រថយន្ដ Land Cruiser 100 Series ដែលខ្មែរយើងតែហៅថា ឡង់គ្រីស័រ 470 ក៏ព្រោះតែរូបរាង និងភាពល្បីរបស់វាមិនចាញ់ Lexus LX470 នោះឡើយ ដោយសារតែវាជាបងប្អូនរួមគ្រួសារ ។

ស្ថិតក្នុងជំនាន់ទី៦ នៃត្រកូល SUV ខ្នាតធំរបស់ Toyota ដែលផលិតចាប់ពីឆ្នាំ ១៩៩៨ ដល់២០០៧ ប៉ុន្ដែ Toyota បានធ្វើកំណែទម្រង់ចំនួនពីរដង ដោយលើកទី១ ក្នុងឆ្នាំ ២០០០ ដល់ ២០០២ កែប្រែផ្នែកខាងក្នុងមួយចំនួន និងខាងក្រៅតិចតួច ចំពោះលើកទី២ ឆ្នាំ២០០៣ ដល់២០០៧ មានការផ្លាស់ប្ដូរច្រើន ទាំងក្នុង និងក្រៅ ហើយវាមិនខុសពីរ ត្រកូល Lexus LX 470 ប៉ុន្មានទេ។

វាមានប្រវែង
៤៨៩០ម.ម ទទឹង ១៩៤២ម.ម កម្ពស់ ១៨៤៩ម.ម និងទម្ងន់ ២៣៣០គីឡូក្រាម។
ចំពោះម៉ាស៊ីន Land Cruiser 100 Series
មានជម្រើស ប្រភេទសាំង និងម៉ាស៊ូត ដែលមាន ទំហំស៊ីឡាំង និងកម្លាំងសេះដូចជា៖
+ប្រភេទសាំង
-ម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរ I មុខកាត់ស៊ីឡាំង ៤.៥លីត្រ ផលិតកម្លាំង ២២៤សេះ កម្លាំងរមួល ៣០២ផោនហ្វីត។
-ម៉ាស៊ីន ៨ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ ៤.៧លីត្រ ផលិតកម្លាំង ២៣៥សេះ កម្លាំងរមួល ៣២០ផោនហ្វីត។
+ប្រភេទម៉ាស៊ូត
-ម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរ I មុខកាត់ស៊ីឡាំង ៤.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៦៥សេះ កម្លាំងរមួល ២៦០ផោនហ្វីត។
-ម៉ាស៊ីន ៦ស៊ីឡាំង ដូចគ្នា តែផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៣១៧ផោនហ្វីត ដែលនៅស្រុកខ្មែរហៅថា ប្រភេទម៉ាស៊ីនធំ។

មានជម្រើសរត់ដោយប្រអត់លេខ ៤វគ្គអូតូ ៥វគ្គអូតូ ៤វគ្គលេខដៃ និងបង្វិលកង់ដោយប៉ុងមុខក្រោយ ប្រភេទ(AWD, 4WD)។និយាយពីកម្រិតស៊ីសាំងវិញ បើជាម៉ាស៊ីនម៉ាស៊ូតចន្លោះ ១៤លីត្រ ទៅ ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះ ទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះម៉ាស៊ីនសាំងស៊ីខ្ទង់ ១៦លីត្រ ទៅ២០លីត្រ ក្នុង១០០គីឡូម៉ែត្រ និងប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។

ជើងក្រោមស៊េរីឆ្នាំ២០០០ចុះ ប្រើយ៉ាន់កង់ ១៦អីញ ចំពោះស៊េរីឆ្នាំ ២០០១ ឡើងទៅបំពាក់យ៉ាន់ទំហំ១៧អីញ ប្រើហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ។ ផ្នែកខាងមុខរបស់ ឡង់គ្រីស័រ បំពាក់បូមរឺស័រធម្មតា MacPherson Strut ភ្ជាប់ជាមួយនឹង ប្រព័ន្ធឯករាជ្យ Independent Suspension ផ្នែកខាងក្រោយជា ប្រភេទ Coil Spring និង Anti-Roll Bar។ ដែលជំនួយដោយ ប្រព័ន្ធបូមបញ្ជាឡើងចុះ ប្រភេទ Active Height Control សម្រាប់បើកបរ ក្នុងស្ថានភាពផ្លូវក្រឡុកធំៗ ជៀសវាងកល់បាត។ មិនតែប៉ុណ្ណោះក៏មានភ្ជាប់មកជាមួយ ប្រព័ន្ធទប់លំណឹង VSC, ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំងអេឡិចត្រូនិក EDB, មានមុខងារ Differential Lock ប៉ុងមុខក្រោយជាដើម និងប្រព័ន្ធ A-TRAC ដែលមានភាពឆ្លាតវៃ ប្រសិនបើវាចាប់បានថាកង់ណាមួយ ហើបផុតពីផ្លូវ ឡាននឹងគៀបហ្រ្វាំងលើកង់នោះ ដើម្បីបញ្ជូនកម្លាំងទៅកាន់កង់ផ្សេងៗ ដែលជាប់ផ្លូវ ។

ថ្វីត្បិតតែវាជាប្រភេទ SUV លំដាប់ជួរមុខក្នុងពេលនោះក្ដី តែប្រើចង្កៀងមុខ និងស្ដុបក្រោយ ជាប្រភេទធម្មតា (Halogen) មិនដូច Lexus 470 ផលិតឆ្នាំជាមួយគ្នាឡើយ ទាល់តែស៊េរីឆ្នាំ ២០០៦ ទើប Toyota បំពាក់ LED ។

បើចូលខាងក្នុង SUV Full Size មួយនេះបំពាក់កៅអី ៣ជួរ អាចជិះបានគ្នា៧ ទៅ៨នាក់ តែសម្រាប់ ឆ្នាំ២០០០ ចុះក្រោម ប៉ះ Option ល្មមៗ មិនមានកៅអីស្បែក ដំបូលបើក និងរន្ធម៉ាសុីនត្រជាក់ក្រោយឡើយ។ ចំពោះឆ្នាំ២០០៣ ឡើងលើ ប្លែកគ្រាន់បើ និងដូច Lexus LX470 តែម្ដង ទាំងបរិក្ខា និងការឌីស្សាញ ខាងមុខផ្នែកតាបឡូ បន្ថែមពីនេះ ក៏មានអេក្រង់ LCD Monitor និងផ្នែកជាច្រើនទៀតបំពាក់ ហ្វមីការឈើ មើលទៅក៏មិនអន់ប៉ុន្មានដែរ ។ មានមុខងារ Automatic Night View សម្រាប់ជំនួយការបើកបរពេលយប់, ផែនទី កាម៉េរាក្រោយនិង Cool Box សម្រាប់ក្លាសសេ ភេសជ្ជៈជាដើម។

ទាំងកម្លាំង និងប្រព័ន្ធមុខងារមួយចំនួន នៅពិសេសគួរសម ទូលាយ ជិះស្រួល គ្រាន់តែវាមិនទំនើបប្លែកដូចគេ។
នៅចាំបានកាលពីជិត ១៥ឆ្នាំមុនវាមានតម្លៃខ្ទង់៦ម៉ឺន ទៅ៨ម៉ឺនដុល្លារឯណោះ តែបច្ចុប្បន្នម៉ាស៊ីនចាស់ សុីប្រេងសាំង ក៏កាន់តែច្រើន ស្របពេលសាំងកំពុងឡើងថ្លៃផង ដែលនាំអោយវាមានតម្លៃទាប ស្មើអាព្រូសមួយគ្រឿងតែប៉ុណ្ណោះ។ ស៊ីសាំងក៏ស៊ី គ្រឿងបន្លាស់មានច្រើនដែរ តែតម្លៃថ្លៃគួរសម ពិសេសគ្រឿងរបស់ម៉ាស៊ីនម៉ាស៊ូត តែងថ្លៃជាងប្រភេទសាំង បើធៀបខុសគ្នាជិត ២ដងអីដែរ។
ជារួមមកទាំងនេះ គ្រាន់ជាការបកស្រាយជូនបងប្អូនប៉ុណ្ណោះ ចំពោះការសម្រេចចិត្តបែបណា បងប្អូនអាចពិចារណា មើលខ្លួនឯងបាន។ តែសម្រាប់បងប្អូនដែលមានកម្រិតជីវភាពធម្មតា Admin គិតថាមិនគួរវិនិយោគ ជាមួយ Land Cruiser ជំនាន់ទី៦ នេះឡើយ៕
អត្ថបទ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ