HS250h ជាឡានប្រភេទ Sedan ដែលបំពាក់នៅមុខងារ Hybrid System ត្រូវបាន Lexus ផលិតដំបូលនៅឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ តែចាប់ពីឆ្នាំ២០១៣ HS250h បានធ្វើការផ្លាស់ប្ដូរផ្នែកខ្លះតិចតួចបន្ថែមទៀតទៅ។ កាលនោះជាឡានល្បីនៅទីផ្សារអាមេរិក អីឡូវជាឡានមួយទឹកធ្លាក់ដល់ស្រុកខ្មែរក៏ល្បីម្ដងទៀត ព្រោះរូបរាងនៅទាន់សម័យ សន្សំសំចៃ កម្លាំងសន្ទុះខ្លាំងគ្រាន់បើ និងទំនើបផង ទើបធ្វើឲ្យ HS250h នៅតម្លៃខ្លួនខ្ពស់គួរសម។
ជាក់ស្ដែងក្នុងស្រុកភាគច្រើនជាស៊េរីឆ្នាំ២០១០ ដល់២០១២ ទីផ្សារហាងឆេងបងប្អូនអាចរកទិញបានចន្លោះពី ២៤០០០ដុល្លារជាង ទៅ៣០០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។
HS 250h ប្រើម៉ាស៊ីនតូចល្មមទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ បូកទាំងមូទ័រអគ្គិសនីផង អាចផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៣៨ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។ វាមាន Driving Mode ដូចជា៖ EV, Eco, Power Mode នឹងអាចរត់ក្នុងល្បឿនជាអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៨.៤វិនាទី។
កម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើ ជាក់ស្ដែង១០០គីឡូម៉ែត្រចំណាយត្រឹមតែ ៧ លីត្រទៅ ៨លីត្រប៉ុណ្ណោះ។
និយាយពីជើងក្រោមវិញ Lexus ឆ្នាំខ្ពស់ទំនើបគួរសមបែបនេះ ប្រាកដជាមិនធ្វើឲ្យអតិថិជនខកចិត្តឡើយ HS250h ប្រើប្រព័ន្ធជើងក្រោម ឯករាជ្យភ្ជាប់កង់ទាំងបួនតែម្ដង Four-Wheel Independent Suspension ចំណែកផ្នែកខាងមុខបំពាក់បន្ថែមដោយ បូមរឺស័រ MacPherson Strut និងខាងក្រោយជំនួយដោយ ស្លាបប្រចៀវឌុប Double Wishbone អមដោយ Stabilizer Bar។ ជើងក្រោមប្រភេទនេះ វាទប់លំនឹងបានល្អ កាត់បន្ថយការរលាក់បានច្រើន មិនធ្វើឲ្យឡានឃ្លោងឡើយ ពិសេសភាពបត់បែនបានល្អពេលចុះក្រឡុក ឬវ៉ាជែង និងផ្លូវកោង ទោះបីជាបើកក្នុងល្បឿនលឿនក៏ដោយ។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញជាស្ដង់ដា បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធជំនួយសំខាន់ៗដូចជា៖ EBA, EBD, TC, SC, ជាដើម។
ការរចនារូបរាងបែបស្លីម ស្អាតទាន់សម័យ ដែលមើលទៅសក្កិសមជា Luxury Car ចំណែកចង្កៀងមុខវិញរាងអូសទម្លាក់បន្ដិចប្រើគុជ LED ប្រភេទ AFS ដែលចេះរ៉េឆ្វេងស្ដាំទៅតាមចង្កូត និងជះពន្លឺបានច្បាស់ល្អ។ អមដោយបាណាបន្ទះៗ រំលិចដោយរន្ធខ្យល់សម្រាប់ចូលទៅស្អំម៉ាស៊ីន ជាមួយពិលកាង និងស្ដុបក្រោយសុទ្ធតែប្រើជា LED ទាំងអស់។
ខាងក្នុងស្អាតប្លែកទៅតាម Trim ឬ Option ដែលមាន3 ជម្រើសដូចជា៖ Base, Premium, និង Package Technology។
250h ជាប្រភេទឡានទ្វា៤ កៅអី២ជួរអាចជិះបានគ្នា៥នាក់ បើជា Base Option ជាស្ដង់ដាឃើញបំពាក់មកនៅ Smart Key ប៉ូតុង Power,កម្តៅកញ្ចក់ និងកញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ដំបូលបើក, ពោងសុវត្ថិភាព ១០គ្រាប់, Speaker ១០គ្រាប់, Bluetooth អាចភ្ជាប់ជាមួយទូរសព្ទ័, កៅអីស្បែក Upholstery អេឡិចត្រូនិកជំនួយដោយ Lumbar Support, ម៉ាស៊ីនត្រជាក់បែបចែកតំបន់ជាដើម។
ចំពោះ Premium បន្ថែម កៅអីចាំទីតាំង ប្រភេទស្បែកប្រណិត Premium មានមុខងារក្ដៅត្រជាក់, កញ្ចក់មើលក្រោយទាំងអស់ កាត់ចំណាំងផ្លាត់ និងក្ដោបអូតូ, ផ្លិតទឹកអូតូ, យាន់កង់ប្រើទំហំ ១៨អីញ, Speaker 15 គ្រាប់ម៉ាក Mark Levinson ផ្នែកកាបីន និងផ្នែកខ្លះតុបតែងជាឈើ និងស្បែក ជាដើម។
ចំពោះ Premium Package Technology វិញមានមានបំពាក់នៅ កាម៉េរាមុខក្រោយ Sensor ជំនួយពេលចូលចត, ចង្កៀងខាងមុខ Intelligent Highbeam មានសមត្ថិភាពទម្លាក់ដំឡើងកូតដោយស្វ័យប្រវត្តិ, មានស្លាយកុងទ័រ Head-up display, ប្រព័ន្ធ Alert ផ្ដល់សញ្ញាក្នុងករណីអ្នកបើកបរងងុយគេង, មុខងារ GPS ឆ្លាតវ៉ៃដែលមានសមត្ថភាពចាប់យកស្ថានភាព ចររាចណ៍ និងអាកាសធាតុជាដើម និងមានមុខងារពិសេសៗដូចជា៖
1. Lane Keeping Assist រក្សាឡានឲ្យរត់កណ្តាលគន្លង
2. Pre-collision System ជូនដំណឹងពេលមានឧបកស័គ្គឬគ្រោះថ្នាក់នៅខាងមុខ
3. Dynamic Radar Cruise control ចាប់ល្បឿនអូតូតាមឡានខាងមុខ ដោយស្វយ័ប្រវត្តិ ផងដែរ។
និយាយរួម HS250h សមត្ថភាព និងរូបរាងចាត់ទុកថាទំនើបទាន់សម័យគ្រាន់បើ ទោះបីអាយុកាល ១០ជាងក្ដី។ កម្លាំងខ្លាំងជាន់ស្ទុះគួរសម សន្សំសំចៃ ធន់ ជិះស្រួល ខាងក្នុងស្អាត និងស្ងាត់ល្អ ទាំងនេះសុទ្ធតែជាចំណុចពិសេសដែលមាននៅលើ ម៉ូឌែល HS250h។
ចំពោះបងប្អូនដែលមានថវិកាចន្លោះពី ២៥០០០ដុល្លារជាង ទៅ៣០០០០ដុល្លារ ចង់ជិះឡាន Sedan ក្រៅពីឡានផ្សេង ក៏អាចពិចារណាទៅលើត្រកូល HS250h នេះបានផងដែរ ព្រោះវានៅតែពេញនិយម និង Luxury ដដែលក្នុងឆ្នាំ២០២២នេះ៕
ដោយ៖ BunSak
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ