ឡានអ៉ឺរ៉ប់ BMW ប្រភេទ Crossover SUV នៅស្រុកខ្មែរឃើញមានសម្បូរតែពពួក X5 តាំងពីជំនាន់ទី១ មកម៉្លេះដែលផលិតក្នុងឆ្នាំ២០០០ ដល់ ២០០៦។ ត្រកូល X5 គឺជាប្រភេទឡាន Luxury Car លំដាប់ជួរមុខ ដ៏ល្បីមួយមិនចាញ់ឡានលំដាប់ថវិកាផ្សេងៗឡើយ មិនតែប៉ុណ្ណោះសម្រាប់ឆ្នាំ២០០៤ ដល់ ២០០៦ X5 ត្រូវបានធ្វើកំណែទម្រង់លើកទី១ ដោយមានការផ្លាស់ប្ដូរផ្នែកខ្លះឲ្យកាន់តែប្លែក និងទំនើបជាងមុនផងដែរ។
ថ្ងៃនេះយើងមកនិយាយពីឡាន BMW X5 ស៊េរីចាស់តែឃើញមានប្រើច្រើនគួរសម ណាមួយតម្លៃរាងធូរថ្លៃល្មមដែរ ជាក់ស្ដែងសម្រាប់ឆ្នាំ២០០០ ដល់០៣ ចន្លោះពី ៥០០០ដុល្លារជាង ទៅជិត១០០០០ដុល្លារ ចំណែកឆ្នាំ០៤ ដល់០៦ ខ្ទង់ ៧០០០ដុល្លារជាង ទៅ១០០០០ដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។
X5 មានម៉ាស៊ីនច្រើនជម្រើសដូចជា ប្រភេទម៉ាស៊ូត សាំង, ៦ស៊ីឡាំង, ៨ស៊ីឡាំង និងទំហំស៊ីឡាំងចំណុះផ្សេងៗគ្នា ។ តែជាក់ស្ដែងនៅស្រុកខ្មែរឃើញនាំចូលមកប្រើតែម៉ាស៊ីនសាំង ៦ស៊ីឡាំង (Inline 6) ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ២២៥សេះ កម្លាំងរមួល ២១៤ផោនហ្វីត។
កម្រិតស៊ីសាំងវិញ កាលចេញពីរោងចក្រដំបូលខ្ទង់២០ឆ្នាំមុន វាស៊ីចន្លោះពី ១០ ទៅ ១៨លីត្រក្នុង១០០គីឡូម៉ែត្រ តែបច្ចុប្បន្នអាចហក់ដល់ទៅ ១៣លីត្រ ទៅ២០លីត្រជាង ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។
ចំណែកប្រភេទម៉ាស៊ូតវិញបំពាក់ទំហំ ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ Inline 6 ផលិតកម្លាំងបាន ២១៨សេះ កម្លាំងរមួលរហូតដល់ទៅ ៣៦៩ផោនហ្វីត។
ប្រភេទម៉ាស៊ូតនេះវាស៊ីប្រេងតិចគួរសមចន្លោះពី ៧លីត្រទៅ ១២លីត្រ តែបច្ចុប្បន្នខ្ទង់ ១០លីត្រ ១៤លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពនៃការបើកបរជាក់ស្ដែង។
ម៉ាស៊ីនទាំងពីរជម្រើសនេះរត់ដោប្រអប់លេខ ៥វគ្គអូតូ និង៦វគ្គលេខដៃ បង្វិលកង់ដោយប៉ុងពីរ AWD អាចរត់ក្នុងល្បឿនជាអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង។
ប្លុកផ្នែកខាងក្រោម BMW X5 បំពាក់ជាមួយជើងក្រោមមិនអន់ទេ ដោយប្រើជាមួយនិង ប្រព័ន្ធទម្រឯករាជ្យភ្ជាប់កង់ទាំងបួនតែម្ដង Four-Wheel Independent Suspension ចំពោះផ្នែកខាងមុខអមដោយបូមរឺស័រ MacPherson Strut និងផ្នែកខាងក្រោយបំពាក់បន្ថែមដោយ Multi-Link Suspension។
ជើងក្រោមប្រភេទនេះវា ធ្វើការទប់លំនឹងបានល្អទោះបីជារត់ល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងឬវ៉ាជែងក៏ដោយ មិនឃ្លោង ជួយទប់ឡានមិនឲ្យផ្អៀងខ្លាំងពេលចុះឬឡើងទួល ពេលរត់ផ្លូវមិនរាបស្មើជើងក្រោមនេះ វាកាត់បន្ថយរលាក់ និងរំញ័របានច្រើនគួរសម ជាមួយនឹងទម្ងន់របស់ឡាន ២តោនជាងផងមើលទៅហាប់ណែនល្អណាស់។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធហ្វ្រាំង ABS ជាមួយនឹងប្រព័ន្ធ EBA, EBD, SC, TC, ទាំងនេះសុទ្ធតែជាប្រព័ន្ធជំនួយដ៏សំខាន់ៗផងដែរ។
ខាងក្រៅសម្រាប់ពពួកជំនាន់ទី១នេះ ហាក់មិនប្លែកទាក់ទាញប៉ុន្មានទេ បើគិតមកទល់ឆ្នាំ២០២៣នេះ រូបរាងបែបហ្នឹងហាក់ហួសសម័យទៅហើយបើធៀបជាមួយនឹងពពួកឡានជប៉ុនដូចជា Lexus និង Toyota ដែលមានឆ្នាំផលិតប្រហាក់ប្រហែលគ្នាជាដើម។ តែក៏មិនថ្វីទេសម្រាប់បងប្អូនដែលចូលចិត្ត BMW X5 នេះវានៅតែជាជម្រើសមួយនៅឡើយក្នុងនាមជាឡានធូរថ្លៃតែជិះស្រួល។ បើនិយាយពីចង្គៀងមុខ ពិលកាង ស្ដុបក្រោយវិញ X5 ប្រើប្រភេទ Halogen ធម្មតាប៉ុណ្ណោះ។ ចូលដល់ឆ្នាំ០៤ឡើងទៅទើបប្រើជាប្រភេទគុជ HID អមដោយ Daytime running light រាងភ្លឺគ្រាន់បើជាងមុនបន្ដិច។
ខាងក្នុងសម្រាប់ពពួកឡានអឺរ៉ុបមិនដែលអន់ឡើយ ទាំងគ្រឿងតុបតែងជាទូទៅបំពាក់សុទ្ធតែរបស់ល្អៗស្អាត មានគុណភាពខ្ពស់ និងធំទូលាយ ដើម្បីឲ្យសមជាឡានលំដាប់កំពូល Luxury Car។
សម្រាប់ពពួក Option ខ្ពស់ៗឬខ្មែរយើងតែហៅថា Full Option នោះឃើញមានបំពាក់មកជាមួយនៅ កៅអីស្បែកបែបស្ព័រខ្ដោបជំនួយដោយអេឡិត្រូនិច មាន Memory Seat ៣របៀបផ្នែកខាងអ្នកបើកបរ, ជាមួយផ្នែកជាច្រើនក្នុងរថយន្ដបំពាក់ដោយស្បែក និងរំលេចដោយឈើប្រណិត កម្ដៅកៅអី, ដំបូលបើក អេក្រង់ធំសម្រាប់បង្ហាញព័ត៌មានដូចជា GPS Camera ក្រោយ និងសម្រាប់បញ្ជាមុខងារផ្សេងៗផងដែរ។
ក្រៅពីនឹងក៏មាន ពោងសុវត្ថិភាព ៨គ្រាប់ជុំវិញ Speaker ១០ គ្រាប់ មុខងារមួយចំនួនបញ្ជាលើដៃចង្កូត កញ្ចក់ទាំងបួនអូតូ និងមានមុខងារផ្សេងៗជាច្រើនមួយចំនួនទៀតផងដែរ។
សរុបមកទោះបីជាស្អាត ធំទូលាយ កម្លាំងខ្លាំងជិះស្រួល និងធូរថ្លៃក៏ដោយ មានចំណុចមួយចំនួនដែលបងប្អូនមិនហ៊ានក្បែរនោះគឺ បញ្ហាកំហូចជាច្រើន តែងកើតមានចំពោះពពួកឡានអ៉ឺរ៉ុប់ទាំងនេះ។ ដែលភាគច្រើនបញ្ហាត្រង់ប្លុកម៉ាស៊ីន ប្រព័ន្ធមេកានិច
និងជើងក្រោមដូចជាប្រព័ន្ធបូមជាដើម ដែលធ្វើឲ្យការជួសជុលទាមទារកជាងជំនាញច្បាស់លាស់ ទាក់ទងនឹងប្រព័ន្ធកូដ ដើម្បីជួសជុលចំគោលដៅ។
ហើយការជួសជុលម្ដងៗប្រើរយៈពេលយូរអាចថារាប់ខែ បើធ្ងន់ធ្ងរអាចចូលដល់ឆ្នាំក៏មានដែរ ចំណែកគ្រឿងបន្លាស់ការជួសជុលមានតម្លៃថ្លៃមិនក្រោមពាន់ៗដុល្លារឡើយ ណាមួយមិនសូវសម្បូគ្រឿងបន្លាស់ទេ ភាគច្រើនជាគ្រឿងកុម្ម៉ងនាំចូលពីក្រៅស្រុកជាដើម។ មិនថាជាប្រភេទម៉ាស៊ីនសាំង ឬម៉ាស៊ូតទេ ឡានចាស់ៗឆ្នាំបែបនេះឧស្សាហ៌ធ្វើទុកណាស់ បើពពួកម៉ាស៊ីនម៉ាស៊ូតទៀត កាន់តែមានតម្លៃថ្លៃផងដែរ។ ម៉្យាងទៀតទោះបីជាមិនខូច ក៏ត្រូវចំណាយច្រើនលើការចាក់សាំង ព្រោះពពួកឡានអ៉ឺរ៉បមិនមែនជាឡានដែលសន្សំសំចៃឡើយក្នុងបរិបទស្រុកខ្មែរយើងនេះ ទាំងស្ថានភាពផ្លូវ និងគុណភាពឥន្ធនៈ មិនសម្បូរគ្រឿង ជាងជំនាញនៅមានកម្រិតជាដើម។
តែបើបងប្អូនយល់ដឹងពីបញ្ហាទាំងអស់នេះហើយ គិតថាមិនជាបញ្ហាអាចដោះស្រាយបាននោះ រកឡានណាបានឡានជិះស្រួលតម្លៃធូរៗបែបនឹង ត្រៀមតែលុយអោយច្រើនៗពេលខូចទៅបានហើយ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះឡាន BMW X5 មួយនេះ? បើមានមតិយោបល់ និងបទពិសោធន៍ជាចូលរួមចែករំលែកនៅក្នុង Comment ខាងក្រោមដើម្បីឲ្យបងប្អូនយើងបានដឹងផង៕
ដោយ៖ Bunsak
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ