន) ប្រើប៉ូមនិងរ៉ឺស័រមុខធម្មតា (MacPherson Coil Spring) នៅផ្នែកខាងមុខ និងជើងក្រោមខាងក្រោយ ឯករាជប្រភេទ Multi-Link (មានដៃចាប់ ២-៣ ភ្ជាប់ពីសាក់ស៊ីទៅកង់ឡាន) ធ្វើអោយការបើកបរស្រួលមិនឃ្លោង ជាពិសេសកាត់បន្ថយការរលាក់បានច្រើន ។
វាជាប្រភេទឡាន Sedan ទ្វា ៤ មានកៅអី ២ជួរ ជិះបានគ្នា ៥នាក់នឹងឃ្លុបក្រោយដាច់ដោយឡែកសម្រាប់ដាក់ឥវ៉ាន់បានគួរសម ។
បើជាប្រភេទ XLE វិញរាងពិសេសជាង LE ដោយបំពាក់ កៅអីស្បែក ពោងសុវត្ថិភាព ៦គ្រាប់ ហ្វ្រាំងគៀបមុខក្រោយ ដំបូលបើក Speaker JBL ។ ចង់បញ្ជាក់មួយទៀត ឆ្នាំ៩៧ មែនពិត តែមានកៅអីចុច អត់ចាញ់ឡានសេរ៊ី ២០២២ ប៉ុន្មានទេ។ហាងឆេងស្លាកលេខស្រុកខ្មែរចន្លោះពី ៥០០០ ជាងទៅ ៦០០០ ដុល្លាជាង តាមភិនភិគជាក់ស្ដែង ។
ចំពោះការជួសជុលវិញ ចំណាយមិនច្រើនទេខ្ទង់ ៣០ ទៅ ១០០ ដុល្លារជាងឬអាចច្រើនជាងនេះប្រសិនបើទុកឲ្យវាឈឺធ្ងន់។ គ្រឿងបន្លាស់ក៏មិនខ្វះដែរ មិនថាជជុះ កាប់សាច់ក្បាលឡាន មួយទឹកគុណភាព ឬគ្រឿងថ្មីក៏អត់ខ្វះដែរ ទោះជាងនៅតាមចុងកាត់មាត់ញក់ណាក៏ចេះជួសជុល ហើយធូរថ្លៃទៀតផង ។
២.Corolla ឆ្នាំ២០០១ ដល់ ២០០២
ចំពោះ Corolla វិញសូមលើកយកតែស៊េរីឆ្នាំ២០០១ ដល់២០០២ តែប៉ុណ្ណោះ ព្រោះវាជាឆ្នាំដែល Toyota បានធ្វើកំណែទម្រង់ចុងក្រោយក្នុងជំនាន់ទី៨ ម្យ៉ាងទៀតវាក៏ស័ក្កិសមសម្រាប់យកមកតតាំងជាមួយ Camry ហើមដែរ។
Toyota បំពាក់ម៉ាស៊ីនឲ្យ Corolla ទំហំ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំង ១២៥ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) មានសមត្ថភាពរត់លឿនបំផុត ១៨៤ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រប្រើពេល ១១.៤ វិនាទី។
អាយុប្រហែលនិង Camry ឆ្លាមដែរ កម្រិតស៊ីសាំងខ្ទង់ ៦លីត្រ ទៅ ៨លីត្រក្នុងមួយ ១០០គីឡូម៉ែត្រ អាចលើសខ្វះតិចតួចអាស្រ័យលើការបើកបរជាក់ស្ដែង។
ប្រព័ន្ធជើងក្រោម ដំណើរការដោយប្រើប្រភេទ បូមរឺស័រធម្មតា MacPherson Strut ទាំងមុខក្រោយ ជើងក្រោមបែបនេះ ទន់ងាយស្រួលបើកបរក្នុងក្រុង។ ប៉ុន្ដែរបើជិះគ្នា៤ ទៅ៥នាក់ ឃើញឡានឡើងដាបតែម្ដងពិបាករត់ល្បឿន ផ្លូវឆ្ងាយ ព្រោះទប់លំណឹងមិនសូវបានល្អ។ វាប្រើហ្វ្រាំងប្រភេទឌីសគៀបនៅកង់ខាងមុខ និងក្រោយប្រើហ្វ្រាំងត្រឡោក ជំនួយដោយ ABS។
មិនខុសពី Camry ឆ្លាមប៉ុន្មានទេជាប្រភេទ Sedan ទ្វា៤ កៅអី២ជួរ អាចជិះបានគ្នា៥នាក់ល្មម តែវាមិនជាទូលាយប៉ុន្មានទេ តែអាចប្រើលក្ខណៈគ្រួសារបាន និងសន្សំសំចៃបានច្រើនលើការចំណាយ។ គ្រាន់តែ Corolla មិនមានអ្វីពិសេសប្លែក បំពាក់ឧបករណ៍ខាងក្នុងសាមញ្ញធម្មតា មិនមានកៅអីចុចបំពាក់ស្បែក និង Speaker JBL ដូច Camry ឡើយ។
តែចំណុចពិសេសដែលធ្វើអោយតម្លៃ និងការប្រើប្រាស់របស់ Corolla មានភាពត្រដាមត្រសងជាមួយនិង Camry នោះគឺ ភាពធន់ ចំណាយតិច សន្សំសំចៃបានច្រើនជាង Camry ឆ្លាម។ជាក់ស្ដែងតម្លៃបច្ចុប្បន្នចន្លោះពី ៥០០០ដុល្លារជាង ទៅ ៦០០០ដុល្លារ អាស្រ័យលើប្រភេទ និងភិនភាគជាក់ស្ដែង។ វាក៏សម្បូរគ្រឿងបន្លាស់ណាស់ដែរ ហើយធូរថ្លៃទៀតផង បើមានបញ្ហាជួសជុលខ្ទង់ ២០ដុល្លារ ទៅ ១០០ ដុល្លារជាងប៉ុណ្ណោះ។
ទាំងពីរម៉ូឌែលនេះវាម្យ៉ាងម្នាក់ តែបើសួរថាមួយណាជាន់ស្ទុះរត់ណឹងជិះស្រួល ខាងក្នុងទូលាយវិញ Camry ឆ្លាមស៊ីដាច់ហើយ។ តែបើរឿងសន្សំសំចៃ ធន់ស៊ីសាំងតិច ចំណាយទាប Corolla ធ្វើបានល្អជាង ទោះមិនអេមសល់ Camry ឆ្លាម តែ Corolla នៅតែជាឡាន ធន់ ដែលចាស់ទុំមួយក្នុងត្រកូល Toyota ដែរ។
សរុបមកវានៅតែជាខ្ញីចាស់ដែលពេញនិយមនៅឡើយ សម្រាប់បងប្អូនតាមបណ្ដាខេត្ដ ហើយវានៅតែជាជម្រើសមួយសម្រាប់ បងប្អូនដែលមានកម្រិតថវិកាខ្ទង់ ៥ ទោ៦ពាន់ដុល្លារ។ ប្រើចុះមិនងាយទៅណាទេ ឲ្យតែឡាននៅស្អាត ម៉ាស៊ីនប្រអប់លេខអេម សាច់ដែកអត់ពុកច្រែះ ចង់ជិះពីកំពត់ទៅសៀមរាបមើល ប្រសាទអង្គរវត្ត ក៏អត់បញ្ហាដែរ ឲ្យតែមានលុយចាក់សាំង៕
អត្ថបទ៖ BunSak
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ