បងប្អូនណាធ្លាប់ទៅស្រុកថៃដឹងហើយ តាមដងផ្លូវស្ទើរតែគ្រប់ផ្ទះឃើញមិនដាច់ភ្នែកសម្បូរណាស់ Isuzu D Max។ កំពូល Pick Up របស់ Isuzu មួយម៉ូឌែលនេះផលិតដំបូងនៅឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១២ ដែលចាប់ទុកជាជំនាន់ទី១។ តែអ្វីកាន់តែប្លែកថ្មីពិសេសនោះគឺ D Max ជំនាន់ទី២ ដែលផលិតក្នុងឆ្នាំ២០១៣ ដល់២០១៩ មានការផ្លាស់ប្ដូរច្រើន ហើយបើគិតដល់បច្ចុប្បន្ននេះ D Max ដំណើរការផលិតរបស់ខ្លួនបាន៣ជំនាន់ទៅហើយក្នុងរយៈ ពេល២០ឆ្នាំនេះ។
- D-Max ជំនាន់ទី២ ដែលត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុន General Motors។ ដូចទៅនឹងម៉ូដែលមុនៗដែរ D-Max ការឌីស្សាញតួរខ្លួន សមាសធាតុមេកានិច និងការរចនាខាងក្នុងស្រដៀងគ្នាជាមួយនឹងរថយន្ត Chevrolet Colorado ជំនាន់ទី២ដែរ។ ចំពោះម៉ូដែល០១៣ឡើងទៅមានលក្ខណៈពិសេសខុសប្លែកពីស៊េរីមុនៗ ដោយគ្រោងឆ្អឹង Ladder Frame ថ្មី បានបំពាក់ទម្រង់ Platform ដែល Isuzu ហៅថា I-GRIP មានសម្ថភាពខ្លាំងជាងមុន 42% ទៅលើការអូសសណ្ដោង ការផ្ទុកទម្ងន់ និងបានពង្រីកប្រវែងគម្លាតកង់ វែងជាងមុន ៤៥ម.ម សម្រាប់ម៉ូឌែលស្តង់ដារដែលមានពីរបាំង។
១. ចំពោះកម្លាំងម៉ាស៊ីនវិញ ស្រុកខ្មែរប្រើពីរជម្រើសប្រភេទម៉ាស៊ូតដូចជា៖
- ម៉ាស៊ីន៤ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៨០ផោនហ្វីត ដែលខ្មែរយើងហៅថាម៉ាស៊ីនធំ។ វាស៊ីប្រេងចន្លោះពី ៩លីត្រ ទៅ១១លីត្រក្នុង១០០គីឡូម៉ែត្រ។
- ម៉ាស៊ីន៤ស៊ីឡាំងដូចជាគ្នា តែចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៣៦សេះ កម្លាំងរមួល ២៣៦ផោនហ្វីត ស្រុកយើងហៅថាម៉ាស៊ីនតូច។ វាស៊ីសាំងខ្ទង់ ៧លីត្រ ទៅ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ។
- ម៉ាស៊ីនទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងប្រភេទលេខដៃ បង្វិលកង់ដោយប៉ុងមួយ (4x2) និងប៉ុងពីរ (4x4) ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាពីតាស់។
២. D Max ការរចនាផ្នែកខាងក្រៅមើលទៅប្លែកជាងជំនាន់មុន ដោយប្រើចង្កៀងគុជ LED អមដោយសំណាញ់បាណា និងពិលកាងរាងទម្លាកបន្ដិចស្អាតម្យ៉ាង។
វាមានប្រវែង ៥២៩៥ម.ម ទទឹង ១៨៦០ម.ម កម្ពស់ ១៧៨៥ម.ម ពីដីមកបាត ២២៥ម.ម ទម្ងន់ ១៩៤៥គីឡូក្រាម អាចដឹងទម្ងន់បាន ១តោនជាង និងមានសមត្ថភាពអូសសណ្ដោងរហូតដល់ទៅ ៣.៥តោនឯណោះ។
- ចំពោះជើងក្រោមវិញ ដំណើរការដោយប្រពន្ធ័ស្លាបប្រចៀវឌុប Double Wishbone ជំនួយដោយរុំស័រ Coil Spring និង Gas Damper នៅផ្នែកខាងមុខ ចំណែកខាងក្រោយបំពាក់ជា ជន្ទាស់ Leaf Spring ជំនួយដោយបូមហ្គាស់ខ្យល់ Gas Damper។ ជើងក្រោមប្រភេទនេះមិនត្រឹមតែជំនួយដល់ការដឹកទម្ងន់ធ្ងន់ៗ នោះទេ វាក៏ជួយទប់លំណឹង និងកាត់បន្ថយរលាក់ខ្លះដែរនៅផ្លូវក្រឡុក។
ចំណែកយាន់កង់ Isuzu ប្រើទំហំ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS។ ក្រៅពីនឹងក៏មានបំពាក់ជាមួយប្រព័ន្ធទប់លំណឹង ប្រព័ន្ធជំនួយ និងបែងចែកសម្ពាធហ្វ្រាំងមួយចំនួនដូចជា៖ ESC, TCS, BA, និង EBD ជាដើម។
២. ខាងក្នុងបើជាប្រភេទពីរបាំង ទ្វា៤ កៅអី ២ជួរទទូលាយគ្រាន់គួរសម បើជាប្រភេទ Trim ខ្ពស់ឬ Full Option វិញមានបំពាក់មកជាមួយ កៅអីស្បែកជំនួយដោយអេឡិចត្រនិក, អេក្រងធំប្រភេទ Kenwood, Speaker ៤គ្រាប់, ពោងសុវត្ថិភាព ៦, មាន GPS, កាមេរាក្រោយ និងមានមុខងារមួយចំនួនបញ្ជាលើចង្កូត ជាដើម។
- និយាយពីតម្លៃទីផ្សារវិញស្លាកលេខក្នុងស្រុក ស៊េរីឆ្នាំ០១៣ ដល់០១៥ បងប្អូនអាចរកទិញបានចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនស្ដើង អាស្រ័យលើឆ្នាំ ផលិត ប្រភេទម៉ាស៊ីន និងភិនភាគជាក់ស្ដែង។
- ជារួម Isuzu ពិតជាសម្បូរមែននៅស្រុកថៃ ព្រោះជាប្រទេសដែលដំឡើង D Max ផ្ទាល់សម្រាប់ទីផ្សារអាស៊ី ម្យ៉ាងទៀតបូករួមទាំងកម្រិតស៊ីប្រេងសន្សំសំចៃ និងកម្លាំងខ្លាំងផងទើបវាស័ក្កិសមសម្រាប់ប្រជាកសិករនៅទីនោះ ងាយស្រួលក្នុងប្រើប្រាស់ និងចំណាយតិច។
- តែសម្រាប់ស្រុកខ្មែរយើងវិញ ក៏និយមដែរតម្លៃទីផ្សារគ្រាន់បើ តែចំពោះគ្រឿងបន្លាស់វិញមិនសូវសម្បូរឡើយ ម្យ៉ាងទៀតស្របពេលបរិបថនៅកម្ពុជា កំពុងបង្ក្រាប់ឡានអត់ពន្ធផង ដែលទាមទារឲ្យប្ដូរចង្កូតពីស្ដាំមកឆ្វេង។ ដូច្នេះ Isuzu D Max ក៏ជាមុខសញ្ញាធំដែរ បើចង់ទិញប្រើត្រូវពិនិត្យមើលឲ្យច្បាស់ល្អិតល្អន់ចៀសវៀងចំឡានកែចង្កូត ពេលប្រើស្ទើរចិត្ត ណាមួយលក់ចេញវិញ ក៏ខាតច្រើនដែរ៕
ដោយ៖ BunSak
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ