Camry VX30 ឬខ្មែរយើងតែឲ្យរហ័សមានថា អាបាឡែន ដែលល្បីថាជាន់ស្ទុះ សម្បូរគ្រឿងបន្លាស់ ជាឡានឆ្នាំចាស់តែឈរជើងបានយូរនៅស្រុកខ្មែរក្នុងចំណោមត្រកូល Camry។ វាពេញនិយមខ្លាំង មិនថានៅទីក្រុង ឬជនបទទេ តែងតែឃើញចរាចរណ៍មិនសូវដាច់ភ្នែកឡើយ។ ទីផ្សារក៏នៅណឹងល្អគ្រាន់បើ ដែលតម្លៃបច្ចុប្បន្នបងប្អូនអាចរកទិញបានក្នុងចន្លោះពី ៩០០០ដុល្លារជាង ទៅ១៤០០០ដុល្លារជាង អាស្រ័យលើ Option ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ ឆ្នាំ ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។ សម្បូរគ្រឿងបន្លាស់ណាស់ ហើយក៏សម្បូរជាងដែលចេះជួសជុលវាដែរ ចំណាយត្រឹមតែ ២០ដុល្លារជាង ទៅ២០០ដុល្លារជាង ឬអាចលើសនេះតិចតួច ទៅតាមស្ថានភាពជាក់ស្ដែង។
ហើយអ្វីដែលចាប់អារម្មណ៍នោះគឺតម្លៃនៃ Trims ឬ Option តែម្ដង ចំពោះស្រុកខ្មែរនាំចូលភាគច្រើនប្រភេទ LE នឹង XLE ចំពោះ SE យូរៗមានមួយប៉ុណ្ណោះ ដែលតម្លៃរបស់វាអាចខុសគ្នាខ្ទង់ ២០០០ដុល្លារជាងអីដែរ។ ចំពោះសំនួរដែលថា គួរប្រើមួយណាល្អជាង និងវាមានភាពខុសគ្នាដូចម្ដេច? ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto និងស្រាយចម្ងល់មួយនេះជូនបងប្អូន កុំឲ្យស្ទាក់ស្ទើរក្នុងការសម្រេចចិត្តតទៅទៀត តែមុននិងចូលដល់សាច់រឿងយើង Admin សូមត្រួសពីលក្ខណៈទូទៅបន្ដិចសិន។
Toyota Camry ជំនាន់ទី ៥ នេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប៉ុងមុខ (FWD)។ ល្បឿនអតិបរិមា ១៩៨ គីឡូម៉ែត្រ/ម៉ោងជាន់ស្ទុះពី ០-១០០គ.ម/ម ប្រើពេល ៩.៤ វិនាទី។ កម្រិតស៊ីសាំងជាក់ស្ដែង ក្នុងក្រុងច្រើនគួរសមខ្ទង់ ១១ លីត្រ និងក្រៅក្រុងផ្លូវលាត ៨ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។
បាឡែនជាឡាន Sedan ទ្វា៤ ខាងក្នុងទូលាយគួរសម ជិះគ្នា ៥ ទៅ ៦ នាក់ និងមានឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានច្រើនគួរសម។ ចង្កូតវាធូរស្រួលបត់បែន ផ្នែកខ្លះស្រោបដោយហ្វរមីកាឈើ និងមុខងាមួយចំនួន បញ្ជារដោយប៉ូតុងចុច ។ វាមានទម្ងន់ ១៤៦៥ គីឡូក្រាម ទទឹង ១៧៩៤ម.ម បណ្ដោយ ៤៨១៥ ម.ម កម្ពស់ ១៥០០ម.ម និងអាចដឹកបានប្រមាណជា ៥០០ គីឡូក្រាម។
ជើងក្រោមវាដំណើរការដោយ ប្រព័ន្ធឯករាជទាំងមុខក្រោយប៉ុន្តែ ផ្នែកខាងមុខជំនួយដោយ ប៉ូមនិងរឺស័រធម្មតា Macpherson Strut និងផ្នែកខាងក្រោយប្រើជា Multi-Link Suspension ជួយឲ្យកង់ឡានលោតឡើងចុះផ្សេងគ្នាសម្រួលឲ្យតួខ្លួនឡានមានលំនឹងល្អ ។ ជើងក្រោមប្រភេទនេះ ជួយឲ្យការបើកបរមានសភាពណឹងល្អ និងពេលចុះទួលឬចូលក្រលុក គ្រប់កង់ទាំងបួនធ្វើការដាច់ដោយឡែកពីគ្នា ជួយទប់ឡានមិនអោយផ្អៀងខ្លាំង។ គួបផ្សំជាមួយយ៉ាន់កង់ ១៦ អ៊ីញ មានហ្វ្រាំងគៀបឌីសមុខក្រោយ ជំនួយដោយ ABS ធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានសុវត្ថិភាពខ្ពស់។
បើនិយាយពីភាពខុសគ្នារវាង Trims ឬ Option, LE នឹង XLE ដូចជា៖ចំពោះ LE ជាប្រភេទធម្មតាខ្លះមាន ABS និងដំបូលបើក (ខ្លះទៀតក៏មិនមាន), ប្រើហ្វ្រាំងឌីសគៀបខាងមុខ និងក្រោយប្រភេទត្រឡោក, ប្រើកៅអីធម្មតាប្រភេទកាំមីញៃ, អត់មានពិលកាង, មានពោងសុវត្ថិភាព២គ្រាប់, (ខ្លះទៀតក៏មាន៨គ្រាប់់) ផ្នែកខ្លះស្រោបដោយជ័រ និងក្រណាត់, ប្រើហ្វ្រាំងដៃនៅជិតចង្កឹះលេខ, Speaker ប្រភេទធម្មតា និងបញ្ជារមុខងារមួយចំនួន ដោយមូលឡើងចុះជាដើម និយាយរួមសាមញ្ញ។
បើជា XLE Full Option វិញ ខ្ពស់មានបន្ថែមមកជាមួយ Speaker JBL, ពោងសុវត្ថិភាព ៨ គ្រាប់, ម៉ាស៊ីនត្រជាក់ ៦ ប្រឡោះ(ខាងក្រោយពីរ), កៅអីស្បែកចុចសងខាង, ដំបូលបើក, ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS, ហ្វ្រាំងដៃនៅខាងក្រោម បញ្ជាដោយជើង, ចង្កូតនិងចង្កឹះលេខស្រោបដោយស្បែក និងផ្នែកខ្លះទៀតស្រោបដោយស្បែក និងហ្វមីកាឈើ ដែលមើលទៅស្រស់ស្អាតជាងមុន, មានបំពាក់ជាមួយ នឹងពិលកាង និងមុខងារមួយចំនួនបញ្ជាដោយប៉ូតុងចុចជាដើម។
ឃើញថាវាមានភាពខុសគ្នាច្រើនដែរ តម្លៃក៏ទៅតាមហ្នឹងដែរ បើបងប្អូនចងជិះវា ទិញតាមទឹកលុយក៏បាន មិនជាបញ្ហាអ្វីឡើយ។ តែ XLE វាពិសេសច្រើន ហើយហាងឆេងទីផ្សារក៏សម្បូរជាងដែរ ម្យ៉ាងទៀតវាសុវត្ថិភាពជាង LE ដោយមានបំពាក់ហ្វ្រាំងឌីសគៀបលើកង់ទាំងបួន ហើយពោងសុវត្ថិភាពដល់ទៅ ៨គ្រាប់ឯណោះ។ ចំពោះបរិក្ខាខាងក្នុងវិញក៏ស្អាត និងប្លែកជាងច្រើនដែរ បើនិយាយពីភាពទំនើបជិះស្រួល XLE វាអេមជាងហើយ។
ជារួមផ្នែកខុសគ្នាទាំងអស់នេះ មិនទាក់ទងនិងគុណភាព ម៉ាស៊ីន និងជើងក្រោមរបស់ឡានអ្វីទេ វាគ្រាន់តែបង្ហាញពីភាពប្លែកគ្នារវាងការផ្តល់ជូនគ្រឿងបរិក្ខារ ឬខ្មែរយើងចំណាំហៅថា Option តែប៉ុណ្ណោះ។ ចំពោះអ្វីដែលសំខាន់បើចង់់ជិះ ទិញប្រើតាមទឹកលុយចុះ បើថវិកាខ្ពស់អាចហក់ដល់ XLE វាកាន់តែអេមទៅទៀត៕
អត្ថបទ៖ BunSak
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ