Trailblazer ជាប្រភេទឡាន Min-Size SUV ៧កៅអី លំដាប់ជួរមុខមួយម៉ូឌែលរបស់ Chevrolet ដែលឃើញវត្តមានចររាចរណ៍លើដងផ្លូវស្រុកខ្មែរជាពពួកស៊េរីឆ្នាំ២០១២ ដល់២០២០។ ហើយដែលសម្បូរជាងគេនោះគឺឆ្នាំ០១២ ដល់០១៦ តែសម្រាប់ឆ្នាំ០១៧ឡើងទៅវាជាដំណាក់កាលកំណែរទម្រង់ផ្លាស់ប្ដូររូបរាងខាងក្រៅ និងខាងក្នុងបន្ថែមទៀតផងដែរ។
Trailblazer ទាំងតួរខ្លួន និងរូបរាងផ្នែកខ្លះត្រូវបានឌីស្សាញយកទម្រង់តាមលំនាំឡានដឹកប្រភេទ Pick Up ដ៏ល្បីឈ្មោះនោះគឺ Chevrolet Colorado ដូច្នេះហើយបើក្រឡេកមើលតែពីមុខអាចច្រឡំគ្នាដែរ។
ចំពោះភិនភាគទំំហំឡានទាំងមូលវិញមានប្រវែង ៤៨៨៧ម.ម ទទឺង ២១៣២ម.ម កម្ពស់ ១៨៥១ម.ម ពីដីមកបាតឡាន ២៥ម.ម ទន្ងន់២តោនជាង និងអាចផ្ទុកទម្ងន់បន្ថែមបានជិត ៨០០គីឡូក្រាមឯណោះ។
វាជាប្រភេទឡានកៅអី៣ជួរ ដែលអាចដឹកអ្នកដំណើរបានចន្លោះពី៧ ទៅ៨នាក់ និងមានអីវ៉ានបន្ថែមទៀត ដូច្នេះប្រព័ន្ធជើងក្រោមក៏ជាផ្នែកមួយសំខាន់ដែរសម្រាប់ធានាគារធ្វើដំណើរប្រកបដោយផាសុកភាព និងទំនុកចិត្ត។
Trailblazer បំពាក់ជើងក្រោមជាប្រភេទប្រព័ន្ធឯករាជ្យ Independent Suspension នៅផ្នែកខាងមុខ និងខាងក្រោយប្រើជាប្រភេទ 5-Link អមដោយរឺស័រ Coil Spring ជើងក្រោមប្រភេទនេះវាជួយទប់លំនឹងរត់ក្នុងល្បឿនលឿនបានល្អ និងកាត់បន្ថយការរលាក់បានច្រើន ហើយពេលចុះក្រឡុកឡើងទួលវាទប់ឡានមិនឲ្យផ្អៀងខ្លាំងឡើយ។
វាក៏បានបំពាក់នៅយាន់កង់ទំហំ ១៨អីញ ប្រើហ្វ្រាំឌីសគៀបផ្នែកខាងមុខនិងខាងក្រោយប្រើហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធ EBA, EBD, SC, TC, ESP និងមុខងារជំនួយពេលឡើង និងចុះចំណោត Hill and Descent Control ជាដើម។
ផ្នែកខាងក្នុងមិនទូលាយពេកក៏មិនចង្អៀតពេកដែរ ចំណែកភាពខុសប្លែកគ្នាអាស្រ័យទៅលើប្រភេទ Trim ឬ Option ដែលជាទូទៅស្រុកខ្មែរភាគច្រើននាំចូលនៅជម្រើស LT និង LTZ ឬហៅថា Full Option។
LT ជាប្រភេទធម្មតា អត់មានពិលកាង និងចង្គៀងមុខប្រើជា Halogen ធម្មតា ចំណែកខាក្នុងវិញបំពាក់កៅអីកាំម្ញី មិនមានជំនួយដោយអេឡិចត្រនិក, អត់មានអេក្រង់ LCD ហើយជាទូទៅពពួក LT នេះតែងជាប្រភេទរត់ដោយប៉ុង១ 2WD ឬ 4x2 ចំណែកកៅអី៣ជួរ និងរន្ធម៉ាស៊ីនត្រជាក់ក្រោយត្រូវបានបំពាក់មកជាស្ដង់ដារតែម្ដង។
ចំពោះប្រភេទ LTZ វិញខាងក្រៅមានពិលកាង ប្រើចង្គៀងគុជប្រភេទ HID រាងភ្លឺច្បាស់គ្រាន់បើ អមដោយ Daytime Running Light ជាមួយនិងស្ដុបក្រោយ LED ផងដែរ។ ខាងក្នុងបំពាក់ដោយកៅអីស្បែកជំនួយដោយអេឡិចត្រនិច, មានអេក្រង់ LCD ៨អីញ អាចភ្ជាប់ Bluetooth GPS និងសម្រាប់មើលកាម៉េរាក្រោយ មានសេនស័រជំនួយពេលចូលចត និងមានមុខងារជាច្រើនទៀតផងដែរ។ ហើយជាទូទៅពពួក LTZ នេះតែងជាប្រភេទរត់ដោយប៉ុង២ 4WD ឬ 4x4 ដែលជំនួយដោយកាប់ពីតាស និងមានមុខងារ Lock ប៉ុងផងដែរ។
ផ្នែកប្លុកម៉ាស៊ីនវិញស្រុកខ្មែរនាំចូលមកតែប្រភេទម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.៨លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០០សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ អាចរត់បានល្បឿនជាអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រប្រើពេល១០វិនាទី។
កម្រិតស៊ីប្រេងវិញគួរសមចន្លោះពី ៨លីត្រទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
តម្លៃទីផ្សារបច្ចុប្បន្នវិញទោះបីជាឡានថ្មីមានច្រើនជម្រើស តម្លៃធូរៗក៏ដោយតែ Trailblazer នេះមិនទាន់ជាចុះថ្លៃណាស់ណាទេ ជាក់ស្ដែងនៅខ្ទង់ ២ម៉ឺនល្លារក្រាស់ ទៅជិត៣ម៉ឺនស្ដើងនៅឡើយ ឬអាចថាធូរជាង Highlander ឆ្នាំ០៨ ផង។ តម្លៃក៏អាចប្រែងប្រួលអាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែងជាដើម។
ជារួមចំពោះ Chevrolet Trailblazer ឆ្នាំ០១២ ដល់០១៦នេះ អាចនិយាយបានថាសមត្ថភាព គុណភាព ផាសុកភាព ស័ក្កិសមជាមួយនិងថ្លៃហើយក៏ជាប្រភេទឡានមួយទឹកឆ្នាំខ្ពស់ផងដែរ។ ក្នុងតម្លៃ២ម៉ឺនដុល្លារក្រាស់ ឡានកៅអី៣ជួរ វាអាចជាតម្រូវការសម្រាប់បងប្អូនដែលមានសមាជិកច្រើនមិនចង់ប្រើប្រភេទ Van ទេអាចពិចារណាជាមួយ Trailblazer នេះបាន។
ចុះបងប្អូនយល់យ៉ាងណា បើមានលុយក្រោម ៣ម៉ឺនដុល្លារជាងចង់ជិះឡាន SUV ៧កៅអីស៊ីប្រេងតិចដូច Trailblazer ឬក៏មានជម្រើសឡានផ្សេង? អាចចូលរួមចែករំលែកមតិយោបល់បាន៕
ដោយ៖ Bunsak
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត