កាន់លុយខ្ទង់ ២ពាន់ដុល្លារជាងចង់ទិញឡានចុងឆ្នាំ២០២២នេះ មិនជារឿងស្រួលពេក ក៏មិនពិបាកពេកដែរ។ ទីផ្សាររថយន្តមានតម្លៃទាប ខ្ពស់ អាស្រ័យ លើកម្រិតបរិមាណប្រភេទឡាន គុណភាព និងភិនភាគជាក់ស្ដែង។ បើទោះបីជាតម្លៃធូរ សុទ្ធជាឡានដែលចាស់់ឆ្នាំ មិនពិសេសទំនើបប្លែកដូចឡានដែលមានតម្លៃរាប់ម៉ឺន តែពពួកឡានទាំងនេះនៅតែអាចប្រើការបាន។
សម្រាប់បងប្អូនដែលមានកម្រិតជីវភាព មធ្យម ឬក្រោមមធ្យម ចង់ផ្លាស់ប្ដូរពីការជិះម៉ូតូមកជិះឡានម្ដង ដែលមានតម្លៃខ្ទង់២ពាន់ដុល្លារជាង Advan Auto សូមធ្វើការលើកយកនៅឡាន ៣ម៉ូឌែលជូនបងប្អូនពិចារណាមើលលេងៗបាន។
១/ Toyota Corolla ឆ្នាំ៩៣ ដល់៩៥
Corolla មួយប្រភេទនេះ ទោះបីជាចាស់ឆ្នាំហើយក្ដីក៏នៅតែសម្បូរអ្នកជិះ ខណៈដែលស្រួលលក់ចេញទិញចូលណាស់។ នៅស្រុកយើងយល់ថា អោយតែជាប្រភេទ Corolla តែងតែប្រើធន់ និងសម្បូរគ្រឿងបន្លាស់ ងាយស្រួលជួសជុល។
វាមានម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ ១.៦លីត្រ ផលិតកម្លាំង១០៦សេះ ប្រើប្រអប់លេខ ៤វគ្គអូតូ រត់ដោយប៉ុងមុខ (FWD) ល្បឿនអតិបរិមា ១៦០គីឡូម៉ែត្រ/ម៉ោង។
ឡានចាស់ឆ្នាំបែបនេះ ចំពោះកម្រិតសុីសាំងជាមធ្យម ៧លីត្រ ទៅ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ។
តម្លៃចន្លោះពី ២០០០ដុល្លារជាង ទៅជិត៣០០០ដុល្លារ អាស្រ័យលើភិនភាគជាក់ស្ដែង ចំពោះចំណាយលើការថែទាំជាមធ្យមខ្ទង់ ១៥ដុល្លារ ទៅជិត១០០ដុល្លារ។
២/ Kia Visto ឆ្នាំ៩៩ ដល់០២
Visto វាជាប្រភេទ Hatchback ដែលមានទ្វា ៥ កៅអី ២ជួរ អាចជិះបានគ្នា៥ នាក់និងឃ្លុបក្រោយតិចតួច សម្រាប់ដាក់ឥវ៉ាន់។ តូចមែនតែអាចរត់បានគួរសម មានម៉ាសុីនត្រជាក់ ឧបរកណ៍ចាក់តន្ត្រី គ្រាន់កំដរអារម្មណ៍លោកអ្នក ពីភ្នំពេញទៅសៀមរាបអីបាន ។
វាមានម៉ាស៊ីនតូចមួយ ៤ស៊ីឡាំង ចំណុះ០.៨លីត្រ ផលិតកម្លាំងបាន ៥៤សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) រត់លឿនបំផុតបាន១៤៥គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំង ជាមធ្យម ៦លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះ តាមស្ថានភាពផ្លូវ និងការបើកបរជាក់ស្ដែង។
តម្លៃអាចទិញបានក្នុងចន្លោះ ២០០០ដុល្លារ ទៅជិត២៥០០ដុល្លារ Visto មិនសូវជាចំណាយច្រើនឡើយលើការថែទាំទេជាមធ្យមខ្ទង់ ១០ដុល្លារជាង ទៅ៧០ដុល្លារប៉ុណ្ណោះ ។
៣/ Daewoo Matiz ឆ្នាំ៩៨ ដល់០២
Matiz ជាកូនឡានដែលនិយមមិនចាញ់ Visto ប៉ុន្មានទេ ព្រោះតែកម្លាំងម៉ាស៊ីនតូច ខ្លួនខ្លី នឹងទាបល្មម ងាយស្រួលចូលចត និងបត់បែនបានល្អ។ចំពោះខាងក្នុង ស្រដៀងទៅនឹង Kia Visto ដែរ ទាំងប្រវែងទំហំគឺប៉ុនគ្នា មានកៅអី២ជួរ និងបានបំពាក់ឧបរកណ៌សាមញ្ញៗសក្កិសមធម្មតាសមនឹងតម្លៃខ្លួន។
Matiz បានប្រើជាមួយនឹងម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ ០.៨លីត្រ ផលិតកម្លាំងបាន ៥១សេះ កម្លាំងរមួល ៥១ផោនហ្វីត ប្រើប្រអប់លេខ ៣វគ្គអូតូ នឹង៥វគ្គលេខដៃ រត់ដោយប៉ុងមុខ (FWD) នឹងអាចជាន់ក្នុងល្បឿនជាអតិបរិមា ១៤៥គីឡូម៉ែត្រ/ម៉ោង។ ចំពោះកម្រិតស៊ីសាំងវិញ Matiz ជាមធ្យមត្រឹម ៥លីត្រ ទៅ ៧លីត្រប៉ុណ្ណោះ។
តម្លៃទីផ្សារឃើញដាក់លក់ចន្លោះពី ២០០០ដុល្លារ ទៅ ២៥០០ដុល្លារ អាស្រ័យលើភិនភាគជាក់ស្ដែង និងចំណាលើការថែទាំចជាមធ្យមន្លោះពី ១៥ដុល្លារជាង ទៅ ១០០ដុល្លារជាង។
ក្រៅពីឡាន ៣ម៉ូឌែលខាងលើនឹង ក៏នៅមានឡានមួយចំនួនទៀតដែរដូចជា Camry និង Nissan March ជាដើម ប៉ុន្ដែដោយពពួក Camry និង Nissan តម្លៃខ្ទង់ប៉ុណ្ណឹងភាគច្រើនអាចជាឡានស្ទើ ណាមួយក៏ស៊ីសាំងច្រើន និងឧស្សាហ៍ធ្វើទុក មិនដូចឡាន៣ម៉ូឌែលនេះឡើយ។ វាចាស់ឆ្នាំមែន តែកម្រិតស៊ីសាំងមិនច្រើនណាស់ណាទេល្មមអាចទទួលយកបាន ណាមួយឡានទាំង៣នេះ ក៏ពេញនិយមណាស់ដែរ។ វាសន្សំសំចៃគួរសម ហើយក៏ធន់គ្រាន់បើដែរ តម្លៃចំណាយការជួសជុលក៏ធូរទៀត ដោយមិនរាប់បញ្ចូលពីរការរើសម៉ាស៊ីនឡើយ។
សរុបមក វាសមស្របសម្រាប់បងប្អូនដែលមានថវិកាខ្ទង់ ២ពាន់ដុល្លារជាងមិនចង់ជិះម៉ូតូ អាចពិចារណាបាន ណាមួយវាក៏ងាយស្រួលក្នុងការធ្វើដំណើរមាន ម៉ាស៊ីនត្រជាក់ ឧបករណ៍ចាក់តន្ត្រី មិនត្រូវខ្យល់ បាំងថ្ងៃបាំងភ្លៀង សុវត្ថិភាព និងជិះបានដល់ទៅ ៥នាក់ឯណោះ ល្មមអាចកំដរគ្រួសាររបស់បងប្អូនដើរលេងឆ្លងឆ្នាំបាន៕
ដោយ៖ BunSak
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ