ចំពោះ Toyota Matrix វាមិនមែនជាឡានស៊េរីថ្មីអ្វីទេ អាយុកាលប្រហាក់ប្រហែលនឹងអាព្រូសដែរ គ្រាន់តែស្រុកខ្មែរយើងមិនសូវនិយមវាប៉ុន្មានទេ។ Matrix ត្រូវបាន Toyota ផលិតដំបូងនៅឆ្នាំ២០០៣ ដល់២០០៨ គេចាត់ជាជំនាន់ទី១ ដែល Toyota បានយកទម្រង់ Platform ចេញពី Corolla E130 និង Toyota Celica T230 ដើម្បីចេញជារថយន្ដ Hatchback មួយម៉ូឌែលទៀតគឺ Toyota Matrix នេះឯង។
ស្រុកខ្មែរយើងក៏ឃើញមានប្រើខ្លះៗដែរ ព្រោះវាជាឡានដែលធន់ ជើងក្រោមក៏ជិះស្រួល ស៊ីសាំងតិចសន្សំសំចៃគ្រាន់បើ ម្យ៉ាងទៀតនិយាយពីជាន់ស្ទុះរត់ល្បឿនវិញ អាចនិយាយបានថា Matrix នាំមុខ Prius និង Corolla ហើយ ។ចំពោះតម្លៃស្រុកខ្មែរយើងចន្លោះពី ៩០០០ដុល្លារជាង ទៅ១៣០០០ដុល្លារជាង អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option និងប្រភេទក្រដាស់ពន្ធ ឬស្លាកលេខជាដើម។
តម្លៃឃើញថាខ្ពស់គ្រាន់បើ ចង់ដឹងថាសមត្ថភាព និងលក្ខណៈមានអ្វីប្លែកខ្លះ តោះ! មកត្រួសត្រាយជាមួយ Advan Auto ទាំងអស់គ្នា។Matrix ត្រូវបាន Toyota បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ ១.៨លីត្រ ផលិតកម្លាំងបាន ១៣០សេះ កម្លាំងរមួល ១២៦ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ១០វិនាទី និងអាចរត់លឿនបំផុតបាន ១៨៦គីឡូម៉ែត្រ/ម៉ោង។
កម្រិតស៊ីសាំងវិញ ក្នុងក្រុង ៨.៥លីត្រ និង ក្រៅងក្រុង ៦.៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើកខ្វះតិចតួចទៅតាមការបើកបរជាក់ស្ដែង។មិនតែប៉ុណ្ណោះ Toyota ក៏មានជម្រើសម៉ាស៊ីនមួយប្រភេទទៀតសម្រាប់បងប្អូនដែលចូលចិត្តរត់ល្បឿន ទៅក្នុងជម្រើស Trims ឬ Option XRS នោះគឺ៖ម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ១.៨លីត្រដដែល តែបង្កើនកម្លាំងបានរហូតដល់ ១៨០សេះ កម្លាំងរមួល ១៣០ផោនហ្វីត រត់ជម្រើសប្រអប់លេខ ៦វគ្គលេខដៃ និង ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ(FWD) និងប៉ុងពី(AWD)។ បើនិយាយពីសន្ទុះវិញពី ០ ទៅ១០០គីឡូម៉ែត្រ/ម៉ោង សុីពេលតែ ៧.៧វិនាទីប៉ុណ្ណោះ និងអាចរត់ក្នុងល្បឿន អតិបរិមា ២០៧គីឡូម៉ែត្រ/ម៉ោង។
ចំពោះម៉ាស៊ីនមួយប្រភេទនេះ ស៊ីសាំងចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ អាស្រ័យលើការបើកបរជាក់ស្ដែង ។ ចំណុចនេះអាចនិយាយបានថា កម្លាំងខ្លាំងក៏ពិតមែន តែកម្រិតស៊ីសាំងក៏វាច្រើនតាមហ្នឹងដែរ ទើបបានជាប្រជាជនខ្មែរយើង ហាក់ដូចជាស្ទាក់ស្ទើរក្នុងការវិនិយោគលើ Matrix ។
ជើងក្រោមវិញ ដំណើរការដោយប្រព័ន្ធ ឯករាជ្រ Independent Suspension នៅផ្នែកខាងមុខ និងជំនួយដោយ ប៉ូមរឺស័រ MacPherson Strut ចំណែកខាងក្រោយប្រើជាប្រភេទ Torsion beam។ ចំពោះជើងក្រោមមុខក្រោយប្រភេទនេះ វាធ្វើការទប់លំណឹងបានល្អពេលជិះលឿន មិនឃ្លីងឃ្លោង ពិសេសនៅផ្លូវក្រលុកល្មមៗ អាចកាត់បន្ថយការលាក់បានល្អគួរសម តែបើរត់ល្បឿនលឿនជ្រេផ្លូវកោងវិញ មិនល្អដូចស្លាបប្រចៀវឌុប Double Wishbone និង Multi-Link ឡើយ។ គួបផ្សំជាមួយយាន់កង់ ១៧អីញ ប្រើហ្វាំងឌីសគៀបនៅខាងមុខ និងខាងក្រោយជា ហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS អញ្ចឹងប្រសិទ្ធភាពនៃការជាន់ហ្រ្វាំងអាចស្ទើរបន្តិច មិនលើស Toyota Prius ប៉ុន្មានទេ ។
Matrix មានរាងជាប្រភេទ Hatchback ដែលមានប្រវែង ៤៣៥១ម.ម ទទឹង ១៧៧៥ម.ម កម្ពស់ ១៥៥០ ពីដីមកបាត ១៥០ម.ម និងទម្ងន់១២២០គីឡូក្រាម។ខាងក្នុងរាងទូលាយគួរសម មានកៅអី២ជួរ អាចជិះបានគ្នា៥ ទៅ៦នាក់បាន និងសល់ឃ្លុបក្រោយ ប្រវែង ១.៥ម៉ែត្រ ទូលាយល្មមអាចដាក់ឥវ៉ានបានច្រើនគួរសម។ តាមពិតទៅ Matrix នេះមិនមានអ្វីដែលពិសេសប្លែកឡើយ ចង្កៀងមុខក្រោយប្រើប្រភេទធម្មតា ខាងក្នុងវិញក៏មិនមានអ្វីច្រើនដែរ តែវាបានបែងចែកចេញជា បី Trims ឬ Option ដែលមានដូចជា៖ Base ឬ Standard, XR, និង XRS។
ចំពោះ Base ឬ Standard វិញគឺធម្មតាទាំងអស់ ប្រើយ៉ាន់កង់ ១៦អីញ, អត់មានពិលកាង, មិនមានបំពាក់ប្រព័ន្ធ ABS និងខាងក្នុងធម្មតាជាងដើម។តែសម្រាប់ XR បំពាក់កាងខាងមុខរាងបែបស្ព័រ អមជាមួយនឹងពិលកាង, បន្ថែមជាមួយនឹង ABS, ដំបូលបើក, និងយាន់កង់ ១៧អីញជាដើម។ចំណែក XRS Full Option វិញបានប្រើជាមួយម៉ាសុីនធំ ដែលមានកម្លាំងសេះ ១៨០សេះ ជំនួយដោយ ABS និងហ្វ្រាំងគៀបលើកង់ទាំងមួន, មានកៅអី និងផ្នែកខាងខ្លះស្រោបដោយស្បែក។
សរុបមក Matrix ក្រៅតែពីធន់ស៊ីសាំងតិច និងម៉ាស៊ីនជាន់ស្ទុះ ដូចជាមិនមានអ្វីប្លែកដែលគួរឲ្យចាប់អារម្មណ៍នោះទេ។ នៅស្រុកគេៗនិយមប្រើវាព្រោះ តែវាធន់សន្សំសំចៃខ្ពស់ គេមិនផ្ដោត លើភាពទំនើបអ្វីប្លែកដូចស្រុកខ្មែរឡើយ។ ហេតុនេះហើយបានជានៅកម្ពុជាយើងមានប្រើដែរ តែមិនសម្បូរ ម្យ៉ាងទៀតវាធម្មតា តែតម្លៃវិញនៅខ្ពស់ ដូច្នេះបងប្អូនយើងគាត់អាចស្ទាក់ស្ទើរក្នុងការវិនិយោគលើ Matrix ណាស់។
ព្រោះរថយន្ដដែលមានតម្លៃចន្លោះពី ៩០០០ដុល្លារជាង ទៅ១០០០០ជាងក៏មានច្រើនជម្រើសគួរសមដែរ ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Matrix ជំនាន់ទី១នេះ៕
អត្ថបទ៖ BunSak @Advan Auto
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ