និយាយចំពោះឡានមួយទឹកដែលជិះស្រួល ខ្ពស់ស្រឡះអាចបើកបរស្ទើរគ្រប់ស្ថានភាពផ្លូវនៅស្រុកខ្មែរ ហើយតម្លៃត្រឹម ១ម៉ឺនដុល្លារជាង អាចនិយាយបានថាគ្មានឡានណាហក់ជាមួយ Lexus 470 និង Land Cruiser នេះបានឡើយ។ រូបរាងទាន់សម័យ ខាងក្នុងក៏ទូលាយ ការបើកបរសុវត្ថិភាព និងរត់ល្បឿនណឹងល្អ ទាស់តែម្យ៉ាងគឺសុីសាំងដូចផឹកទឹកអញ្ចឹង តែបើបងប្អូនសម្បូរលុយចាក់សាំង ពីរគ្រឿងនេះ ធូរថ្លៃណាស់។
ទាំងពីរគ្រឿងនេះចំពោះតម្លៃបច្ចុប្បន្នសម្រាប់ស៊េរីឆ្នាំ១៩៩៨ ដល់ ២០០៤ បងប្អូនអាចរកទិញបានចន្លោះពី ១០០០០ដុល្លារជាង ទៅ២០០០០ដុល្លារជាង អាស្រ័យលើ Option ឆ្នាំផលិត ប្រភេទម៉ាស៊ីន ពណ៌ និងភិនភាគជាក់ស្ដែង។ទោះបីជាការជួសជុលរាងថ្លៃបន្ដិចមែន តែវាក៏ជាឡានដែលធន់គ្រាន់បើដែរ បើធៀបជាមួយពពួកឡានអ៊ឺរ៉ុប់ ណាមួយគ្រឿងបន្លាស់ក៏សម្បូរគួរសមដែរ។ថ្ងៃនេះ Advan Auto និងធ្វើការត្រួសត្រាយ ក៏ដូចជាប្រៀបធៀបគ្នាបន្ដិច សម្រាប់បងប្អូនដែលមានបំណងចង់ប្រើប្រាស់នៅ SUV ពីរត្រកូលនេះ។
១. Toyota Land cruiser 100 Series
ចំពោះម៉ាស៊ីន Land Cruiser 470 មានជម្រើស ប្រភេទសាំង និងម៉ាស៊ូត ដែលមាន ទំហំស៊ីឡាំង និងកម្លាំងសេះដូចជា៖
+ប្រភេទសាំង
-ម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរ I មុខកាត់ស៊ីឡាំង ៤.៥លីត្រ ផលិតកម្លាំង ២២៤សេះ កម្លាំងរមួល ៣០២ផោនហ្វីត។
-ម៉ាស៊ីន ៨ស៊ីឡាំង តម្រៀបជាអក្សរ V ចំណុះ ៤.៧លីត្រ ផលិតកម្លាំង ២៣៥សេះ កម្លាំងរមួល ៣២០ផោនហ្វីត។
+ប្រភេទម៉ាស៊ូត
-ម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរ I មុខកាត់ស៊ីឡាំង ៤.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៦៥សេះ កម្លាំងរមួល ២៦០ផោនហ្វីត។
-ម៉ាស៊ីន ៦ស៊ីឡាំង ដូចគ្នា តែផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៣១៧ផោនហ្វីត ដែលនៅស្រុកខ្មែរហៅថា ប្រភេទម៉ាស៊ីនធំ។មានជម្រើសរត់ដោយប្រអត់លេខ ៤វគ្គអូតូ ៥វគ្គអូតូ ៤វគ្គលេខដៃ និងបង្វិលកង់ដោយប៉ុងមុខក្រោយ ប្រភេទ(AWD, 4WD)។
និយាយពីកម្រិតសុីប្រេងវិញ បើជាម៉ាស៊ីនម៉ាស៊ូតចន្លោះ ១៤លីត្រ ទៅ ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះ ទៅតាមស្ថានភាពជាក់ស្ដែង។ ចំពោះម៉ាស៊ីនសាំងសុីខ្ទង់ ១៥លីត្រ ទៅ១៩លីត្រ ក្នុង១០០គីឡូម៉ែត្រ និងប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។
ជើងក្រោមស៊េរីឆ្នាំ២០០០ចុះ ប្រើយ៉ាន់កង់ ១៦អីញ ចំពោះស៊េរីឆ្នាំ ២០០១ ឡើងទៅបំពាក់យ៉ាន់ទំហំ១៧អីញ ប្រើហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ។ ផ្នែកខាងមុខរបស់ ឡង់គ្រីស័រ បំពាក់បូមរឺស័រធម្មតា MacPherson Strut ភ្ជាប់ជាមួយនឹង ប្រព័ន្ធឯករាជ្យ Independent Suspension ផ្នែកខាងក្រោយជា ប្រភេទ Coil Spring និង Anti-Roll Bar។ ដែលជំនួយដោយ ប្រព័ន្ធបូមបញ្ជាឡើងចុះ ប្រភេទ Active Height Control សម្រាប់បើកបរ ក្នុងស្ថានភាពផ្លូវក្រឡុកធំៗ ជៀសវាងកល់បាត។
ថ្វីត្បិតតែវាជាប្រភេទ SUV លំដាប់ជួរមុខក្នុងពេលនោះក្ដី តែប្រើចង្កៀងមុខ និងស្ដុបក្រោយ ជាប្រភេទធម្មតា (Halogen) មិនដូច Lexus 470 ផលិតឆ្នាំជាមួយគ្នាឡើយ ទាល់តែស៊េរីឆ្នាំ ២០០៦ ទើប Toyota បំពាក់ LED ។
បើចូលខាងក្នុង SUV Full Size មួយនេះបំពាក់កៅអី ៣ជួរ អាចជិះបានគ្នា៧ ទៅ៨នាក់ តែសម្រាប់ ឆ្នាំ២០០០ ចុះក្រោម ប៉ះ Option ល្មមៗ មិនមានកៅអីស្បែក ដំបូលបើក និងរន្ធម៉ាស៊ីនត្រជាក់ក្រោយឡើយ។ ចំពោះឆ្នាំ២០០៣ ឡើងលើ ប្លែកគ្រាន់បើ និងដូច Lexus LX470 តែម្ដង ទាំងបរិក្ខារ និងការឌីស្សាញ ខាងមុខផ្នែកតាបឡូ បន្ថែមពីនេះ ក៏មានអេក្រង់ LCD Monitor និងផ្នែកជាច្រើនទៀតបំពាក់ ហ្វមីការឈើ មើលទៅក៏មិនអន់ប៉ុន្មានដែរ ។ មានមុខងារ Automatic Night View សម្រាប់ជំនួយការបើកបរពេលយប់, ផែនទី កាមេរ៉ាក្រោយនិង Cool Box សម្រាប់ក្លាសេ ភេសជ្ជៈជាដើម។
ទាំងកម្លាំងនិងប្រព័ន្ធមុខងារមួយចំនួន នៅពិសេសគួរសម ទូលាយ ជិះស្រួល គ្រាន់តែវាមិនទំនើបប្លែកដូចគេ។
២. Lexus LX 470
Lx470 ឆ្នាំ ១៩៩៨ ដល់ ២០០២ បំពាក់ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៤.៧ លីត្រ ផលិតកម្លាំង ២៣០ សេះ កម្លាំងរមួល ៣២០ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ ប្រើយ៉ាន់ ១៦ អីញ រត់ដោយប៉ុងមុខក្រោយ (4WD)។
ល្បឿនអតិបរិមាមិនលឿនប៉ុន្មានទេ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាន់ស្ទុះពី០ ទៅ ១០០ គីឡូម៉ែត្រស៊ីពេល ១០.១ វិនាទី និងមានម៉ូដសម្រាប់បើកបរ ៣ ( Driving Mode ) ដែលអាចថែមថយបានដូជា Normal, Comfort និង Sport Mode។
វាស៊ីសាំងជាមធ្យមខ្ទង់ ១៧លីត្រ ដោយក្នុងក្រុងស៊ី ១៩ លីត្រ និងក្រៅក្រុង ១៤ លីត្រ តែជាក់ស្ដែងវិញបច្ចុប្បន្ន អាយុវាជាង ២០ ឆ្នាំហើយ ម៉ាស៊ីនក៏ចាស់ដែរ អញ្ចឹងអាចស៊ីលើសនេះទៀត។ ឆ្នាំ ២០០៣ ដល់ ២០០៦ វាប្រើម៉ាស៊ីនដដែលតែបន្ថែមកម្លាំង ៥ សេះ សរុប ២៣៥ សេះ និងប្រអប់លេខ ៥ វគ្គអូតូ និងប្រើយ៉ាន់ ១៨ អីញ។
បើនិយាយពីជើងក្រោមវិញ LX470 ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយ ABS ទាំងបួនគ្រាប់ និងដំណើរការដោយ ប្រព័ន្ធឯករាជ និងស្លាបប្រចៀវឌុប Double Wishbone ផ្នែកខាងមុខ និងក្រោយជាដែកកាត់ទទឹង Solid Live Axle ធ្វើឲ្យឡានធ្ងន់ រលាក់បន្តិច មិនសូវបត់បែនល្អទេ ។ តែយ៉ាងណាវាក៏ប៉ះប៉ូវជាមួយ Adaptive Suspension វាចេះគណនាស្ថានភាពផ្លូវ ដើម្បីអោយបូមទន់រឹងបាន អាច កាត់បន្ថយរលាក់បានខ្លះ ។
មិនតែប៉ុណ្ណោះសម្រាប់ Land Cruiser និង Lexus ក៏មានភ្ជាប់មកជាមួយ ប្រព័ន្ធទប់លំណឹង VSC, ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំងអេឡិចត្រូនិក EDB, មានមុខងារ Differential Lock ប៉ុងមុខក្រោយជាដើម និងប្រព័ន្ធ A-TRAC ដែលមានភាពឆ្លាតវៃ ប្រសិនបើវាចាប់បានថាកង់ណាមួយ ហើបផុតពីផ្លូវ ឡាននឹងគៀបហ្រ្វាំងលើកង់នោះ ដើម្បីបញ្ជូនកម្លាំងទៅកាន់កង់ផ្សេងៗ ដែលជាប់ផ្លូវ ។
ចង្កៀងមុខប្រើប្រភេទគុជ និងស្ដុបក្រោយប្រភេទ LED ជាទូទៅបំពាក់កៅអីស្បែក ហ្វមីការឈើ ចំពោះតាបឡូ រចនាឡើងស្អាតជាងមុន មាន LCD Monitor អេក្រង់ថាច់ បែប Luxury SVU ប្រណិតប្រកបដោយគុណភាពខ្ពស់។បើជា Full Option វិញកាន់តែពិសេសវាមាន អេក្រង់ធំ ភ្ជាប់ Bluetooth, Sensor និង Camera ក្រោយជំនួយពេលចូលចត, វាក៏មាន Rain sensing ឬក៏ផ្លិតទឹកអូតូ, Speaker ប្រពៃណី Mark Levinson ១១ គ្រាប់ Premium ជំនួយដោយ Surround Sound ជាពិសេសមានកាមេរ៉ាមើលពេលយប់ឬ Night Vision Camera ជាប្រភេទកាមេរ៉ាសុវត្ថិភាពចាប់រូបភាពមនុស្សសត្វនៅពេលឆ្លងកាត់ ។
វាថែមមកជាមួយកញ្ចក់ក្ដោប, កញ្ចក់ទាំងបួនចុចអូតូ និងទម្លាក់អូតូនៅពេលមានឧបសគ្គដូចជាក្មេងលូកដៃ, វាមាន DVD ជួរខាងក្រោយ, ប៊ូតុងចុចលើដៃចង្កូតដំបូលបើក, កម្តៅកញ្ចក់ (Heated Mirror ) ជាដើម។
ទាំងពីរម៉ូឌែលនេះ អាចនិយាយបានថាមិនលើសគ្នាប៉ុន្មានទេ កម្រិតស៊ីសាំង Land Cruiser អាចស៊ីតិចជាងបន្ដិច តែបរិក្ខាខាងក្នុង Lexus ស៊ីដាច់ហើយ។ គ្រាន់តែ Land Cruiser មានជម្រើសច្រើនគួរសម សម្រាប់បងប្អូនអាចពិចារណាបាន ទាំងម៉ាស៊ូត និងម៉ាស៊ីនសាំង ហើយតម្លៃក៏ធូរជាង Lexus ដែរ។
សរុបមកទាំងពីរម៉ូឌែលនេះ អាចនិយាយបានថានៅតែគ្រាន់បើ តម្លៃធូរ ខាងក្នុងធំទូលាយ សំខាន់អោយតែមានលុយចាក់សាំង វានៅតែអេមដដែលក្នុងឆ្នាំ២០២២នេះ៕
អត្ថបទ៖ BunSak
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ