សាំងឡើងថ្លៃវាជាប្រភពនៃក្ដីកង្វល់ ពិសេសចំពោះបងប្អូនដែលប្រើប្រាស់រថយន្ដ សម្រាប់ការធ្វើដំណើរជាប្រចាំថ្ងៃ។ ចំពោះបងប្អូនដែលមានថវិកាចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅជិត ៣ម៉ឺនដុល្លារ គោលបំណងចង់ទិញរថយន្ដយកទៅប្រើប្រាស់ ជាលក្ខណៈគ្រួសារ សុីសាំងតិចសន្សំសំចៃ ស្រលាញ់ឡានប្រភេទ Sedan ក្នុងបរិបថបច្ចុប្បន្ននេះ។
កម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto នឹងលើកយករថយន្ដកូនកាត់ Hybrid ៣ម៉ូឌែល មកត្រួសត្រាយពីលក្ខណៈ ទូទៅមួយចំនួនជូនបងប្អូនពិចារណាលេងៗបាន។
១. Toyota Prius 2010
ប្រើម៉ាស៊ីនតូចល្មម ៤ ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងបាន ៩៨ សេះ បន្ថែមជាមួយនិងម៉ូទរ័ Hybrid មួយគ្រាប់ ធ្វើការរួមគ្នាបង្កើនកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, និង Power Mode រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ប្រភេទ CVT និងបង្វិលកង់ដោយ ប៉ុងមុខ (FWD)។
យ៉ាន់កង់ ១៦ អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួន ធ្វើអោយការ ចាប់ហ្វ្រាំង ពេលរត់ល្បឿន ចុះចំណោទ ដំណើរការបានល្អ និងសុវត្ថិភាពខ្ពស់។ ល្បឿនលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេល ៩.៨ វិនាទី។
Prius ២០១០ ស៊ីសាំងចន្លោះពី ៥លីត្រ ទៅ ៦លីត្រ ក្នង១០០គីឡូម៉ែត្រ ជាពិសេសសម្រាប់ក្នុងក្រុងស៊ីកាន់តែតិច តែសម្រាប់ផ្លូវលាត បែរជាស៊ីច្រើនវិញ ដោយសារវារត់ដោយប្រើកម្លាំងម៉ាស៊ីនច្រើនដូចឡានសាំងសុទ្ធដែរ ។
ជើងក្រោមអាព្រូស ខាងមុខបំពាក់ជាមួយនឹង ប៉ូមរឺស៊រ MacPherson Strut ភ្ជាប់ដោយ Independent Suspension ចំណែកខាងក្រោយប្រើប្រភេទ Torsion Beam Suspension ដែលទប់លំនឹងគ្រាន់បើជាងជើងក្រោមអាព្រូសជំនាន់មុន តែវាជិះស្រួលសម្រាប់តែផ្លូវក្នុងក្រុងប៉ុណ្ណោះ ។
ខាងក្នុងតូចមែនតែទូលាយគួរសម តាបឡូ កៅអី ជញ្ជាំងទ្ វាស្អាតខុសពីជំនាន់ទីមួយ បើជាប្រភេទ Option 5 Advance Technology Packed វិញ វាមាន គុជ ៤ គ្រាប់ យ៉ាន់កង់ ១៧អីញ, កៅអីកំម្តៅ ពូកស្បែកជំនួយដោយអេឡិចត្រូនិច, អេក្រង់ LCD ធំ, សម្រាប់បង្ហាញព័ត៍មាន ផែនទី និងមើលកាមេរាក្រោយ ។ Speaker JBL តែងតែភ្ជាប់មកជាមួយ Prius ជាប្រពៃណីមកស្រាប់សម្រាប់ Option ខ្ពស់ ក្នុងនោះវាក៏មានពោងសុវត្តិភាព៨ គ្រាប់, ម៉ាស៊ីនត្រជាក់ប្រភេទ Plasmaclaster ។
Prius ជំនាន់ទី ៣ នេះ ជំនួយដោយបច្ចេកវិទ្យា Lane Keeping Assist, ប្រព័ន្ធបើកបរត្រូវកន្លងផ្លូវ Pre-collision System,ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គ, Dynamic Radar Cruise control ចាប់ល្បឿនឡានខាងមុខ, Intelligent Parking Assist ចូលចតដោយស្វ័យប្រវត្តិជាដើម។
តម្លៃចំពោះស្លាកលេខ និងក្រដាសពន្ធខ្ទង់ ១៨០០០ដុល្លារ ទៅ ២៥០០០ដុល្លារជាង។
២. Lexus CT200h ឆ្នាំ២០១១
ជាក់ស្ដែង Ct200h ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងសរុប បូកទាំងមូទ័រអគ្គិសនីមួយគ្រាប់ បាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីតដូចទៅនឹងអាព្រូស 010 ដែរ។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, Normal, និង Sport Mode រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។
បំពាក់យ៉ាន់កង់ ទំហំ១៧អីញ ហ្រ្វាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS។ អាចបើកបរល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០គីឡូម៉ែត្រ ប្រើពេល៩.៨វិនាទី។កម្រិតស៊ីសាំងអាចលើសអាព្រូសតិចតួច ចន្លោះពី ៦លីត្រ ទៅ ៧លីត្រក្នុង១០០គីឡូម៉ែត្រ។
ជើងក្រោមរបស់ Lexus ឆ្នាំរាងខ្ពស់បែបនេះអេមបន្ដិចហើយ ដោយផ្នែកខាងមុខបំពាក់ បូមរឺស័រ ប្រភេទ MacPherson Strut និងខាងក្រោយជា ស្លាបប្រជៀវឌុប Double Wishbone ដែលធ្វើអោយការបើកបរ នឹងទប់លំណឹងបានល្អ កាត់បន្ថយរលាក់បានច្រើនគួរសម តែបើជិះគ្នា៥-៦ នាក់ឃើញទ្រោមបន្ដិចហើយ។
ខាងក្នុងមិនជាទូលាយប៉ុន្មានទេ មានកៅអី២ជួរ អាចជិះបានគ្នា៥នាក់នឹងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ាន់បានគួរសម។ មុខស្រួច គូទក្រោយហើមបន្ដិច តែមើលទៅបែប Luxury ដោយកៅអីស្បែក និងផ្នែកខ្លះបំពាក់ជាមូយ ក្រូម៉េ និងស្រោបដោយស្បែក។ កៅអីអ្នកបើកបរ បំពាក់មុខងារ កៅអីចងចាំទីតាំង ៣របៀប អេក្រង់១០អីញ សម្រាប់បង្ហាញព័ត៌មានទូទៅមួយចំនួន ដែលបញ្ជាដោយ Trackpad និងមុខងារផ្សេងៗទៀត បញ្ជាដោយបូតុង។ លើសពីនេះ វាក៏ភ្ជាប់មកជាមួយនៅពោងសុវត្ថិភាព ចំនួន៨ Speaker ៨ គ្រាប់ជាដើម។
សម្រាប់ Option F Sport Luxury Navigation ដែលបន្ថែមជាមួយនឹង កញ្ចក់មើលក្រោយ ពីរសងខាង នឹងខាងក្នុងជាប្រភេទ កាត់ចំណាំងផ្លាត, ដំបូលបើក កៅអីកម្តៅ ជាដើម និងប្រព័ន្ធមួយចំនួនទៀតដូចជា ប្រព័ន្ធបើកបរត្រូវកន្លងផ្លូវ (Lane Keeping Assist), ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គ (Pre-collision System),រ៉ាដាចាប់ល្បឿនឡានខាងមុខ (Dynamic Radar Cruise control), មុខងារជំនួយពេលចូលចត (Parking Assist) ជាដើម។ចំពោះតម្លៃក្នុងស្រុកចន្លោះពី ២០០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារជាង អាស្រ័យលើភិនភាគជាក់ស្ដែង។
៣. Toyota Camry Hybrid
ស៊េរីឆ្នាំ២០០៧ក្រឡេកមកមើលប្រភេទ Camry Hybrid វិញ Toyota បំពាក់ម៉ាស៊ីន ៤សុីឡាំង ចំណុះ ២.៤ លីត្រ ជំនួយដោយម៉ូទ័រ ១ គ្រាប់ សរុបកម្លាំងម៉ាសុីន និងម៉ូទ័រផលិតបាន ១៤៧សេះ ប្រើប្រអប់លេខ CVT អូសទាញដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២០២ km/h អាចជាន់ស្ទុះពី ០-១០០ /km ប្រើរយៈពេល ៩.៦ វិនាទី។
កម្រិតសុីសាំងជាក់ស្ដែង Camry Hybrid សុីខ្ទង់ ៧លីត្រ ទៅ៨លីត្រក្នុង ១០០គីឡូម៉ែត្រ។
ប្រព័ន្ធជើងក្រោម ប្រើប្រាស់បូមនិងរឺស័រធម្មតានៅផ្នែកកង់ខាងមុខ (Macpherson Strut) និងខាងក្រោយបំពាក់ប្រព័ន្ធស្លាបប្រចៀវឌុវ Duobl Wshbone ធ្វើអោយរថយន្តហាប់ណឹងល្អ ទប់លំនឹងបានល្អនៅលើផ្លូវកែងនិងផ្លូវកោង ។ គួបផ្សំជាមួយហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS (Anti-lock Braking System) និងប្រព័ន្ធទប់លំណឹង VSC (Vehicle Stability Control ) ជំនួយក្នុងការបើកបរល្បឿនលឿន ផ្លូវរអិល ឬក៏ផ្លូវបត់បែនច្រើន ការពាររ៉េចង្កូត ។
ខាងក្នុងទូលាយគួរសមដែរ បើជាប្រភេទ Full Option វិញបំពាក់មកជាមួយ ពោងសុវត្តិភាព ៩គ្រាប់, Speaker JBL, ពូកស្បែក អេឡិចត្រនិច ជំនួយដោយ Lumbar Support និងកៅអីកម្តៅ, ដំបូលបើក, ប៉ូតុងបញ្ជាមុខងារមួយចំនួនលើដៃចង្កូត នឹងភ្ជាប់ Bluetooth បាន,គ្រឿងតុបតែង ស្បែកលាយជាមួយ ហ្វមីការឈើនៅផ្នែកខ្លះ, អេក្រង់ LCD ធំសម្រាប់បង្ហាញព័ត៌មាន ដូចជាផែនទី(GPS) និងកាមេរ៉ាក្រោយជាដើម។
តម្លៃខ្ទង់ ១៧០០០ដុល្លារ ទៅ ២៣០០០ដុល្លារ អាស្រ័យលើប្រភេទស្លាកលេខ និងក្រដាសពន្ធជាដើម។
ជារួមមក ទាំងតម្លៃ និងសមត្ថភាព គឺប្រហាក់ប្រហែលគ្នា គ្រាន់តែថាភាពស្អាត ទួលាយ និងល្បឿន បងប្អូនអាចគិតបាន។ ចំពោះ អាព្រូស វាទូលាយ និងសុីសាំងតិច ចំណែក CT200h វាស្អាត និងជិះស្រួល បើនិយាយពី Camry 07 មិនជាទំនើប តែបើនិយាយពីសន្ទុះ និងល្បឿនគឺស័ក្កិសម៕
អត្ថបទ៖ BunSak
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ