ស្រុកខ្មែរបើកបរប្រកាន់ស្ដាំ និងតម្រូវឲ្យប្រើប្រាស់រថយន្ដចង្កូតឆ្វេងគឺជាច្បាប់ និងជាគោលការចរាចរណ៍នៃប្រទេសកម្ពុជាយើង។ ហើយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក៏បានធ្វើការបង្ក្រាប់ និងទប់ស្កាតយ៉ាងកក្រើកទូទាំងប្រទេស ទៅលើឡានចង្កូតស្ដាំដែលភាគច្រើនជាឡានអត់ពន្ធនាំចូលពីថៃ និងមួយចំនួនទៀតជាប្រភេទឡានកាត់តជាដើម។
តែថ្ងៃនេះសូមមិននិយាយពីពពួកឡានចង្កូតស្ដាំ ដែលនាំចូលពីថៃ ឬមានក្នុងស្រុកស្រាប់ឡើយ យើងមកជជែកគ្នាពីឡាន Toyota មួយទឹកៗឆ្នាំខ្ពស់ដែល Dealer តាមឃ្លាំងរថយន្ដនាំចូលពីប្រទេសជប៉ុន ក្នុងនាមជាឡានចង្កូតស្ដាំប្ដូរមកឆ្វេង ដែលកំពុងដាក់លក់យ៉ាងទូលំទូលាយ ជាមួយតម្លៃធូៗ ចំនួន ៤ម៉ូឌែលក្នុងនោះរួមមាន៖
១/ Toyota Alphard ឆ្នាំ២០០៣ ដល់២០១៨
Alphard នៅស្រុកខ្មែរមាន ៣ជំនាន់ សម្រាប់ឆ្នាំ២០០៣ ដល់២០០៧ ជាជំនាន់ទី១ ដែលមានតម្លៃចាប់ពី ១៧,០០០ដុល្លារ ទៅ ២៥,០០០ដុល្លារជាង។
សម្រាប់ជំនាន់ទី២ ឆ្នាំ២០០៨ ដល់២០១៤ តម្លៃចាប់ពី ២៤,០០០ដុល្លារ ទៅ ៣៣,០០០ដុល្លារ ហើយសម្រាប់ជំនាន់ទី៣ ឆ្នាំ២០១៥ ដល់២០១៨ ចន្លោះពី ៦៥,០០០ដុល្លារ ទៅ ១១០,០០០ដុល្លារ ។
តម្លៃទាំងអស់នេះអាចប្រែប្រួលអាស្រ័យលើ ប្រភេទស្លាកលេខ ក្រដាសពន្ធ ឆ្នាំផលិត ពណ៌ Option ជម្រើសម៉ាស៊ីន និងភិនភាគជាក់ស្ដែង ហើយចាប់ពីឆ្នាំ២០១៥មក ក៏មានប្រភេទចង្កូតឆ្វេងហ្ស៊ីនដែរ ដែលគេហៅថា Spec Russia ចំពោះតម្លៃខ្ពស់ជាងពពួកចង្កូតស្ដាំខ្ទង់ ១ម៉ឺនដុល្លារជាង ទៅ ២ម៉ឺនដុល្លារជាងអីដែរ។
២/ Toyota Vellfire ឆ្នាំ២០០៨ ដល់ ២០១៨
ម៉ូឌែល Vellfire អាចថាគ្រួសារតែមួយនឹង Alphard ដែរតែខុសរូបរាងខាងក្រៅមុខក្រោយបន្ដិច ចំណែកខាងក្នុងជាទូទៅមានតែ ៧កៅអីខុសពី Alphard ៨កៅអីសម្រាប់តម្លៃវិញអាចថាប្រហាក់ប្រហែលគ្នាតែ Alphard រាងសម្បូរទីផ្សារ និងតម្លៃលើតិចតួចទៅតាមការនិយម។
៣/ Toyota Belta ឆ្នាំ២០០៦ ដល់២០១២
១ ម៉ូឌែលនេះ មួយរយៈចុងក្រោយនេះហាក់ទទួលការចាប់អារម្មណ៌ច្រើនគួរសម ព្រោះរូបរាងសមរម្យ សន្សំសំចៃ ជាមួយតម្លៃធូរគ្រាន់បើ ដែលចន្លោះពី ៨,០០០ដុល្លារ ទៅ១២,០០០ដុល្លារ ។
៤/ Toyota Vitz ឆ្នាំ២០០៦ ដល់២០១៦
Vitz ក៏សម្បូរគួរសមដែរ ចំពោះតម្លៃហាក់រាងខ្ពស់ជាង Belta ព្រោះ Vitz មាន Option ទំនើបប្លែកភ្នែកមិនចាញ់អាព្រូសប៉ុន្មានទេ។ ចំពោះតម្លៃសម្រាប់ពពួកឆ្នាំ២០០៦ ដល់២០១០ ក្បែរ ៧ពាន់ដុល្លារ ទៅក្បែរ ១ម៉ឺនដុល្លារ ។
ចូលឆ្នាំ២០១១ ដល់២០១៦ មានការផ្លាស់ប្ដូររូបរាង និងខាងក្នុងបន្ដិចជាមួយតម្លៃចន្លោះពី ៩០០០ដុល្លារជាង ទៅ ១៤០០០ដុល្លារជាង ។
និយាយរួមសម្រាប់ឡានទាំង ៤ម៉ូឌែលនេះ ហាក់មានការនាំចូល និងលក់ដូរកាក់កបគ្រាន់បើនៅលើទីផ្សារ ខណៈដែល ២ម៉ូឌែលចុងក្រោយនេះ សុទ្ធតែជាឡានឆ្នាំខ្ពស់ មានទាំងប្រភេទក្រដាសពន្ធតម្លៃក្រោម១ម៉ឺនក៏អាចរកទិញបានជិះដែរ ។
ម្យ៉ាងធន់ និងសន្សំសំចៃគួរសមក្នុងការប្រើប្រាស់ ណាមួយពពួកឡានទាំង ៤ម៉ូឌែលនេះសុទ្ធជាឡានផលិតដោយជប៉ុន ប្រើក្នុងប្រទេសជប៉ុនផ្ទាល់ ដែលអាចឲ្យយើងជឿទុកចិត្តបានក្នុងការប្រើប្រាស់។
ចំពោះករណីប្ដូរចង្កូតពីស្ដាំ មក ឆ្វេង បើតាមការឲ្យដឹងពីបងប្អូនអ្នកលក់ឡានជប៉ុនទាំង ៤ម៉ូឌែលខាងលើផ្ទាល់ រថយន្ដទាំងអស់ត្រូវប្ដូរចង្កូតពីក្រៅប្រទេស ឬនៅជប៉ុនឲ្យហើយសិនទើបអាចនាំចូលបាន។ ចំណែកកន្លែងខ្លះទៀត ក៏ធ្វើការរៀបចំបន្ថែមឡើងវិញនៅស្រុកខ្មែរក៏មានដែរ។
ដូចនេះសំណួរសួរថា តើហ៊ានទិញជិះឬអត់បើជាប្រភេទប្ដូរចង្កូតបែបនេះ? ហើយនរណាដែលហ៊ានធានា និងទទួលស្គាល់ពីកម្រិតគុណភាពទៅលើការផ្លាស់ប្ដូរចង្កូតនេះ? ប្រសិនកំពុងប្រើ ហើយមានបញ្ហាតើនរណាទទួលខុសត្រូវ? ចំពោះតម្លៃទីផ្សារលក់ចេញវិញយ៉ាងដូចម្ដេចដែរ?
សំនួរទាំងអស់នេះហើយ ដែលធ្វើឲ្យបងប្អូនមួយចំនួនហាក់មិនទាន់បានភាពជឿជាក់ និងទុកចិត្តទៅលើពពួករថយន្ដទាំងនេះ។ តែកន្លងមក បងប្អូនដែលទិញរថយន្ដទាំងនេះយកទៅប្រើដូចជាមិនទាន់ឮពីផលប៉ះពាល់ទៅលើប្រព័ន្ធមេកានិច និងកម្រិតខូចខាត់ធ្ងន់ធ្ងរ ណាមួយនៅឡើយទេ។
តែក៏មិនអត់សោះដែរ បងប្អូនខ្លះជួបប្រទះបញ្ហា ញ័រប្លុកម៉ាស៊ីន និងខាងក្នុង មានសម្លេងរំខានពេលធ្វើដំណើរ ហើយរថយន្ដខ្លះទៀត ពេលបើកល្បឿនលឿនចាប់ពី ក្បែ១០០គីឡូម៉ែត្រ/ម៉ោងឡើងទៅ ក៏មានការរំខានជាសម្លេង ឬរំញ័រជាដើម។ ចំពោះបញ្ហាគ្រោះថ្នាក់ដែលបណ្ដាលពីការប្ដូរចង្កូតនេះ ហាក់មិនទាន់កើតឡើងនៅឡើយទេខណៈពពួករថយន្ដទាំងនេះ នៅតែមានទីផ្សារលក់ចេញទិញចូលគួរសមនៅឡើយ។
សរុបមក សម្រាប់បងប្អូនដែលចាប់អារម្មណ៌ចង់ប្រើប្រាស់ សូមពិនិត្យឲ្យបានល្អិតល្អន់ និងបើកតេស្ដសាកល្បងឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដឹងពីកម្រិតនៃគុណភាពរបស់ឡានផ្ទាល់។
ម្យ៉ាងសូមការធានាពីឃ្លាំងលក់រថយន្ដ ឲ្យបានក្នុងរយៈពេលវែងណាមួយ ទៅលើប្រពន្ធមេកានិចមួយចំនួនដែលទាក់ទងនិងកន្លែង កែប្រែផ្លាស់ប្ដូរខុសពីសំណុះដើម ជៀសវាងមានបញ្ហាប្រការណាមួយទៅថ្ងៃមុខពេលកំពុងប្រើ។ តែសម្រាប់ទីផ្សារហាងឆេងសម្រាប់បងប្អូនប្រើហើយចង់លក់វិញនោះ អាចនឹងមិនប្រាកដដូចពពូក Toyota ចង្កូតឆ្វេងហ្ស៊ីនឡើយ ម៉្យាងផ្នែកគ្រឿងបន្លាស់វិញ មានដោយកន្លែងប៉ុណ្ណោះនៅភ្នំពេញ បើតាមខេត្តរាងយ៉ាប់បន្ដិចហើយ។
ចុះសម្រាប់បងប្អូនវិញយល់យ៉ាងដែរចំពោះឡានប្ដូរចង្កូតពីស្ដាំ មកឆ្វេងទាំង ៤ម៉ូឌែលនេះ? សម្រាប់បងប្អូនដែលមាន បទពិសោធន៍ មតិយបល់ និងព័ត៍មានបន្ថែមទាក់ទាំងនិងឡានទាំងនេះ អាចចែករំលែកបានដើម្បីឲ្យបងប្អូនយើងបានដឹងផង៕ អរគុណ!
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត