Spark គឺជាប្រភេទឡាន Hatchback របស់ក្រុមហ៊ុនអាមេរិក Chevrolet ដ៏ពេញនិយមនៅទីផ្សារបរទេស សម្រាប់ស្រុកខ្មែរភាគច្រើនឃើញមានជំនាន់ទី២ ស៊េរីឆ្នាំ២០១១ ដល់២០១៥ ជាប្រភេទមួយទឹកនាំចូលពីកូរ៉េ។ ចំណែកក្រុមហ៊ុនវិញក៏ឃើញមានលក់ដែរតែត្រឹមឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ហើយក៏បាត់ដំណឹងវិញ ខណៈបច្ចុប្បន្ន ហាក់មិនឃើញវត្តមានស៊េរីក្រោយៗទៀតឡើយ។
ថ្ងៃនេះ Advan Auto សូមលើកយកនៅពពួក Spark មួយទឹកដែលភាគច្រើននាំចូលពីទីផ្សារប្រទេសកូរ៉េ ដូចទៅនឹង Morning ដែរ។
ចំពោះតម្លៃវិញឆ្នាំ២០១១ ដល់២០១៥ ចន្លោះពី ៦,៥០០ដុល្លារ ដល់ក្បែរ ១០,០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option ប្រភេទក្រដាស់ពន្ធ ឬស្លាកលេខជាដើម។ ខណៈប្រភេទមួយទឹកដែលទិញថ្មីពីក្រុមហ៊ុនក្នុងស្រុក បច្ចុប្បន្នអាចនៅខ្ទង់ ៩,០០០ដុល្លារ ទៅ ១០៥០០ដុល្លារ ។
ផ្នែកប្លុកម៉ាស៊ីន Spark មានម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរឃើញមានជាទូទៅ ២ប្រភេទគឺ ម៉ាស៊ីនចំណុះ ១.២លីត្រ ៤ស៊ីឡាំង ផលិតកម្លាំង ៨២សេះ និង ម៉ាស៊ីន ១.០លីត្រ ផលិតកម្លាំង ៦៧សេះ រត់ដោយប្រអប់លេខ ៥វគ្គលេខដៃ និង៤វគ្គអូតូ ដំណើរការដោយប៉ុងមុខ អាចរត់លឿនបំផុត ១៦០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងជាក់ស្ដែងចន្លោះពី ៦លីត្រជាង ទៅ ៧លីត្រ ក្នុង១០០គីឡូម៉ែត្រ អាស្រ័យលើស្ថានភាពជាក់ស្ដែង។
ចូលទៅខាងក្នុងបំពាក់កៅអី ២ជួរ អាចជិះគ្នា ៥នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានតិចតួចបន្ថែមទៀត។
បើជាប្រភេទ Full Option វិញបំពាក់មកជាមួយ កៅអីស្បែក ពោងសុវត្ថិភាព ៦គ្រាប់ ពិលកាង មានប្រព័ន្ធហ្វ្រាំង ABS និង EBD មានអេក្រង់ថាច់ ៧អ៉ីងបំពាក់កាមេរ៉ាក្រោយព្រម ជំនួយដោតសេនស័រ ២គ្រាប់ចូលចត ហើយខ្លះក៏មានមុខងារ បញ្ជាឆេះពីចម្ងាយជាដើម។
តម្លៃ និងភិនភាគអាចថាប្រហាក់ប្រហែលទៅនឹងពពួក Morning ដែរតែដូចជាស្ងាត់ និងមិនសូវពេញនិយមឡើយ។
បងប្អូនខ្លះទិញជិះមិនទាន់ក្ដៅគូទផងក៏លក់វិញ បញ្ហាទាំងអស់នេះអាចមកពី គុណវិបត្តិមួយចំនួនដូចជា៖
១/ ម៉ាស៊ីនតូចល្មម តែស៊ីសាំងច្រើនជាក់ស្ដែងជាមធ្យមក្បែរ ៧លីត្រ សម្រាប់ឡានភិនភាគប៉ុណ្ណឹង ចាប់ទុកថាស៊ីគួរសមហើយ។
២/ ម៉ាស៊ីនរាងចាស់ឆ្នាំបន្ដិច ពេលខ្លះក៏រាងធ្វើទុកដែរ ខ្លះបញ្ហាប្រអប់លេខ ណាមួយក៏មិនសូវសម្បូរគ្រឿងទៀតផង។
៣/ ប្រព័ន្ធគ្រឿងក្រោម នឹងផ្នែកផ្សេងទៀតនៃគ្រឿងបន្លាស់ មានតម្លៃខ្ពស់ស្ទើគុណនឹងពីរ បើធៀបជាមួយឡានកូរ៉េ ឬជប៉ុនដែលមានតម្លៃ នឹងភិនភាគប្រហាក់ប្រហែលគ្នា។
៤/ អត់សូវពេញនិយម មិនសម្បូរទីផ្សារ ដូច្នេះលក់ចេញវិញរាងខាតច្រើនបន្ដិច។
៥/ ភាគច្រើនជាប្រភេទឡាននាំចូលពីកូរ៉េ បើទិញមិនប្រយត្នអាចជួបឡានច្រែះ ដែលអាចនាំបញ្ហាដល់ថ្ងៃក្រោយជាដើម។
សរុបមក Spark ជារថយន្ដខ្នាតតូច ជិះស្រួលនឹងល្អ ជើងក្រោម សាច់ដែកហាប់ណែនជាងពពួក Morning បើប៉ះឡានស្អាត ម៉ាស៊ីនប្រអប់លេខអេម សាច់ដែកជើងក្រោមនៅមាំ ហើយគួមផ្សំប្រើថែមិនលក់ដូរញឹកញាប់ទៀត Chevrolet Spark ជិះស្រួលមិនងាយទៅណាឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះបញ្ហាទាំងអស់នេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ មតិយោបល់ និងព័ត៍មានបន្ថែមទាក់ទងនឹង Chevrolet Spark ស៊េរីឆ្នាំ២០១១ ដល់២០១៥ អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
ចង់ជិះ Pajero 2021-2022 មួយទឹកគួរកាន់ប៉ុន្មាន? ខណៈឡានជប៉ុននេះស្រុកខ្មែរប្រើតាំងពីឆ្នាំ 90ជាងមកម្ល៉េស