ក្នុងឆ្នាំ២០២៣នេះ សម្រាប់បងប្អូនដែលមានលុយខ្ទង់ ២ម៉ឺនដុល្លារជាង ស្រឡាញ់ឡានប្រភេទ Hybrid ប្រើសន្សំសំចៃ ជាមួយនឹងភាពទំនើបគួរសម។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្តមួយទឹក សូមលើកយកពីលក្ខណៈត្រួសៗខ្លះៗរបស់ឡាន Hybrid ដែលពេញនិយមកំពុងចររាចរណ៍លើដងផ្លូវឃើញមិនសូវដាច់ភ្នែក មកជូនបងប្អូនគ្រាន់ពិចារណាមើលលេងៗបាន។
1. Toyota Prius 2010-2012
Prius ជាប្រភេទឡានសន្សំសំចៃ តូចតែទូលាយគួរសម នៅស្រុកខ្មែរតាមដងផ្លូវមួយណាដែលមិនឃើញអាព្រូស។ ដែលសម្បូរភាគច្រើនជាជំនាន់ទី២ ឆ្នាំ២០០៤ ដល់២០០៩ និង ជំនាន់ទី៣ ពីឆ្នាំ ២០១០ ដល់ ២០១៥ ចំណែកស៊េរីឆ្នាំ ២០១៦ ក៏ឃើញមួយៗដែរ។
ចំពោះព្រូស ២០១០ ទីផ្សារបច្ចុប្បន្នចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៍ Option ប្រភេទស្លាកលេខ និងក្រដាសពន្ធជាដើម។
Toyota Prius ជំនាន់ទី២ ប្រើម៉ាសុីន ៤សុីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងបាន ៩៨ សេះ បន្ថែមជាមួយនិងម៉ូទរ័ Hybrid មួយគ្រាប់ ធ្វើការរួមគ្នាបង្កើនកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, និង Power Mode រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ប្រភេទ CVT និងបង្វិលកង់ដោយ ប៉ុងមុខ (FWD)។ ព្រូសសុីសាំងចន្លោះពី ៥លីត្រ ទៅ៦លីត្រប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ។
2. Lexus CT 200h 2011-2013
និយាយពី CT200h ជិត៥ឆ្នាំកន្លងមកនេះ នៅស្រុកខ្មែរ ក៏សម្បូរនាក់ជិះច្រើនដែរ ភាគច្រើនជាស៊េរីឆ្នាំ២០១១ ដល់ ២០១៤ ពេញនិយមខ្លាំងសម្រាប់យុវវ័យ សុភាពនារី និស្សិត អ្នកធ្វើការ ពិសេសនៅទីក្រុងតែម្ដង។ វាជាប្រភេទឡាន Hatchback Hybrid ថ្វីត្បិតតែពាក់អាវជា Lexus តែម៉ាសុីន និង performance មួយចំនួនទៀតជារបស់ Toyota Prius ២០១០ សុទ្ធសាធ។
ជាក់ស្ដែង Ct200h ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងសរុប បូកទាំងមូទ័រអគ្គិសនីមួយគ្រាប់ បាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, Normal, និង Sport Mode រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។ កម្រិតស៊ីសាំង សម្រាប់ក្នុងក្រុង ៥លីត្រ និងក្រៅក្រុង ៦លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ចំពោះតម្លៃចន្លោះពី ២០០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារជាង អាស្រ័យលើ ពណ៍ ឆ្នាំផលិត Option នឹងស្លាកលេខ ឬក្រដាស់ពន្ធជាដើម។
3. Lexus HS250h 2010-2012
HS250h ទោះបីជាមិនសូវលេចមុខមាត់ខ្លាំងដូចអាព្រូស តែវាក៏ជាជាឡានប្រភេទ Hybrid មួយម៉ូឌែល ឃើញប្រើច្រើនគួរសមនៅស្រុកខ្មែរ។
HS ប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ បូកទាំងមូទ័រអគ្គិសនីផង អាចផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៣៨ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។ វាមានជំនួយដោយ Driving Mode ៣ដូចជា៖ EV, Eco, Power Mode។
ម៉ាស៊ីនធំជាងអាព្រូសមែន តែកម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើ ជាក់ស្ដែង១០០គីឡូម៉ែត្រចំណាយត្រឹមតែ ៧ លីត្រទៅ ៨លីត្រប៉ុណ្ណោះ។
ចំពោះតម្លៃវិញដោយពពួក HS250h ជាប្រភេទឡាន Hybrid ឆ្នាំខ្ពស់ និងសម្បូរដោយ Option ទំនើបៗគួរសមដែរនោះទើបបធ្វើឲ្យតម្លៃនៅខ្ពស់គួរសម ដែលន្លោះពី ២៤០០០ដុល្លារជាង ទៅ៣០០០០ដុល្លារជាង។
4. Camry Hybrid 2007-2009
ក្រឡេកមកមើលប្រភេទ Camry Hybrid វិញ Toyota បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៤ លីត្រ ជំនួយដោយម៉ូទ័រ ១គ្រាប់ សរុបកម្លាំងម៉ាសុីន និងម៉ូទ័រផលិតបាន ១៤៧សេះ ប្រើប្រអប់លេខ CVT អូសទាញដោយប៉ុងមុខ (FWD) មិនមានជំនួយដោយ Drive Mode ដូចបងប្អូនរួមគ្រូសារខាងលើឡើយ។ ចំពោះ Camry នេះដែរស៊ីសាំងចន្លោះពី ៧លីត្រ ទៅ៨លីត្រជាងក្នុង១០០គីឡូម៉ែត្រ។
និយាយពីតម្លៃវិញខ្ទង់ ១ម៉ឺនក្រាស់ ទៅ២ម៉ឺនស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។
5. Lexus RX400h
RX 400h គីជាឡានដំណើរការដោយប្រព័ន្ធ Hybrid ដំបូងបំផុតមួយរបស់ក្រុមហ៊ុន Lexus ក្នុងប្រភេទជា Crossover SUV ហើយនៅស្រុកខ្មែរវិញ ឃើញមិនចាញ់ពពួក Camry និង Toyota ព្រូសនៅឡើយ។
RX400h ប្រើម៉ាស៊ីន ៦ស៊ីឡាំង តំរៀបជាអក្សរ V ចំណុះ៣.៣ លីត្រ ផលិតកម្លាំង ២០៨សេះ បូកបន្ថែមម៉ូទ័រអគ្គិសនី ៣គ្រាប់ទៀត បង្កើនកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ២១២ផោនហ្វីត រត់ដោយប្រអប់លេខ CVT ដែលចែកកម្លាំងពីម៉ូទ័រទៅបង្វិលកង់ដោយផ្ទាល់ ធ្វើឲ្យការចូលលេខស្មូតល្អ។ វាមានជម្រើសប៉ុងមួយ (FWD) និងប៉ុងពីរ(AWD) ជាមួយកម្រិតស៊ីសាំងរាងខ្ពស់ជាងគេបន្ដិចចន្លោះពី ៨លីត្រជាង ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ចំពោះតម្លៃចន្លោះពី ២៥០០០ដុល្លារ ទៅ៣៣០០០ដុល្លាជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងប្រភេទស្លាកលេខ ឬក្រដាស់ពន្ធជាដើម។
សរុបមកឡាន Hybrid ទាំង៥ម៉ូឌែល ក៏ជាគោលដៅសម្រាប់បងប្អូនដែលមានថិវិកាខ្ទង់ ២ម៉ឺនដុល្លារជាងដែរ។ ជាប្រភេទឡានមួយទឹកមែន តែអាចនិយាយបានថា ឡានថ្មីខ្លាញ់គោតម្លៃ ២ម៉ឺនដុល្លារជាង ទៅ៣ម៉ឺនដុល្លារខ្លះ សមត្ថភាព ហាក់លោតមិនរួចជាមួយឡានមួយទឹកទាំងនេះផង។
ចំពោះប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាវិញ ដកតែ Camry និង Lexus RX400h ចេញក្រៅពីនឹងសម្រាប់ Option ខ្ពស់ៗសុទ្ធតែមានបំពាក់នៅ សេនស័រ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sence មិនអន់ប៉ុន្មានឡើយ។
ជាចុងក្រោយ ទាំងនេះគ្រាន់តែត្រួសៗពីប្លុកម៉ាស៊ីន កម្រិតស៊ីសាំង និងតម្លៃប៉ុណ្ណោះ។ សម្រាប់បងប្អូនដែលចង់ដឹងលម្អិតពីលក្ខណៈទូទៅ Option, Spesc របស់ឡាននីមួយៗ អាចចូលមើលបន្ថែមក្នុង អត្ថបទកម្មវិធីបទបង្ហាញរថយន្តមួយទឹក របស់ Advan Auto បាន៕អរគុណ!
ដោយ៖ Bunsak
អគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិតDEEPALបានបើកសម្ពោធជាផ្លូវការ បានដោយជោគជ័យ
ធ្លាប់ជាឡាន Luxury មួយដែរ! ពេលនេះ GX470 កាន់តែបន្ដធ្លាក់ថ្លៃ បច្ចុប្បន្ននៅខ្ទង់ ១ម៉ឺនស្ដើងប៉ុណ្ណោះ
ស្វាគមន៍សមាជិកថ្មី ម៉ូឌែល 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝟒𝐱𝟒 ថ្មី!!📣ជាមួយតំលៃពិសេសត្រឹមតែ
City Car Kia Ray ជាប្រភេទឡាន Minivan ខ្នាតតូចស្រួលប្រើតម្លៃក្រោម 1ម៉ឺនដុល្លារ សមស្រប់បងប្អូនរស់នៅទីក្រុង
ធ្លាប់ជាឡាន Luxury មួយដែរ! ពេលនេះ GX470 កាន់តែបន្ដធ្លាក់ថ្លៃ បច្ចុប្បន្ននៅខ្ទង់ ១ម៉ឺនស្ដើងប៉ុណ្ណោះ
City Car Kia Ray ជាប្រភេទឡាន Minivan ខ្នាតតូចស្រួលប្រើតម្លៃក្រោម 1ម៉ឺនដុល្លារ សមស្រប់បងប្អូនរស់នៅទីក្រុង
កាន់ ៣ម៉ឺនជាងចង់រក Pick Up ខ្លាញ់គោស៊េរីឆ្នាំ២០២៤ ដែលមានលក្ខណមិនសាមញ្ញពេកអាចពិចារណា Musso Grand បាន
ចង់ជិះ Staria ពពួកស្លាកលេខគួរកាន់ប៉ុន្មាន? ខណៈ Option មានដល់ទៅ 3 ប្រភេទ តម្លៃវិញខុសគ្នាខ្ទង់ 1ម៉ឺនដុល្លារជាង