និយាយពីឡានលំដាប់ជួរមុខរបស់ Mazda នៅស្រុកខ្មែរគឺ SUV ខ្នាតមធ្យមម៉ូឌែល CX-9 ជំនាន់ទី២ ដែលលើកយកមកនិយាយក្នុងថ្ងៃនេះ អាចថាប្រណិត ទំនើប កម្លាំងខ្លាំង រូបរាងក៏លេចធ្លោមិនធម្មតាឡើយ។
CX-9 ផលិតដំបូងនៅឆ្នាំ ២០០៧ ដល់ ២០១៦ ចាត់ជាជំនាន់ទី១ នឹងឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះចាប់ជាជំនាន់ទី២ តែថ្ងៃនេះ សូមមិននិយាយពពួកស៊េរីចុងក្រោយឡើយ ដោយលើកត្រឹមប្រភេទស្លាកលេខឆ្នាំ២០១៧ និង ២០១៨ មកជជែកគ្នាលេងប៉ុណ្ណោះ។
Mazda CX-9 ឆ្នាំ០១៧ និង ០១៨ កាលចេញដំបូងតម្លៃដល់ទៅ ៨ម៉ឺនដុល្លារជាងឯណោះ តែពេលនេះឃើញមួយទឹកនៅលើទីផ្សារក្បែរ ៤ម៉ឺនដុល្លារ ទៅ ៤ម៉ឺនដុល្លារជាង។ ចុះតម្លៃប៉ុណ្ណឹង បើចង់រកឡានប្រភេទ កៅអី ៣ជួរគួរពិចារណាជាមួយ CX-9 នេះអត់? មុនសម្រេចចិត្តតោះ! មកត្រួសៗពីលក្ខណៈទូទៅបន្ដិចសិន។
CX-9 ជំនាន់ថ្មីនេះរចនាឡើងតាមបែបទម្រង់ Kodo Desing ជា Concept ដ៏ពេញនិយមរបស់ Mazda ដោលផ្ទៃខាងមុខបំពាក់ប៉ាណាស្រោបក្រូមបែបផុសលេចមកក្រៅ ជាមួយចង្កៀងគុជ LED ប្រភេទ Adaptive អមដោយភ្លើងបំភ្លឺ DRL មើលទៅអំណាច នឹង ប្រណិតគួរសម ។
ចំណែកស្ដុបក្រោយប្រើ LED រាងស្លីម រំលេចដោយក្រូមភ្ជាប់គូទក្រោយពីម្ខាងទៅម្ខាង អមដោយស៊ីមាំងភ្លោះ គួបផ្សំយាន់កង់ ទំហំ ១៨អ៊ីញ អាលុយមីញូម មើលទៅកាន់តែស្ព័រ ជាមួយហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយ ABS និងមុខងារជំនួយហ្វ្រាំងសុវត្ថិភាពជាច្រើនទៀតរបស់ Mazda ។
CX-9 ជាប្រភេទឡាន SUV កៅអី ៣ជួរ ឬស្មើរនឹង ៧កៅអី មានទ្វា៥ ប្រវែងតួខ្លួនសរុប ៥០៧៥ម.ម ទទឹង ១៩៦៩ម.ម កម្ពស់ ១៧៤៧ម.ម ជាមួយទម្ងន់ ១៩២៤គីឡូក្រាម ក្បែរ ២តោនឯណោះ។
CX-9 ជំនាន់ទី២នេះមានតែម៉ាស៊ីនសាំងតែមួយប្រភេទប៉ុណ្ណោះគឺ ម៉ាស៊ីន Sky Active ទំហំ ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយបន្ថែមដោយ Turbo អាចផលិតកម្លាំងបាន ២៣០សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD និងជំនួយដោយ Sport Mode ជាមួយកម្រិតស៊ីសាំងខ្ទង់ ៨លីត្រជាង ទៅ ១០លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចូលទៅខាងក្នុងសម្រាប់ទំហំទទឹងឡានដល់ទៅក្បែរ ២ម៉ែត្របែបនេះមិនចង្កៀតឡើយ ជាប្រភេទ SUV ៧កៅអីអាចជិះគ្នា ៧នាក់មិនទាន់ចង្កៀងផង នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ាន់បានច្រើនគួរសម។
ផ្ទៃខាងក្នុងភាគច្រើនស្រោមស្បែកទាំងកៅអី និងផ្នែកផ្សេងៗទៀត ជាមួយការតុបតែងរំលេចដោយក្រូមបែបអាលុយមីញ៉ូម មើលទៅទាក់ភ្នែក គួមផ្សំជាមួយរីដូនៅជាប់កញ្ចក់ទ្វារផង Luxury មិនចាញ់ឡានស៊េរីក្រោយៗឡើយ។
ក្រៅពីប្រព័ន្ធ Smart key ឃើញមានអេក្រង់ថាច់ទំហំ ៩អ៊ីញ ភ្ជាប់កាមេរ៉ាក្រោយជំនួយដោយសេនស័រចូលចត ពោងសុវត្ថិភាពមួយជុំ Speaker Bose Surround Sound, រន្ធម៉ាស៊ីនត្រជាក់ ២តំបន់ កៅអីអេឡិចត្រនិចមាន Memory Seat និងមុខងារក្ដៅត្រជាក់ ផ្លិតទឹកអូតូ ប្រព័ន្ធ Blink Sport Monitor, Hard up display ទ្វាក្រោយអូតូ ប៊ូតុងហ្វ្រាំងដៃអេឡិចត្រនិច, Auto Hold, ដំបូលបើក ប៊ូតុងបញ្ជាថាច់នៅស្ដូកកណ្ដាល, រន្ធ USB ទាំងមុខទាំងក្រោយ និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
ជារួមចំពោះ Mazda CX-9 ស៊េរីឆ្នាំ២០១៧ ដល់២០១៨ មួយនេះអាចនិយាយបានថា ភិនភាគរូបរាង កម្លាំង ផាសុកភាពក្នុងការបើកបរ ខាងក្នុងទូលាយ លក្ខណៈពិសេសទំនើបមួយចំនួនប៉ុណ្ណឹង អាចទទួលយកបានហើយសម្រាប់ក្នុងតម្លៃនេះ។
សម្រាប់បងប្អូនដែលចង់បានឡានប្រើលក្ខណៈគ្រួសារ ស្រឡាស់ល្អ ធន់ស្រួលប្រើ រូបរាងចូលចំណោមគេបាន ទោះបីជាមិនមែនខ្លាញ់គោ តែឆ្នាំខ្ពស់គួរសមល្មមអាចពិចារណាបាន។
ម្យ៉ាងក្បែរ ៤ម៉ឺនដុល្លារ ភិនភាពលក្ខណៈទូទៅបែបនេះក៏ពិបាករកដែរ សម្រាប់ឡានថ្មី និងមួយទឹកបច្ចុប្បន្នមួយចំនួន គ្រាន់តែ CX-9 ស៊េរី០១៧ និង ០១៨ មិនទាន់ជាទំនើបប្លែកប៉ុន្មានឡើយ។
ចំពោះបងប្អូនវិញយល់យ៉ាងណាដែរសម្រាប់ Mazda CX-9 មួយនេះ? ចុះក្នុងចំណោមឡាន៧កៅអី តម្លៃក្បែរ ៤ម៉ឺន ក្រៅពី CX-9 បងប្អូនគិតថាម៉ូឌែលមួយណាស័ក្កិសម គួរពិចារណាជាង? សម្រាប់មតិយោបល់ នឹងបទពិសោធន៍ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?