និយាយចំពោះ Toyota ពីរម៉ូឌែលនេះសុទ្ធតែជាឡានដែលពេញនិយម នឹងសម្បូរប្រើច្រើននៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារបច្ចុប្បន្នហាក់មិនលើសខ្វះគ្នាច្រើនឡើយ។
តាមពិតឡាន ២ម៉ូឌេលនេះមិនអាចត្រៀមធៀបគ្នាបានឡើយ ពីព្រោះតែភិនភាគលក្ខណៈ ខុសគ្នាទាំងស្រុងតែម្ដង ដូចជា Prius ជាប្រភេទ Hatchback ទ្វា៥ ប្រើម៉ាស៊ីន ១.៥ បំពាក់ប្រព័ន្ធ Hybrid ខណៈ Camry បាឡែន ជាប្រភេទ Sedan ទ្វា៤ ប្រើម៉ាស៊ីនសាំងសុទ្ធ ២.៤លីត្រ។ ដូចនេះហើយ ទាំងរូបរាងទំហំ កម្លាំងម៉ាស៊ីន Performance ក្នុងការបើកបរ នឹងប្រព័ន្ធគ្រឿងក្រោម គឺខុសគ្នាឆ្ងាយណាស់។
ប៉ុន្ដែសម្រាប់បរិបទស្រុកខ្មែរយើង មានហេតុផល ២យ៉ាង ដែលយើងអាចយកឡាន ២គ្រឿងនេះមកប្រៀបធៀបគ្នាបាន ដើម្បីវែកញែក រកឲ្យចំចំណុចនៃតម្រូវការប្រើប្រាស់របស់ខ្លួនបាន។
ទី១/ រថយន្ដ ២ម៉ូឌែលនេះ ជាត្រកូល Toyota ដូចគ្នា ឆ្នាំផលិតប្រហាក់ប្រហែលគ្នា ការពេញនិយម នឹងសម្បូរអ្នកប្រើច្រើនដូចគ្នា ចំពោះគ្រឿងបន្លាស់ នឹងតម្លៃក្នុងការជួសជុល គឺតម្លៃធូរប្រហាក់ប្រហែលគ្នា។
ទី២/ Camry បាឡែនឆ្នាំ ០២-០៣ នឹង Prius ០៤-០៥ តម្លៃទីផ្សារគឺថា ខ្ទង់ក្រោម ១ម៉ឺនដុល្លារដូចគ្នា ប៉ុន្ដែឡានខ្លះដែលមានភិនភាគឡានស្អាត ដែលគេហៅថាលំដាប់មេឡាន អាចនៅខ្ទង់ ១ម៉ឺនដុល្លារបន្ដិចអីដែរ។
១/ ផ្នែកទំហំ
Camry បាឡែន មានប្រវែងបណ្ដោយ ៤៨១៥ ម.ម ទទឹង ១៧៩៤ម.ម កម្ពស់ ១៥០០ម.ម ពីដីមកបាត ១៣៧ ម.ម ជាមួយទម្ងន់ ១៤៦៥ គីឡូក្រាម និងអាចដឹកបានប្រមាណជាង ៥០០គីឡូក្រាមបន្ថែមទៀត។
Prius មានប្រវែង ៤៤៥០ ម.ម ទទឹង ១៧២០ ម.ម កម្ពស់ ១៤៩១ ម.ម កម្ពស់ពីដីមកបាតឡាន ១២៤ ម.ម ទម្ងន់ ១៣១៧គីឡូក្រាម អាចផ្ទុកទម្ងន់បាន ៥០០ គីឡូក្រាម។
២/ ផ្ទៃខាងក្នុង
Toyota Prius បើជាប្រភេទ Full Option ឃើញបំពាក់កៅអីកាំម្ងៃធម្មតា ២ជួរ ប្រើប្រព័ន្ធ Smart Key ៣គ្រាប់ Speaker JBL មានអេក្រង់ថាច់ ៨អ៊ីញ ដែលអាចមើលព័ត៌មាន និងបញ្ជាមុខងារផ្សេងៗមូយចំនួនជាដើម ។
Toyota Camry បាឡែន បើជា XLE រាងទំនើបនឹងពិសេសជាង LE ដោយភ្ជាប់មកជាមួយ Speaker JBL រន្ធម៉ាស៊ីនត្រជាក់មុខក្រោយ បំពាក់កៅអីស្បែកពីរជួរ ជំនួយដោយអេឡិចត្រនិចជួរមុខ ដំបូលបើក បំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយ ចង្កូតនិងចង្កឹះលេខស្រោបដោយស្បែក ។
៣/ ជើងក្រោម
Camry ប្រើយ៉ាន់កង់ ១៦អ៊ីញ មានហ្វ្រាំងគៀបឌីសមុខក្រោយ ជំនួយដោយ ABS បំពាក់ប៉ូម និងរឺស័រធម្មតានៅផ្នែកកង់ខាងមុខ (Macpherson Strut) និងផ្នែកខាងក្រោយប្រើប្រព័ន្ធជើងក្រោមឯករាជ ជាមួយ Multi-Link Suspension។
Prius ប្រើយាន់ ១៥អ៉ីង បំពាក់ដោយហ្រ្វាំងឌីសនៅខាងមុខ និងហ្រ្វាំងត្រលោគ នៅខាងក្រោយ និងជំនួយដោយប្រព័ន្ធ ABS ។ ចំពោះជើងក្រោម ផ្នែកខាងមុខប្រើប្រព័ន្ធ ឯករាជ Independent Suspension ជំនួយបន្ថែមដោយប៉ូមរឺស័រ Macpherson Strut ចំណែកខាងក្រោមប្រជា Torsion Beam ។
៤/ ប្លុកម៉ាស៊ីន
Toyota Prius បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ១.៥ លីត្រ ជំនួយដោយម៉ូទ័រ ១គ្រាប់ សរុបកម្លាំងទាំងម៉ាស៊ីននិងម៉ូទ័រ ផលិតបាន ១១០ សេះ កម្លាំងរមួល ៨២ផោនហ្វីត ប្រើប្រអប់លេខ CVT ចង្វិលកង់ដោយប៉ុងមុខ FWD ដែលអាចជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើរយៈពេល ១០.៤ វិនាទី ជាមួយនឹងល្បឿនលឿនបំផុតអាចជាន់បានខ្ទង់ ១៦០ គីឡូម៉ែត្រ/ម៉ោង។ ចំពោះកម្រិតស៊ីសាំងវិញជាមធ្យម ៥លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
Toyota Camry បាឡែនបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប៉ុងមុខ FWD ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ៩.៤ វិនាទី អាចរត់ក្នុងល្បឿនអតិបរិមា ១៩០ គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងជាមធ្យម ១០លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សរុបមក ៤ចំណុចធំៗនៃលក្ខណៈទូទៅរបស់ឡាន ២ម៉ូឌែលនេះ អាចថាជារបៀបវារៈសំខាន់ក្នុងការស្វែងរកតម្រូវការរថយន្ដ យកទៅប្រើបាន ប្រសិនជាបងប្អូនកំពុងតែចាប់អារម្មណ៌នៅ Toyota Prius នឹង Camry បាឡែន ហើយមិនទាន់ដឹងថាសម្រេចចិត្តយកមួយណានោះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ លក្ខណៈទាំង ៤ចំណុចរបស់ឡាន ២ម៉ូឌែលនេះ? រវាង Prius នឹង Camry បងប្អូនគិតថាមួយណាដែលស័ក្ដិសមតម្រូវការប្រើប្រាស់របស់បងប្អូនជាងគេ? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ