Lexus RX300 ជាឡានដែលល្បី និងពេញនិយមខ្លាំងកាលពី១០ឆ្នាំមុន តែពេលនេះហាក់មិនសូវជាមានសន្ទុះខ្លាំងដូចពីមុនឡើយសម្រាប់ទីផ្សារលក់ចេញទិញចូល។ តែក៏មិនទាន់ស្ងាត់ដែរ នៅតែចរាចរណ៌ពេញផ្ទៃប្រទេសដដែល ពិសេសតាមខេត្តសម្បូរពពួក Lexus RX300 នេះណាស់។
សម្រាប់ RX300 នេះដែរមានបែបចែងចេញជាពីដំណាក់កាលក្នុងជំនាន់ទី១ហ្នឹង ដូចជាស៊េរីឆ្នាំ៩៩ ដល់ ២០០០ ជាប្រភេទធម្មតាមិនមានអ្វីពិសេសប្លែកឡើយ គឺមានតែជម្រើស រត់ដោយប៉ុង១ និងប៉ុង២ ប៉ុណ្ណោះ។ តែចូលដល់ឆ្នាំ០១ ទើប Lexus ធ្វើការកែប្រែផ្លាស់ប្ដូរបំពាក់បន្ថែមខ្លះ និងមានបែងចែកជា Option សម្រាប់ផ្ដល់ជាជម្រើសដល់អតិថិជន។
ចំពោះតម្លៃទីផ្សារនៅស្រុកខ្មែរវិញ សម្រាប់ឆ្នាំ៩៩ ដល់២០០០ ខ្ទង់ ៧០០០ដុល្លារជាង ទៅ ១២០០០ដុល្លារជាង ឬអាចប្រែប្រួលតិចតួចទៅតាមភិនភាគជាក់ស្ដែង ដែលភាគច្រើនជាប្រភេទស្លាកលេខ។
សម្រាប់ឆ្នាំ០១ ដល់ ០៣ ចន្លោះពី ១២០០០ដុល្លារជាង ទៅ ១៦០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង បើក្រដាសពន្ធវិញដូចជាមិនសម្បូរទៀតឡើយ។
ឡានឆ្នាំទាបតម្លៃនៅលើ១ម៉ឺនដុល្លារបែបនេះ ក៏ចាត់ទុកថាខ្ពស់គួរសមដែរ ព្រោះអាយុកាលលើស២០ឆ្នាំទៅហើយ។ ម្យ៉ាងទៀតអ្នកប្រើ RX300 បច្ចុប្បន្នក៏ខ្លាចរអាវាដែរ ព្រោះតែស៊ីសាំងច្រើនគួរសមខុសធម្មតា ដែលពិបាកក្នុងការទទួលយក ណាមួយទីផ្សារឥឡូវ ចង់លក់វិញក៏ខាតច្រើនណាស់ដែរ ព្រោះសាំងមិនទាន់ធ្លាក់ថ្លៃ។ ចុះទាក់ទងនឹងចម្ងល់ដែលនិយាយតៗគ្នាថា RX300 ឆ្នាំ៩៩ និង ២០០០ ស៊ីសាំងខ្លាំង និងលក់វិញខាតច្រើននោះជាការពិតអត់? ចុះពពួកឆ្នាំ០១ ដល់០៣ រាងបើគ្រាន់ជាងឬយ៉ាងណា?
កម្មវិធីបទបង្ហាញរថយន្តមួយទឹក របស់ Advan Auto និងបន្ដការបកស្រាយទៅលើប្រធានបទមួយនេះ ដើម្បីឲ្យបងប្អូនដែលកំពុងប្រើ ឬមានបំណងចាប់អារម្មណ៍ទៅលើពពួក RX300 បានធូរចិត្តខ្លះ។
១/ ចំពោះឆ្នាំ៩៩ ដល់២០០០ មិនមានអ្វីខុសគ្នាទេ រូបរាងដូចគ្នា ប្រើចង្កៀងមុខ និងស្ដុបក្រោយប្រភេទធម្មតាដូចគ្នា ហើយប្លុកម៉ាស៊ីនប្រើទំហំ ៦ស៊ីឡាំង ចំណុះ ៣.០លីត្រដូចគ្នា។
ចូលដល់គ្រឿងក្នុងវិញពពួកឆ្នាំ ៩៩ ដល់ ២០០០ ប្រើនៅកៅអីក្រណាត់ដែលល្អប្រភេទ Premium Cloth បញ្ជាដោយអេឡិចត្រូនិក និងជំនួយដោយ Lumbar Support, មានអេក្រង់ LCD តែមិនអាចបញ្ជាថាច់បាន, ពោងសុវត្ថិភាព ៦គ្រាប់ ដំបូលបើក ក្រៅពីហ្នឹង ការតុបតែងផ្លែកខ្លះបំពាក់ជាក្រណាត់ និងជ័រជាដើម។
២/ សម្រាប់ឆ្នាំ០១ ដល់០៣ ចំពោះតួខ្លួន ប្លុកម៉ាស៊ីន ជើងក្រោម និងរូបរាងមិនខុសពីឆ្នាំ៩៩ឡើយ គ្រាន់តែផ្លាស់មកប្រើស្ដុបថ្មីតែប៉ុណ្ណោះ។ ចូលដល់ខាងក្នុងវិញទើបប្លែកច្រើន ព្រោះបំពាក់កៅអីស្បែក តែមានជំនួយដោយអេឡិចត្រូនិកដូចគ្នា ផ្នែកខ្លះដែលធ្លាប់បំពាក់ក្រណាត់ប្ដូរមកប្រើស្បែកវិញ ហើយផ្លាស់ពីជ័រ ជំនួសដោយហ្វមីការឈើម្ដង។
ចំណែកប្រព័ន្ធសុវត្ថិភាពវិញក៏សំខាន់ណាស់ដែរ ក្រៅតែពីប្រព័ន្ធហ្រាំង ABS ទាល់តែឆ្នាំ០១ឡើងទើបមានបំពាក់បន្ថែមនៅប្រព័ន្ធ EBA, EBD, SC, TC, ជាដើម។
ហើយអ្វីដែលប្លែកមួយទៀតនោះគឺមានបែបចែកចេញជា ៣ Option ដូចជា៖ Base, Half, និង Full Option។
និយាយរួមចំពោះ Full Option គឺមានបន្ថែម កៅអីកម្ដៅ ពោងសុវត្ថិភាព ៩គ្រាប់, អេក្រង់ LCD អាចបញ្ជាថាច់បាន និងមានមុខងារជាច្រើនដូចជា GPS Menu និង Display ជាដើម។ ក្រៅពីនឹងក៏មាន Speaker ៧គ្រាប់ JBL, ប្រើចង្កៀងមុខប្រភេទ HID ដែលមានសមត្ថភាពលើកកម្ពស់ឡើងចុះ ។
ទាំងនេះគ្រាន់តែជាភាពខុសគ្នាតិចតួចខ្លះៗប៉ុណ្ណោះ ចំពោះរឿងដែលថា RX300 ស៊េរីឆ្នាំ៩៩ និង ២០០០ ស៊ីសាំងខ្លាំងជាង ឆ្នាំ០១ឡើងនោះ មិនទាន់មានភស្តុតាងណាមួយច្បាស់លាស់មកបញ្ជាក់បានឡើយ។ ព្រោះប្រើម៉ាស៊ីនតែមួយ និងតួរខ្លួនតែមួយកម្លាំងប៉ុនគ្នា ដូចនេះកម្រិតស៊ីសាំងគឺដូចគ្នាចន្លោះពី ១១លីត្រជាង ទៅ១៤លីត្រសម្រាប់ជម្រើសប៉ុង២ កាលពី២០ឆ្នាំមុនទើបចេញពីរោងចក្រ។ សម្រាប់ឆ្នាំ២០២២នេះវិញពពួក RX300នេះ បើតាមបទពិសោធ៍ពីអ្នកប្រើប្រាស់ មានការប្រែប្រួលច្រើនអាចហក់ដល់ទៅ ១៤លីត្រ ទៅ១៦លីត្រឯណោះ ហើយបើខូចវិញ មិនថាឆ្នាំ៩៩ ឬ ០៣ទេ គឺគ្រឿងបន្លាស់មានតម្លៃថ្លៃដូចគ្នា។
ចំពោះរឿងលក់វិញខាតច្រើនជាងគ្នានោះ ឆ្នាំ៩៩ នឹង២០០០អាចខាតច្រើនជាងមែន ម្យ៉ាងទីផ្សារមិនសម្បូរដូចឆ្នាំ០១ដល់ ០៣ឡើយព្រោះខាងក្នុងស្អាត និងមានជម្រើស Option ល្អជាង តែបើនិយាយឲ្យខ្លីគឺខាតដូចគ្នា គ្រាន់តែឆ្នាំ០១ឡើងខាតតិចជាង។
ជិះស្រួល តែគ្រឿងបន្លាស់រាងថ្លៃ និងម៉ាស៊ីនចាស់កម្រិតស៊ីសាំងប្រែប្រួលខុសធម្មតា គឺជាបញ្ហាចម្បងដែលធ្វើឲ្យ RX300 ធ្លាក់តំណែងជាឡានពេញនិយមលំដាប់ជួរមុខមិនដូចពីមុនឡើយ។
និយាយរួមចំពោះ RX300 ឃើញថាចូលដល់វ័យជ្រេទៅហើយ ណាមួយឡានម៉ាស៊ីនធំ ហើយចាស់ឆ្នាំបែបនេះតែងជួបបញ្ហាច្រើនគួរសម។ រឿងជិះស្រួលគឺជារឿងមួយ ចំណែកបញ្ហាតែងជួបប្រទះក៏ជារឿងដែលត្រូវពិចារណាឲ្យបានល្អិតល្អន់ផងដែរ។ បងប្អូនដែលកំពុងប្រើ ត្រូវថែទាំ និងទៅត្រួតពិនិត្យឲ្យបានទៀងទាត់ទៅផ្នែកប្លុកម៉ាស៊ីន និងជើងក្រោម ជៀសវាងការធ្វើទុកកាន់តែខ្លាំង។ សម្រាប់បងប្អូនដែលមានបំណងចង់ប្រើប្រាស់ ត្រូវយល់ដឹងពីបញ្ហាដែលកើតឡើងខាងលើខ្លះៗ និងរកអ្នកជំនាញដើម្បីជួយមើលឲ្យបានច្បាស់ បើប៉ះឡានស្អាតប្រើទៅក៏មិនសូវធ្វើទុកច្រើនដែរ។
តែបើអាច គួរតែថែមថយតិចតួចយកឆ្នាំ០១ឡើងទៅល្អជាង ទាំងសុវត្ថិភាព ទំនើប និងតម្លៃទីផ្សារមិនសូវឈឺក្បាលដូចឆ្នាំ២០០០ចុះ ណាមួយឆ្នាំ០១ ក៏ជាឆ្នាំដែល RX300 ចាប់ផ្ដើមផ្លាស់ប្ដូរថ្មីដែរ៕
ដោយ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ