Toyota Sienna ជាប្រភេទឡាន Minivan ៧កៅអីដ៏ពេញនិយមមួយនៅស្រុកខ្មែរ ហើយនៅតាមដងផ្លូវឃើញមានចររាចរណ៍ចាប់តាំងពីស៊េរីឆ្នាំ១៩៩៨មកម៉្លេះ។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្តមួយទឹក របស់ Advan Auto ចង់នាំអារម្មណ៍ប្រិយមិត្តមករំលឹកពីឡានចាស់មួយម៉ូឌែលគឺ Sienna ជំនាន់ទី១ ឆ្នាំ៩៨ ដល់ ២០០៣ ។ ចាស់មែនតែទំនើបប្លែកគ្រាន់បើ ហើយស៊េរីនេះទៀតសោធ បច្ចុប្បន្នភាគច្រើនធ្លាក់ទៅលើដៃបងៗរត់តាក់ស៊ី ឃើញស្ទើតែ ២៥ខេត្តក្រុងស្រុកខ្មែរទៅហើយ។
ចំពោះម៉ាស៊ីនវិញ Sienna ប្រើម៉ាស៊ីនដូចទៅនឹង RX300 ដែរតែបែបចែកទៅតាមឆ្នាំផលិតដូចជា ឆ្នាំ៩៨ ដល់ ២០០០ ប្រើទំហំ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតម្លាំងបាន ១៩៤សេះ កម្លាំងរមួល ២០៩ផោនហ្វីត។
ពពួកឆ្នាំនេះដែរ កម្រិតស៊ីសាំងចន្លោះពី ១១លីត្រ ទៅ ១៥លីត្រ តែបច្ចុប្បន្នអាចហក់ដល់ ១២ ទៅ ១៦លីត្រជាងហើយ។
ចូលដល់ឆ្នាំ២០០១ ដល់២០០៣ ប្រើម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ ៣.០លីត្រដូចគ្នា តែបង្កើនកម្លាំងបានដល់ទៅ ២១០សេះ កម្លាំងរមួល ២២០ផោនហ្វីត ជាមួយកម្រិតស៊ីសាំងតិចជាងឆ្នាំ៩៨ មួយលីត្រគឺខ្ទង់ ១០លីត្រ ទៅ ១៤លីត្រ តែបច្ចុប្បន្នអាចលោតដល់ ១១លីត្រ ទៅ ១៥លីត្រជាងក្នុង១០០គីឡូម៉ែត្រ។ម៉ាស៊ីនទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុង១ និងប៉ុង២ ជាមួយល្បឿនអតិបរមា ១៨០គីឡូម៉ែត្រ/ម៉ោង។
ខាងក្នុងទូលាយគួរសម បំពាក់កៅអី៣ជួរ អាចជិះគ្នា៧ ទៅ ៨នាក់បាន ហើយផ្ទៃខាងក្នុង គ្រឿងបរិក្ខាអាចប្រែប្រួលទៅតាម ឆ្នាំផលិត Trim ឬ Option ដូចជា៖ CE, LE, XLE តែស្រុកខ្មែរភាគច្រើនមានតែ LE និង XLE ប៉ុណ្ណោះ។
ចំពោះពពួកឆ្នាំ៩៨ ដល់២០០០ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ ភាគច្រើនបំពាក់បរិក្ខាធម្មតាៗ និងមិនបំពាក់ប្រព័ន្ធជំនួយសុវត្ថិភាពដូចជា៖ មុខងារ Cruise Control, ABS ឬ EBD នោះទេ។
តែចូលដល់ឆ្នាំ២០០១ ទៅ ២០០៣ Sienna ហាក់ប្លែក និងទំនើបគួរសម មានបំពាក់ប្រព័ន្ធ Cruise Control, ប្រព័ន្ធហ្វ្រាំង ABS ជាមួយនឹង EBD ជាដើម។
បើជាប្រភេទ XLE វិញឃើញមានបំពាក់បន្ថែម កៅអីស្បែក ជំនួយដោយអេឡិចត្រនិក, Speaker JBL ៨គ្រាប់, ពោងសុវត្ថិភាពជុំវិញ, ដំបូងបើក, កញ្ចក់ត្រីវិស័យ, កម្ពៅពូក, ទ្វាសងខាងអ្នកដំណើរបិទបើកអូតូ, DVD ក្រោយ, ជាមួយនឹងកន្លែងដាក់កែវទឹកស្ទើតែគ្រប់កៅអីផងដែរ។
ចំពោះតម្លៃទីផ្សារបច្ចុប្បន្នសម្រាប់ពពួកឆ្នាំ៩៨ ដល់ ២០០០ ចន្លោះពី ៥០០០ដុល្លារជាង ទៅ ៧០០០ដុល្លារ។
តែស៊េរីឆ្នាំ២០០១ ដល់ ២០០៣ ខ្ទង់ ៨០០០ដុល្លារជាង ទៅ ១២០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
សរុបមក Sienna អាចនិយាយបានថាប្លែកគួរសមជាមួយនឹងភាពទំនើបខ្លះឡាន Minivan ឆ្នាំ២០១៥ចុះក្រោមមិនទាន់មានដូចផងដែរ។ ចំណែកសាច់ដែកវិញរឹងមាំល្អ ខាងក្នុងទូលាយស្អាត ជើងក្រោមក៏ហាប់ណែកគួរសម បូករួមជាមួយកម្លាំងម៉ាស៊ីនខ្លាំងផង Toyota Sienna នៅតែទាក់ទាញចិត្តអ្នកប្រើដដែល។
តែអ្វីដែលត្រូវគិតនោះគឺ ស៊ីសាំងខ្លាំងជាមធ្យម ១៣លីត្រជាង ពន្ធផ្លូវខ្ពស់បង់ ៦០ម៉ឺនរៀលក្នុង១ឆ្នាំ ហើយភាគច្រើនអ្នកប្រើពិសេសបងៗរត់តាក់ស៊ីកែដាក់ហ្គាស់ស្ទើតែគ្រាប់ឡានទៅហើយ ទើបរត់តាក់ស៊ីចំណេញ។ តែសម្រាប់បងប្អូនដែលចង់ទិញជិះសម្រាប់ប្រើក្នុងគ្រួសារវិញ មានលុយខ្ទង់ ១ម៉ឺនជាងបើមិនចង់ស្មុកស្មាញរឿងស្ទើលុយចាក់សាំង អាចពិចារណាឡើងវិញបាន។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Sienna ជំនាន់ទី១ឆ្នាំ ១៩៩៨ ដល់២០០៣នេះ? អាចចូលរួមចែករំលែកបទពិសោធន៍ និងមតិយោបល់បាន៕
ដោយ៖ Bunsak
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ