Toyota បានបញ្ចេញម៉ូឌែល Venza ជាប្រភេទ Crossover SUV នៅឆ្នាំ២០០៩ សម្រាប់នាំចូលទីផ្សារសហរដ្ឋអាមេរិក។ ចពោះរូបរាង និងគ្រោងឆ្អឹង Venza ស្រដៀងទៅនឹង Lexus RX350 និង Toyota Camry 2007 ដោយប្រើ K Platform ដូចគ្នា។ Venza អាចនិយាយបានថា ជាឡានគ្រួសារដ៏ល្បី និងពេញនិយមរបស់ Toyota នៅអាមេរិក សម្រាប់ស្រុកខ្មែរ Venza ហាក់ត្រូវបានគេមើលរំលង ចំពោះបញ្ហានេះនៅមិនទាន់ច្បាស់នៅឡើយទេ។
Venza ប្រើម៉ាស៊ីន ៤ស៊ីឡាំងមុខកាត់ ២.៧លីត្រ ផលិតកម្លាំងបាន ១៨២សេះ កម្លាំងរមួល ១៨២ផោនហ្វីត ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១៣លីត្រក្នុង១០០គីឡូម៉ែត្រ។ចំណែកម៉ាស៊ីនមួយប្រភេទទៀតបំពាក់ ៦ស៊ីឡាំងចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៦៨សេះ កម្លាំងរមួល ២៤៦ផោនហ្វីត ទាំងពីរជម្រើសនេះរត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ(FWD) នឹងប៉ុងពីរ(AWD)។ជាមួយកម្រិតស៊ីសាំងខ្ទង់ ១១លីត្រ ទៅ ១៥លីត្រក្នុង១០០គីឡូម៉ែត្រតែជាក់ស្ដែងអាចលើសនឹងបន្ដិច។
Venza ជាប្រភេទឡាន Crossover រាងបែប Wagon ទ្វា៥ ដែលរថយន្តទាំងមូលមានទំហំ ប្រវែង៤៨០០ម.ម ទទឹង ១៩០៥ម.ម កម្ពស់ ១៦១០ម.ម ពីដីមកបាត ២០៣ ម.ម នឹងទម្ងន់ ១៨៣៥គីឡូម៉ែត្រ។ ប្រើយាន់កង់វិញប្រើទំហំ ១៩អីញ បំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយជំនួយដោយប្រព្ធ័ន្ធ ABS ទាំងបួនតែម្ដង។ មិនតែប៉ុណ្ណោះក៏មានជំនួយដោយប្រព័ន្ធសុវត្ថិភាពសំខាន់ៗដូចជា៖ SC, TC, EBD, EBA, ផងដែរ។
ការរចនារូបរាងផ្នែកខាងមុខរំលិចដោយបាណាឆ្នូតៗស្រោបក្រូម ជាមួយចង្កៀងគុជ HID រាងវែងទំលាក់បន្ដិច ប្រភេទ Auto High Beam អមដោយ Daytime Running light នឹងពិលកាង ហើយផ្នែកខាងក្រោយស្រដៀងទៅនឹង Sienna ដោយភ្លើងស្ដុបអូសកាត់ទ្វាក្រោយ និងលៀនចេញមកចំហៀងបន្ដិចមើលទៅស្អាតម្យ៉ាង។
ខាងក្នុងទូលាយស្រឡាស់ល្អ និងមានភាពស្រស់ស្អាតមិនចាញ់ប្រេន Lexus ឡើយបើជាប្រភេទ Full Option វិញថ្វីត្បិតឆ្នាំទាបបន្ដិចមែនតែក៏ទំនើបប្លែកគួរសមដែរដោយ Venza មានភ្ជាប់មកជាមួយនៅកៅអីស្បែក ជំនួយដោយអេឡិចត្រនិក នឹងមុខងារកម្ដៅកៅអី។
តែក៏មិនភ្លេចដែរនៅ Smart Key បូតុង Power Stat, ដំបូលបើកពីតង់, កញ្ជក់មើលក្រោយមានមុខងារកម្ដៅ នឹងកាត់ចំណាំងផ្លាត, ទ្វាក្រោយចុចអូតូ, Speaker JBL ១៣គ្រាប់ ពោងសុវត្ថិភាព ៩គ្រាប់, DVD ក្រោយសម្រាប់អ្នកដំណើរ, រន្ធម៉ាស៊ីនត្រជាក់ក្រោយ អេក្រង់តាបឡូកណ្ដាលទំហំ ៩អ៉ីង ភ្ជាប់ជាមួយ Bluetooth GPS កាម៉េរាក្រោយ, កញ្ចក់ទាំងមួនអូតូ មានបូតុងបញ្ជាលើដៃចង្កូតជាដើម។
ចំពោះតម្លៃនៅលើទីផ្សារស្រុកខ្មែរឆ្នាំ២០០៩ ដល់២០១០ ចន្លោះពី ២ម៉ឺនដុល្លារជាង ទៅ ៣ម៉ឺនដុល្លារ អាស្រ័យលើពណ៌ Option ស្លាកលេខក្រដាសពន្ធ និងភិនភាគជាក់ស្ដែងជាដើម។
ចំពោះហេតុផលមួយចំនួនដែលស្រុកខ្មែរមិនសូវឃើញចររាចរណ៍ដូចពពួកឡានមួយទឹកអាមេរិកផ្សេងទៀតអាចបណ្ដាលមកពី៖
១/ ម៉ាស៊ីន ៤ស៊ីឡាំងមែន តែចំណុះ ២.៧ សម្រាប់ពន្ធនាំចូលក៏ខ្ពស់ បូករួមទាំងការទិញមករាងថ្លៃផង ទើបការលក់ចេញនៅស្រុកខ្មែរ ខ្ទង់៣ម៉ឺនដុល្លារ ដូចនេះតម្លៃប៉ុណ្ណឹងគេអាចពិចារណាមើលឡាន Lexus និង Toyota ផ្សេងដែលខ្ពស់ស្រលាស់ ទូលាយ និងជាប្រភេទ កៅអី៣ជាដើម។
២/ រូបរាងស្អាត ប៉ុន្ដែផ្នែកខាងមុខស្រដៀងទៅនឹង Camry 2007 និង RX350 សម្រាប់ប្រព័ន្ធសុវត្ថិភាព និងសម្រស់ខាងក្នុងមិនលើសខ្វះគ្នាឡើយ ចំណែកតម្លៃហាក់ខ្ពស់ជាង Camry ឆ្ងាយ តែទាបជា RX350 បន្ដិចសម្រាប់ទីផ្សារហាងឆេងក៏ Camry និង RX350 ល្អជាងនេះក៏ជាហេតុផងដែលគេអាចពិចារណាដែរ។
៣/ កម្រិតស៊ីសាំងរាងខ្ពស់គួរសម ទោះបីជាប្រើម៉ាស៊ីន ៤ស៊ីឡាំងមែនតែចំណុះ ២.៧លីត្រ បើប្រភេទ ៦ស៊ីឡាំងទៀត RX330 សុំខ្មាស់។
៤/ ជាឡានមិនសូវពេញនិយម ដូចនេះគ្រឿងបន្លាស់ក៏មិនសូវសម្បូរដែរ ចំពោះប្រភេទឡានដែលមិនសម្បូរគ្រឿងបន្លាស់តែងមានតម្លៃខ្ពស់បន្ដិចហើយ។
សរុបមកទាំងនេះគ្រាន់តែជាហេតុផលខ្លះៗតែប៉ុណ្ណោះ សម្រាប់គុណភាពនៃការប្រើប្រាស់វិញ ធន់រឹងមាំជើងក្រោមហាប់ណែនល្អមិនចាញ់ Lexus ឡើយ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Toyota Venza មួយម៉ូឌែលនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ ព័ត៍មានបន្ថែម ក៏ដូចជាបទពិសោធន៍ ទាក់ទង់នឹងម៉ូឌែល Venza អាចចូលមកចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ