បើនិយាយពីពពួកអាព្រូសនៅស្រុកខ្មែរ សម្បូរណាស់នៅតាមដងផ្លូវពិសេសជំនាន់ទី2 និងទី3 សម្រាប់ជំនាន់ទី4 ឆ្នាំ2016 ឡើងវិញក៏ឃើញខ្លះៗដែរ។ បើនិយាយពីពពួក Prius Prime ដែលជាព្រភេទ Plug-In Hybrid ហាក់រាងខ្សត់បន្ដិច ព្រោះតែភាពទំនើប និងតម្លៃថ្លៃទើបធ្វើឲ្យបងប្អូនដែលនិយមជាប់ចិត្តជាមួយព្រូស ហាក់រារែកបន្ដិច និងដកថយមកពិចារណាសិន។
ព្រូស Prime ប្រើជាមួយគ្រោងឆ្អឹង TNGA និងប្រព័ន្ធជើងក្រោម ប្លុកម៉ាស៊ីន កម្លាំង ក៏ដូចជា Option មួយចំនួនគឺដូចទៅនឹង ព្រូស Standard ដែលគេស្គាល់ថាជាអាព្រូស ឆ្នាំ2016 ធម្មតាដែរ។
តែព្រូស Prime មានបន្ថែមនៅមុខងារសាកអាគុយខាងក្រៅ ធ្វើឲ្យវាអាចរត់ដោយប្រើថាមពលអគ្គីសនីសុទ្ធដែលហៅពេលសាកអាគុយពេញ អាចជិះដោយប្រើ EV Mode បាន ២៥ ម៉ាយ ឬស្មើនឹង 40គីឡូម៉ែត្រ និងបំពាក់ជាមួយអាគុយ Hybrid ជំនាន់ថ្មី Lithium-ion ខណៈដែលពពួកព្រូស Standard ប្រើជាមួយអាគុយ Hybrid ប្រភេទ Nickel Metal ។
ព្រូស Prime នេះមានជំនួយដោយមុខងារ EV, HV, និង EV Auto Mode ដែលធ្វើឲ្យព្រូស Prime សន្សំសំចៃខ្លាំង និងស៊ីសាំងកាន់តែតិច។
បើតាមប្រភព Fueleconomy.gov ពីនាយកដ្ឋានថាមពលសហរដ្ឋអាមេរិក បញ្ជាក់ថា Prius Prime 2017ស៊ីសាំងជាមធ្យម 4.35L/100km ពេលមិនទាន់សាកអាគុយពីខាងក្រៅ (រត់ឆ្លាស់គ្នាធម្មតារវាងម៉ាស៊ីននិងម៉ូទ័រ) និង 1.76L/100km ពេលសាកអាគុយពីខាងក្រៅពេញ (Plug-In Hybrid) និងមានជំនួយបន្ថែមដោយ Drive Mode ដូចជា៖ Eco, Normal, Power Mode សម្រាប់បើកបរទៅតាមស្ថានភាពផ្លូវជាដើម។
ចំពោះរូបរាងខាងក្រៅ Prius Prime ខុសពីព្រូសធម្មតា ដោយផ្នែកខាងមុខឌីស្សាញបែបថ្មីស្លីមជាងមុន សម្រាប់ចង្កៀងវិញប្រើគុជ LED 8គ្រាប់ប្រភេទ Auto High Beam អមដោយពិលកាង ជាមួយភ្លើង Daytime និងស្ដុបខាងក្រោយលាតដាច់ផ្នែកគូទក្រោយសុទ្ធតែ LED ទាំងអស់ ដែលមើលទៅកាន់តែស្ព័រ និងស្អាតជាងព្រូសធម្មតា។
ផ្នែកខាងក្នុងមិនខុសពីព្រូសធម្មតាច្រើនឡើយ មានបែបចែកជា 3 Option ដូចជា៖ Plus, Premium, Advanced ជាដើម។ បើនិយាយជារួមសម្រាប់ Option កំពូល Premium មានបំពាក់នៅមុខងារ Toyota Safety Sense 2.0 ចំណែកខាងក្នុងមានបំពាក់អេក្រង់ LCD បញ្ឈរទំហំដល់ទៅ 11.6 អ៉ីងឯណោះ ក្រៅពីនឹងដូចទៅព្រូសធម្មតា Standard Option Advanced ដែរ។
ចំពោះបញ្ហាចោទដែលថា Prius Prime ស៊ីសាំងតិចសន្សំសំចៃខ្លាំង និងទំនើប តែហាក់ស្ងាប់ស្ងាត់ មិនសូវជាពេញនិយមដូច Prius ធម្មតាអាចមកពីកត្តាមួយចំនួនដូចជា៖
1. តម្លៃថ្លៃ ៖ Prius Prime ជាប្រភេទឡានដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារបច្ចុប្បន្នចន្លោះក្បែរ ៤ម៉ឺនដុល្លារទៅ ៤ម៉ឺនដុល្លារជាង អាស្រ័យលើប្រភេទស្លាកលេខ ក្រដាសពន្ធ Option និងភិនភាពជាក់ស្ដែង ខណៈ Prius 2016-2018 ធម្មតាតម្លៃត្រឹម ២ម៉ឺនដុល្លារក្រាស់ ទៅ៣ម៉ឺនដុល្លារក្រាស់ប៉ុណ្ណោះ អាស្រ័យលើ Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។
2. បញ្ហាកំហូច ៖ Prius Prime មួយចំនួនដែលនាំចូលមកស្រុកខ្មែរតែងជួបបញ្ហាប្រព័ន្ធភ្លើង និងប្លុកម៉ាស៊ីន ព្រោះឡាននៅស្រុកអាគាំង ដែលមានអាយុកាលចន្លោះពី ៥ឆ្នាំឡើងទៅ តែគីឡូម៉ាយមានត្រឹម 1ម៉ឺន ទៅ 3ម៉ឺនម៉ាយ ភាគច្រើនសុទ្ធតែមានបញ្ហា និងត្រូវលក់ចេញទៅតាមបណ្ដាប្រទេសផ្សេងៗដើម្បីធ្វើការជុសជួល ព្រោះនៅអាមេរិកតម្លៃជួសជុលមានតម្លៃខ្ពស់ ខូចមើលតែរាងជ្រុលគេវ៉ៃចេញហើយ (ឡានអាគាំងប្រើដាំខ្ទឹម បើមិនខូចគេមិនលក់ចេញឡើយ)។
3. គ្រឿងបន្លាស់មានតម្លៃខ្ពស់ ៖ បើធៀបជាមួយព្រូសធម្មតា Prius Prime មានតម្លៃខ្ពស់ជាងពាក់កណ្ដាលអីដែរ ព្រោះពពួក Plug-In តែងប្រើជាមួយនឹងគ្រឿងបន្លាស់ល្អៗ និងមានតម្លៃថ្លៃ ហើយនៅស្រុកខ្មែរមិនជាសម្បូរឡើយ។
សរុបមក Prius Prime នៅតែជាឡានដែលធន់ល្អ សន្សំសំចៃខ្ពស់ និងទំនើប មិនចាញ់ពពួក Lexus ឬឡានថ្មីៗដែលមានតម្លៃប្រហាក់ប្រហែលគ្នាឡើយ។ គ្រាន់តែនៅស្រុកខ្មែរមិនសូវជាពេញនិយម ដូចព្រូសធម្មតា តែបើប៉ះឡានស្អាត ប្រព័ន្ធភ្លើង អាគុយ Hybrid ប្លុកម៉ាស៊ីននៅអេម បើបានជិះហើយធានាថាមិនខកចិត្តឡើយ ម៉ាស៊ីនក៏ជាន់ស្ទុះល្អ ជើងក្រោមហាប់ណែន មិនឃ្លោង នឹងកាត់បន្ថយរលាក់បានច្រើន ជាមួយនិងមុខងារសុវត្ថិភាព និងខាងក្នុងទូលាយផងនោះ ឡានល្មមៗដែលមានតម្លៃ និងឆ្នាំផលិតប្រហាក់ប្រហែលគ្នាពិបាកហក់ជាមួយវាដែរហ្នឹង។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Prius Prime ឆ្នាំ2017-2019 នេះ? សម្រាប់ព័ត៍មានបន្ថែម ក៏ដូចជាបទពិសោធន៍ និងមតិយោបល់ ដែលបងប្អូនធ្លាប់ប្រើ ធ្លាប់ដឹង ធ្លាប់ជួប អាចចែករលែកបាន៕
ដោយ៖ Bunsak
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ