បើនិយាយចំពោះរថយន្ដដែលចរាចរណ៍តាមដងផ្លូវស្រុកខ្មែរភាគច្រើនជាផលិតផលរបស់ប្រទេសជប៉ុន ក្រៅពីនេះ ក៏មាន អ៊ឺរ៉ុប អាមេរិក កូរ៉េ និងខ្លះជារបស់ប្រទេសចិនជាដើម។ ចំណែកតម្លៃទីផ្សារ គ្រឿងបន្លាស់ ថ្លៃចំណាយ លើកការថែទាំ រថយន្ដជប៉ុនសុីដាច់ហើយ ព្រោះទីផ្សារទូលាយ ចំណាយតិចគួរសម សម្បូគ្រឿងបន្លាស់ និងងាយស្រួលប្រើប្រាស់។
ចុះប្រភេទឡានមកពីអ៊ឺរ៉ុប យ៉ាងម៉េដែរ? ជាក់ស្តែងដូចជា Range Rover Vogue ជំនាន់ទី៣ ស៊េរីឆ្នាំ២០០២ ដល់ ២០១២ ដែលពេញនិយមនៅស្រុកខ្មែរ កាលពីជាង១០ឆ្នាំមុន ទំនើប ជិះស្រួល ដែលតម្លៃមិនធម្មតានោះទេ តែបច្ចុប្បន្ន ធ្លាក់ស្មើអាព្រូស 0៤ ទៅហើយសម្រាប់សេរ៊ីទាប ។ តើគួរតែទិញវាជិះ ឬអត់? ត្រកូល Vogue ប្រើម៉ាសុីនរាងស្មុកស្មាញបន្ដិច ប្រភេទសាំងផង និងម៉ាស៊ូតផង ដោយវាផ្លាស់ប្ដូរ និងប្រែប្រួលទៅតាមឆ្នាំផលិតដូចជា៖
+ប្រភេទម៉ាស៊ីនសាំង
-ពីឆ្នាំ២០០២ - ២០០៥ ម៉ាសុីន ៨ស៊ីឡាំង តម្រៀបជាអក្សរV មុខកាត់ ៤.៤លីត្រ ផលិតកម្លាំង ២៨២សេះ និងកម្លាំងរមួល ២៨៨ផោនហ្វីត។
-២០០៦-២០០៩ ប្រើម៉ាស៊ីន ៨ស៊ីឡាំង តម្រៀបជាអក្សរ V មុខកាត់ ៤.៤លីត្រ ផលិតកម្លាំង ៣០១សេះ កម្លាំងរមួល ៣២៥ផោនហ្វីត។
-ឆ្នាំ២០០៦-២០០៩ ដដែលនេះ ក៏មានម៉ាស៊ីន ៨ស៊ីឡាំង មុខកាត់ ៤.២លីត្រ ជំនួយដោយ Supercharged ផលិតកម្លាំង ៣៩៥សេះ កម្លាំងរមួល ៤១៣ផោនហ្វីត។
-២០១០- ២០១២ បំពាក់ម៉ាស៊ីន ៨ស៊ីឡាំង ចំណុះ ៥.០លីត្រ ផលិតកម្លាំង ៣៧០សេះ កម្លាំង ៣៧៦ផោនហ្វីត។
-និងមានមួយជម្រើសទៀត គឺជំនួយដោយ Supercharged ផលិតកម្លាំង ៥០៣សេះ និងកម្លាំងរមួល ៤៦១ផោនហ្វីត។
+ចំពោះម៉ាស៊ីនម៉ាស៊ូតមានដូចជា៖
-ឆ្នាំ២០០២-២០០៥ បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរ I ចំណុះ ៣.០លីត្រ ជាមួយនឹង Turbo ផលិតកម្លាំង ១៧៥សេះ កម្លាំងរមួល ២៨៨ផោនហ្វីត។
-២០០៦-២០០៩ មានម៉ាស៊ីន ៨ស៊ីឡាំង មុខកាត់ ៣.៦លីត្រ បំពាក់ Twin Turbo ផលិតកម្លាំងបាន ២៦៨សេះ កម្លាំងរមួល ៤៧២ផោនហ្វីត។
-២០១០-២០១២ បំពាក់ម៉ាស៊ីន ៨ស៊ីឡាំង ៤.៤លីត្រ បំពាក់ Twin Turbo ផលិតកម្លាំងបាន ៣០៩សេះ និងកម្លាំងរមួល ៥១៩ផោនហ្វីត។
ចំពោះស្រុកខ្មែរក៏បាននាំចូល និងប្រើប្រាស់ម៉ាស៊ីនស្ទើតែគ្រប់ប្រភេទបែបនេះដែរ អញ្ចឹងត្រូវដឹងខ្លះៗ បើចង់ទិញប្រើ។ប្រអប់លេខ មានចាប់ពី ៤វគ្គអូតូ រហូតដល់ ៦វគ្គអូតូ និងមាន Paddle shift អាចថែមថយលេខបាន។
កម្រិតស៊ីប្រេងសាំងអាស្រ័យលើកទំហំនៃ ប្រភេទម៉ាស៊ីន ដែលជាមធ្យមចន្លោះពី ១៥លីត្រ ទៅ២០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ប្រព័ន្ធជើងក្រោមពិសេសណាស់ ឆ្នាំទាបមែន តែផ្នែកខាងមុខបំពាក់ ប្រភេទប៉ូមរុឺស័រ MacPherson Strut និងផ្នែកខាងក្រោយជា ស្លាបប្រជៀវឌុប Double Wishbone ដែលភ្ជាប់មកជាមួយ ប្រព័ន្ធឯករាជ្យ Independent Suspension ដែលធ្វើអោយការបើកបរ មិនឃ្លីងឃ្លោង និងបត់បែនបានណឹងល្អ ទោះបើកបរក្នុងល្បឿនលឿនក៏ដោយ ខណៈដែលអ្នកប្រើឡាននៅស្រុកខ្មែរចំណាំនិយាយថា “ជើងក្រោម Range Rover ហាប់ល្អ” ។
គួបផ្សំជាមួយ ប្រព័ន្ធបញ្ជាបូមឡើងចុះ Hi-Lo Selection និងយ៉ាន់កង់ ២០អីញ បង្វិលកង់ដោយប៉ុងពីរប្រភេទ (4WD) ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS នៅជាប់កង់ទាំង ៤គ្រាប់ ការបើកបរលឿន ឡើងចុះចំណោត សុវត្ថិភាព ។
Vogue មានប្រវែង ៤៩៦៧ម.ម ទទឹង១៩៥៦ម.ម កម្ពស់១៨៦៥ម.ម ពីដីមកបាត ២៧៤ម.ម និងទម្ងន់ ២៥៦០គីឡូក្រាម។
ការឌីស្សាញរូបរាងខាងក្រៅរាងជ្រុងៗ បែបបុរាណ តែទាន់សម័យ មើលមិនចេះសាំភ្នែក លក្ខណៈជា High Class តែម្ដង។ ចង្កៀងមុខប្រើជាប្រភេទ គុជ Adaptive Headlight អមដោយ Daytime Running Light ជាមួយពិលកាង។ ស្ដុបក្រោយប្រើជាប្រភេទ LED មូលៗ និងមានភ្លើងស៊ឺញ៉ូផ្នែកចំហៀង ដែលអាចមើលឃើញទាំងមុខក្រោយ និងម្ខាងទៀតជាដើម។
ចំពោះខាងក្នុង ជាប្រភេទ SUV ទ្វា៥ កៅអី២ជួរ អាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយអាចផ្ទុកឥវ៉ានបានច្រើនគួរសម។ វាបំពាក់ជាមួយពូកស្បែក កៅអីអេឡិចត្រូនិច មានមុខងារចាំទីតាំង ផ្នែកខ្លះមួយចំនួនទៀត បំពាក់ឈើលាយជាមួយស្បែក។ វាមានដំបូលបើក ពោងសុវត្តិភាព ៦ Speaker ១៤ គ្រាប់ Brand Harman Kardon ប្រភេទ Premium មានអេក្រង់តូចល្មមសម្រាប់បង្ហាញពត៍មាន ដូចជាកាម៉េរាក្រោយជាដើម។
ចំពោះ Trim ឬ Option មានដូចជា៖ Vogue, SE, HSE, និង Auto biography ជាដើម។ អាចរកទិញបានចន្លោះពី ១០០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារជាង អាស្រ័យលើ ឆ្នាំផលិត Option និងភិនភាគជាក់ស្ដែងជាដើម។
ហើយមូលហេតុមួយចំនួនដែល បងប្អូនមានសមត្ថភាពល្មមៗ មិនគួរទិញប្រើនោះគឺ ចំណាយថ្លៃថែទាំ និងជួសជុលខ្ពស់ពេក បើធៀបជាមួយឡានជប៉ុនវិញខុសគ្នាខ្ទង់ ២ទៅ ៣ដងឯណោះ។
ដែលភាគច្រើនបញ្ហាចំពោះម៉ាសុីនសាំង ទៅលើការលិចទឹកជ្រាប់តាមបូមទឹក និងនឹងប្រព័ន្ធជើងក្រោម ដូចជាបែកបូម ជាដើម ដែលបូមមួយគួរខ្ទង់១០០០ដុល្លារជាង និងបញ្ហាមួយចំនួនទៀត ដែលទាមទារអោយមានការ ថែទាំខ្ពស់។
ម៉ាស៊ីនម៉ាស៊ូត ដែលជាងជួបញឹកញ៉ាប់គឺ បញ្ហាលើ DPF ដែលជាប្រព័ន្ធដុតចម្រុះជាតិពុលម៉ាស៊ូត ចេញពីស៊ីមាំងអត់អស់ និងបញ្ហាមួយចំនួនទៀត ចំពោះជើងក្រោមគឺដូចគ្នា។
ចំពោះខ្ទង់ចំណាយចន្លោះពី ៤០០ដុល្លារជាង ទៅជិត៣០០០ដុល្លារ សម្រាប់លក្ខណៈធម្យម និងធ្ងន់ធ្ងរ ចន្លោះពី ៣០០០ដុល្លារ ទៅជិត៧០០០ដុល្លារជាង។ ហើយមិនងាយមានគ្រឿងបន្លាស់ ត្រូវរង់ចាំពេលយូ ក្នុងការបញ្ជាទិញពីក្រៅប្រទេស ក្នុងនោះដែរនៅស្រុកខ្មែរជាងដែលជំនាញខាងឡានអ៊ឺរ៉ុប មានតិចទៀត។ ធ្វើមិនស្រួលអាចចូលដើម បើតាមខេត្តអី ដឹងតែទឹកភ្នែកតែម្ដង ម្យ៉ាងទៀតប្រភេទឡានអស់នេះ មានអាយុកាលរបស់វាដែរ ជាទូទៅឡានអ៊ឺរ៉ុបអាយុលើស ៦ទៅ ៨ឆ្នាំតែងមានបញ្ហា ដែលផ្នែកខ្លះត្រូវតែប្ដូរចេញទាំងដុំតែម្ដង តែបើស៊េរីចាប់ពីឆ្នាំ ២០១២ទៅ នៅល្អគ្រាន់ប្រើគួរសម។
វាក៏រើសឥន្ធនៈណាស់ដែរ គុណភាពប្រេងសាំង ដែលមិនសូវជាត្រូវស្ដង់ដា ប្រើយូៗទៅប៉ះពាល់ដល់ប្រព័ន្ធម៉ាសុីនជាដើម។ ទិញឡានតម្លៃតែ ១ម៉ឺន ឬ ២ម៉ឺន តែត្រូវជួសជុលឡើងវិញ ជិតស្មើតម្លៃឡាននិងក៏មានដែរទោះបីជាមិនខូច ក៏អស់ថ្លៃចាក់ប្រេងសាំងច្រើនដែរ ព្រោះសុីខ្លាំងណាស់។
តែបើបងប្អូនត្រៀមចិត្ត និងថវិកាគ្រប់គ្រាន់ហើយ ចង់ប្រើឡានអ៊ឺរ៉ុបដូចជា Range Rover នេះ វានៅតែជាជម្រើសល្អ ព្រោះទំនើប ស្អាតសង្ហាជិះស្រួល សុវត្ថិភាពខ្ពស់ និងមើលទៅ នៅទាន់សម័យ៕
អត្ថបទ៖ BunSak
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ