ចូលដល់ 2023 មកស្គាល់ Pick Up ឆ្នាំខ្ពស់ពេញនិយមទាំង 4ម៉ូឌែលតម្លៃ2ម៉ឺនស្ដើង

អ្នកទស្សនា
1170
0/ AKlasseAuto Promotion
Untitled-2.jpg

ឡានដឹកប្រភេទ Pick Up នៅស្រុកខ្មែរសម្បូរ និងពេញនិយមមិនចាញ់ឡានផ្សេងៗឡើយ មានច្រើនម៉ូឌែល និងច្រើនជម្រើសផ្សេងគ្នា ចំណែកតម្លៃ កម្លាំង និងសមត្ថភាព អាចមិនលើសខ្វះគ្នាប៉ុន្មានទេ។ ចូលមកដល់ឆ្នាំ២០២៣ហើយ Advan Auto ធ្វើការលើកយកនៅឡាន Pick Up ឆ្នាំខ្ពស់ស៊េរី២០១២ ដល់ ២០១៥ ដែលមានតម្លៃខ្ទង់២ម៉ឺនស្ដើងមកត្រួសៗខ្លះៗដើម្បីជូនបងប្អូនដែលមានបំណងចង់ប្រើប្រាស់អាចមើលលេងៗបាន។

image.png

1. Mazda BT50 ឆ្នាំ២០១២-២០១៥

Pick Up របស់ក្រុមហ៊ុន Mazda គឺមានតែត្រកូល BT50 នេះទេ ហើយស្រុកខ្មែរក៏ចាប់ផ្ដើមពេញនិយមក្នុងអំឡុងស៊េរីឆ្នាំ២០១២ រហូតមកទល់នឹង ២០២៣នេះ។ ចំពោះតម្លៃវិញសម្រាប់ពពួក ០១២ ដល់០១៥ ទីផ្សារបច្ចុប្បន្នចន្លោះពី ២ម៉ឺនស្ដើង ទៅ ២ម៉ឺនក្រាស់ អាស្រ័យលើឆ្នាំផលិត ពណ៌ ជម្រើសម៉ាស៊ីន និងភិនភាគជាក់ស្ដែងជាដើម។

image.png

ចំពោះកម្លាំងម៉ាស៊ីនមានពីរជម្រើសដូចជា៖ ៤ស៊ីឡាំង មុខកាត់ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៥០សេះ កម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងជម្រើសលេខដៃ បង្វិលកង់ដោយប៉ុងមួយ (RWD) ដែលយើងតែហៅថាម៉ាស៊ីនតូច និងមានជាប្រភេទ ទ្វា២ និងទ្វា៤។

កម្រិតស៊ីប្រេងចន្លោះពី ៨លីត្រទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះទៅតាមស្ថានភាពជាក់ស្ដែង។

image.png

ចំពោះម៉ាស៊ីនមួយជម្រើសទៀតគឺ ម៉ាស៊ីន៥ស៊ីឡាំង ចំណុះ៣.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២០០សេះ កម្លាំងរមួល ៤៧០ញ៉ូតុងម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង មួយ និងប៉ុង ពីរ ប្រភេទ (2WD និង 4WD=មានលេខជំនួយ 2H, 4H, 4L) ខ្មែរយើងតែហៅថាប្រភេទម៉ាស៊ីនធំ។

ស៊ីប្រេងខ្ទង់ ១០លីត្រ ទៅ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះទៅតាមការបើកបរជាក់ស្ដែង។

ចំណែកទម្ងន់ឡាន ២០០៣គីឡូក្រាម សមត្ថភាពអូសសណ្ដោងបាន៣តោនជាង ទ្រុងខាងក្រោយប្រវែង ១៥៦០ម.ម និងអាចដឹកបានចន្លោះពី ៨៨៧ - ១១២០គីឡូក្រាម។

2. Isuzu D Max ឆ្នាំ២០១៤

បងប្អូនណាធ្លាប់ទៅស្រុកថៃដឹងហើយ តាមដងផ្លូវស្ទើរតែគ្រប់ផ្ទះឃើញមិនដាច់ភ្នែកសម្បូរណាស់ D Max ជាកំពូល Pick Up របស់ Isuzu ហើយនៅស្រុកខ្មែរក៏ឃើញមានបងប្អូនយើងប្រើច្រើនដែរ ជាមួយតម្លៃខ្ទង់ ២ម៉ឺនដុល្លារជាង ទៅ ២៥០០០ដុល្លារ អាស្រ័យលើភិនភាគជាក់ស្ដែង។

image.png

ចំពោះកម្លាំងម៉ាស៊ីនវិញ ស្រុកខ្មែរប្រើពីរជម្រើសប្រភេទម៉ាស៊ូតដូចជា៖

ម៉ាស៊ីន៤ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៨០ផោនហ្វីត ដែលខ្មែរយើងហៅថាម៉ាស៊ីនធំ។ វាស៊ីប្រេងចន្លោះពី ៩លីត្រ ទៅ១១លីត្រក្នុង១០០គីឡូម៉ែត្រ។

ម៉ាស៊ីន៤ស៊ីឡាំងដូចជាគ្នា តែចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៣៦សេះ កម្លាំងរមួល ២៣៦ផោនហ្វីត ស្រុកយើងហៅថាម៉ាស៊ីនតូច។ វាស៊ីសាំងខ្ទង់ ៧លីត្រ ទៅ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ។

image.png

ម៉ាស៊ីនទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងប្រភេទលេខដៃ បង្វិលកង់ដោយប៉ុងមួយ (4x2) និងប៉ុងពីរ (4x4) ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាពីតាស់។

ជាមួយនឹងទម្ងន់ឡាន ១៩៤៥គីឡូក្រាម អាចដឹងទម្ងន់បាន ១តោនជាង និងមានសមត្ថភាពអូសសណ្ដោងរហូតដល់ទៅ ៣.៥តោនឯណោះ។

3. Chevrolet Colorado ឆ្នាំ២០១២-២០១៥

Colorado គឺជាឡាន Pick Up មួយម៉ូឌែលរបស់ Chevrolet ដែលជាឡានលំដាប់ក្រុមហ៊ុនយក្សរបស់អាមេរិក។ ហើយនៅស្រុកខ្មែរយើងឃើញភាគច្រើនប្រើប្រភេទ Specs ដែលនាំចូលពីខាងប្រទេសថៃ។ 

មកគិតមកដល់ពេលនេះ សម្រាប់សេរីឆ្នាំ២០១២ ដល់២០១៥ តម្លៃស្លាកលេខនៅខ្ពស់គួរសមដែរចន្លោះពី 2ម៉ឺនដុល្លារស្ដើង ទៅ 2ម៉ឺនដុល្លារក្រាស់ អាស្រ័យលើឆ្នាំផលិត ពណ៌ Trim ឬ Option នឹងភិនភាគជាក់ស្ដែង។

image.png

ជាឡានដែលប្រើម៉ាស៊ីនម៉ាស៊ូត តែកម្លាំងខ្លាំងជាន់ស្ទុះ បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង (Duramax) ចំណុះ ២.៨លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៨០សេះ កម្លាំងរមួល ៣៤៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិកកង់ដោយ ប៉ុងមួយ (4x2) នឹងប៉ុងពីរ (4x4) មានជំនួយដោយប្រព័ន្ធ Central Locking និងកាប់ពីតាស់ផងដែរ។ ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើចន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។

ជាមួយនឹងទម្ងន់ឡាន ១៨០០គីឡូក្រាម អាចដឹងទម្ងន់បាន៧០០គីឡូក្រាមជាង និងសមត្ថភាពអូសសណ្ដោងបាន ៣តោនជាងផងដែរ។

4. Nissan Navara ឆ្នាំ២០១៥

Navara គឺជាកំពូល Pick Up ដ៏ល្បីមួយរបស់ Nissan ដែលទទួលបានការនិយមប្រើប្រាស់នៅស្រុកខ្មែរមិនចាញ់ឡាន Pick Up ផ្សេងៗឡើយ។ ដោយមើលឃើញពីការប្រើប្រាស់ និងចររាចរណ៌នៅលើដងផ្លូវញឹកញាប់ដែរ ភាគច្រើនជាស៊េរីឆ្នាំ២០១៥ ឡើងទៅជាមួយតម្លៃខ្ទង់២ម៉ឺនដុល្លារជាង។

image.png

ចំពោះប្លុកម៉ាស៊ីនវិញ Navara មានច្រើនជម្រើសតែស្រុកខ្មែរភាគច្រើនឃើញប្រើតែម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំងចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩០សេះ ជាមួយនឹងកម្លាំងរមួល ៣៣២ផោនហ្វីត រត់ដោយប្រអប់លេខ ៧វគ្គអូតូ បង្វិលកង់ដោយជម្រើស ប៉ុង១ (RWD)និងប៉ុង២ (4WD) ដែលជំនួយដោយប្រព័ន្ធ Central Lock និងកាប់ពីតាស់ផងដែរ។ Navara មានទម្ងន់២តោន អាចដឹកបានជិត១តោន ជាមួយនឹងការអូសណ្ដោបាន ៣តោនជាងផងដែរ។

image.png

ចំពោះកម្រិតស៊ីប្រេងវិញចន្លោះពី ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

សរុបមកឡាន pick up ៤ម៉ូឌែលនេះនៅតែជាឡានឆ្នាំខ្ពស់គួរសម ដែលមានតម្លៃសមរម្យ កម្លាំងខ្លាំង ធន់ សន្សំសំចៃ និងពេញនិយម ដែលអ្នកមានថវិកាខ្ទង់ ២ម៉ឺនដុល្លារជាងអាចពិចាណាបានក្នុងឆ្នាំ២០២៣នេះ៕

ដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More