ប្រភេទឡាន Hatchback មួយនេះត្រូវបានក្រុមហ៊ុន Ford ផលិតដំបូងនៅឆ្នាំ ១៩៧៦ ដែលជាជំនាន់ទី១ រហូតដល់ឆ្នាំ២០២២ ដំណើរការបាន ៧ជំនាន់ទៅហើយក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ។ ក្នុងពេលថ្មីៗនេះដែរក្រុមហ៊ុន Ford បានប្រកាសថានឹងបិទទ្វាឈប់ផលិតម៉ូឌែលមួយប្រភេទនេះទៀតហើយ ដោយជំនួសមកវិញនូវឡានអគ្គិសនីម្ដង។
ទោះបីជាបែបនេះក្ដីក៏ Fiesta នៅតែពេញនិយមសម្រាប់ការប្រើប្រាស់នៅជុំវិញពិភពលោក និងកម្ពុជាយើងផងដែរ។ ចំពោះស្រុកខ្មែរឃើញចររាចណ៍លើដងផ្លូវភាគច្រើនជាប្រភេទឡានស្លាកលេខសេរីឆ្នាំ២០១៤ ដល់២០១៨ ដែលមានតម្លៃចន្លោះពី ១ម៉ឺនដុល្លារស្ដើង ទៅ១ម៉ឺនដុល្លារក្រាស់តិចតួច តម្លៃ អាចប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃរថយន្ដ។
Fiesta ប្រើម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរភាគច្រើនឃើញនាំចូលមកប្រើតែម៉ាស៊ីន Ecoboost ទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ តែអាចផលិតកម្លាំង ១២៥សេះ កម្លាំងរមួល ១៤៧ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុងមុខ (FWD) រត់ដោយប្រអប់លេខ ៦វគ្គអូតូ អាចរត់បានល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ។
ចំពោះកម្រិតស៊ីសាំងវិញសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចន្លោះពី ៥លីត្រជាង ទៅ៧លីត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើការបើកបរជាក់ស្ដែង។
ចំពោះប្រព័ន្ធជើងក្រោមវិញផ្នែកខាងមុខរបស់ Fiesta ប្រើប្រភេទបូមរឺស័រ MacPherson Strut អមដោយរឺស័រ Coil Spring ជាមួយនឹង Anti Roll Bar ចំណែកខាងក្រោយវិញបំពាក់ជា រឺស័រ អមដោយបូម shock absorber ។ ជើងក្រោមប្រភេទនេះទោះបីជាទន់បន្ដិច ទប់លំណឹងមិនសូវជាបានល្អដូចប្រភេទផ្សេងៗ តែសមស្របសម្រាប់ការប្រើប្រាស់ក្នុងទីក្រុង ទោះបីជារត់ល្បឿនផ្លូវឆ្ងាយក៏មិនជាបញ្ហាអ្វីឡើយ។ ចំណែកយាន់កង់វិញទំហំ ១៦អីញស្ដង់ដា បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយប្រើជាហ្វ្រាំងត្រលោកជំនួនដោយប្រព័ន្ធ ABS និងប្រព័ន្ធជំនួយជួយទប់លំណឺងឡានមិនអោយរអិលថយក្រោយ Hill Launch Assis ជាដើម។
Fiesta ជាប្រភេទកូនឡាន Hatchback ទ្វា៥កៅអី២ជួរ មិនចង្អៀតពេក ក៏មិនទូលាយពេកដែរ ដោយវាមានប្រវែង ៣៩៧៥ម.ម ទទឹង ១៧០៩ម.ម កម្ពស់ ១៤៩៥ម.ម ពីដីមកបាត ១២០ម.ម ជាមួយនឹងទម្ងន់ ១១២៧គីឡូក្រាម។
ឆ្នាំរាងខ្ពស់មែនតែមិនជាប្លែកណាស់ណាទេ ទាំងផ្នែកខាងមុខក្រោយបំពាក់ចង្កៀង Halogen ធម្មតាប៉ុណ្ណោះ តែអមដោយពិលកាង១គូ ជាមួយនឹងប៉ាណាខាមុខមើលទៅស្អាតគួរសម រូបរាងបែបស្ព័រមិនអន់ប៉ុន្មានទេ។
ចូលមកខាងក្នុងប្លែកគួរសម ជាមួយនឹង Smart Key ៣គ្រាប់ ប៉ូតុង Power Start, Fiesta ក៏បានបំពាក់កៅអីស្បែកលាយកាំញ៉ៃ បញ្ជាដោយដៃ ២ជួរ ទូលាយគួរសមអាចជិះបានគ្នា៥នាក់។ តែប្លែកជាងរថយន្ដផ្សេងៗដោយក្រោមកៅអីរបស់អ្នកដំណើរមុខ មានកន្លែងទុកដាក់ស្បែកជើង គ្រាន់បើជាងទុកទំនេរចោល។
ក្រៅពីនឹងក៏ឃើញមានបំពាក់ Speaker ៦គ្រាប់ ពោងសុវត្ថិភាពព័ទ្ធជុំវិញ, មានផ្លិតទឹកអូតូ, សេនស័រជំនួយពេលចូលចត, មានមុខងារបញ្ជាលើដៃចង្កូត តែមិនមានបំពាក់អេក្រង់ Monitor នៅខាងមុខឡើយជំនួសដោយ មុខងារជាច្រើនបញ្ជាដោយប៉ុតុងចុច និងមូលឡើងចុះផងដែរ តែអ្វីដែលពិសេសនោះគឺ ទ្វាក្រោយអាចបិទបើកបញ្ជាដោយប្រើតេឡេបាន។
ចំពោះឡាន Ford Fiesta មួយប្រភេទនេះទោះបីជាក្រុមហ៊ុនប្រកាសបិទទ្វាក៏ដោយ តែទីផ្សារការប្រើប្រាស់នៅតែធម្មតា និងតម្លៃហាងឆេងនៅស្រុកខ្មែរគឺដូចដើម មិនមានអ្វីដែលប្រែប្រួល ឬព្រួយបារម្ភអ្វីឡើយ។ ចំពោះភាពទំនើបទោះឆ្នាំខ្ពស់មែន តែមិនមានអ្វីប្លែកពិសេសច្រើនឡើយ បើនិយាយពីរូបរាងបែបស្ព័រតូចច្រឡឹង និងការប្រើប្រាស់ធន់សន្សំសំចៃវិញ ទោះមិនពិសេសតែសមត្ថភាពរបស់ Fiesta សមនឹងតម្លៃខ្លួនល្មមអាចប្រើប្រាស់បាន៕ ចុះបងប្អូនយល់យ៉ាងណាដែរជាមួយ Ford Fiesta មួយប្រភេទនេះ?
ដោយ៖ BunSak
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ