ចំណាយលើការទិញរថយន្ដជារឿងមួយដែលត្រូវការពិភាក្សាយ៉ាងល្អិតផងដែរ ពិសេសចំពោះគ្រួសារជីវភាពមធ្យម មានលុយខ្ទង់ ៤០០០ ទៅ ៦០០០ដុល្លារ ចង់មានឡានជិះលក្ខណៈគ្រួសារគ្រាន់ជ្រក់ភ្លៀងបាំងថ្ងៃអង្គុយក្នុងឡានមានម៉ាស៊ីនត្រជាក់ ស្ដាប់ចម្រៀង។ Advan Auto សូមលើកបង្ហាញរថយន្ដ ៤ ម៉ូដែលនេះ សម្រាប់អោយប្រិយមិត្តគិតមើលលេងៗបាន។
១. Toyota Camry ឆ្នាំ ៩៧ ដល់ ២០០០
Camry បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំង ១៣៦សេះ ប្រើប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ(FWD) អាចបើកលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង ស្ទុះពី០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤ វិនាទី វាស៊ីសាំងជាមធ្យមចន្លោះ ៨ ទៅ ៩ លីត្រក្នុង ១០០ គីឡូម៉ែត្រ។
ជើងក្រោមភ្ជាប់មកជាមួយយ៉ាន់កង់ ១៥អីញ ហ្វ្រាំងគៀបមុខក្រោយ ABS ប្រើប៉ូម MacPherson Coil Spring Anti-Roll Bar នៅផ្នែកខាងមុខ និង Multi-ling Anti-Roll Bar ផ្នែកខាងក្រោយ។
ជាប្រភេទឡាន Sedan ទ្វារ ៤ កៅអី២ ជិះបានគ្នា ៥ នាក់ និងឃ្លុបក្រោយដាច់ដោយឡែកសម្រាប់ដាក់ឥវ៉ាន់។
ហាងឆេងស្លាកលេខស្រុកខ្មែរចន្លោះពី ៤០០០ ជាងទៅ ៦០០០ ដុល្លារជាង តាមភិនភិគជាក់ស្ដែង ។ ចំពោះការជួសជុលវិញ ចំណាយមិនច្រើនទេខ្ទង់ ៣០ ទៅ ១៥០ ដុល្លារជាង ឬអាចច្រើនជាងនេះប្រសិនបើទុកឲ្យវាឈឺធ្ងន់ ។
២. Toyota Corolla ឆ្នាំ ២០០១ ដល់២០០២
Corolla បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំង ១២៥ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) រត់លឿនបំផុត ១៨៤ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រប្រើពេល ១១.៤ វិនាទី និងស៊ីសាំងខ្ទង់៦ ទៅ ៨លីត្រក្នុងមួយ ១០០គីឡូម៉ែត្រ។
ប្រពន្ធ័ជើងក្រោមប្រើប្រភេទ បូមរឺស័រធម្មតា MacPherson Strut ទាំងមុខក្រោយ ប្រើហ្វ្រាំងប្រភេទឌីសពីមុខ និងក្រោយប្រើហ្វ្រាំងតាំប៊ួរ ជំនួយដោយ ABS។
វាមិនជាទូលាយប៉ុន្មានទេ តែអាចប្រើលក្ខណៈគ្រួសារបាន និងសន្សំសំចៃបានច្រើនលើការចំណាយ។ តម្លៃស្លាកលេខក្នុងស្រុកចន្លោះពី ៤០០០ដុល្លារជាង ទៅ ៥០០០ដុល្លារ អាស្រ័យលើប្រភេទ និងភិនភាគជាក់ស្ដែង។ សម្បូរគ្រឿងបន្លាស់ណាស់ ហើយធូរថ្លៃទៀតផង បើមានបញ្ហាជួសជុលខ្ទង់ ៣០ដុល្លារ ទៅ ១៥០ ដុល្លារប៉ុណ្ណោះ។
៣.Kia Morning ២០០៤-២០០៧
និយាយពីកម្លាំងវិញកូនឡាន Morning មួយនេះបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ស៊ីឡាំង ១.០លីត្រ បង្កើតកម្លាំងបាន ៦០សេះ កម្លាំងរមួល ៦៤ ផោនហ្វីត ប្រើប្រអប់លេខ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD) រត់លឿនបំផុតបាន ១៥០គីឡូម៉ែត្រ/ម៉ោង សន្ទុះមិនស្ទុះទេ ល្មមតែអាចជិះបានក្នុងក្រុង ។
កម្រិតស៊ីសាំងវិញសន្សំសំចៃគ្រាន់បើ ក្នុងទីក្រុងសុី ៦លីត្រ ក្រៅក្រុងផ្លូវលាត ៤.៥ លីត្រក្នុង ១០០គីឡូម៉ែត្រ។
ខាងក្នុងសាមញ្ញ មានប៊ូតុងបញ្ជារមុខងារមួយចំនួន ជាកូនឡានទ្វារ ៤ មានកៅអី ២ជួរ ជិះគ្នា ៥នាក់ កៅអីខាងជួរមុខទូលាយគួរសម តែខាងក្រោយរាងចង្អៀត (ល្មមសម្រាប់ក្មេងៗអង្គុយ) និងសស់ឃ្លុបក្រោយអាចដាក់ឥវ៉ាន់តិចតួច ។
តម្លៃវិញធូរថ្លៃខ្ទង់ ៤០០០ ដុល្លារជាងទៅ ៦០០០ ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងគុណភាពជាក់ស្ដែង និងចំណាយលើការជួសជុលចន្លោះ ២០ដុល្លារ ទៅ ១០០ដុល្លារជាង។
៤. Honda CR-V ឆ្នាំ ៩៩-២០០១
CR-V បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំង ១៤៦ សេះ កម្លាំងរមួល ១៣៣ ផោនហ្វីត រត់លឿនបំផុត ១៧៧គីឡូម៉ែត្រ/ម៉ោង ។ ជំនាន់ទីមួយនេះវាប្រើប្រអប់លេខ ៤ វគ្គអូតូ និងជម្រើស ៥ វគ្គលេខដៃ ជាមួយនឹងប្រភេទរត់ប៉ុងមុខ(FWD) និងប៉ុងពីរ(AWD)។ ចំពោះកម្រិតស៊ីសាំងវិញ ជាមធ្យមចន្លោះពី ៨ លីត្រទៅ ១០លីត្រក្នុងមួយ ១០០ គីឡូម៉ែត្រ។
ប្រពន្ធ័ជើងក្រោមវិញពិសេសដែរត្រង់បំពាក់ (Double wishbone ) ទាំងមុខទាំងក្រោយ ជាមួយនឹងហ្វ្រាំងគៀបខាងមុខ ហ្វ្រាំងតាំប៉ួខាងក្រោយ ជំនួយដោយ ABS ធ្វើអោយការបើកបរមានភាពទន់ស្រួល ទប់លំណឹងបានល្អមិនសូវរលាក់ទេ ជាពិសេសទប់លំនឹងបានល្អនៅលើផ្លូវកោង។
ផ្នែកខាងក្នុងមិនមានអ្វីប្លែកទេ កៅអីក៏ដូចជាការតុបតែងភាគច្រើនប្រើប្រភេទក្រណាត់ គ្រាន់តែបានធំទូលាយគ្រាន់បើ
ជិះខាងមុខបាន ២ នាក់ ក្រោយញាត់ ៤ នាក់បាន នឹងសល់ឃ្លុបក្រោយដាក់ឥវ៉ានបានច្រើន។
ចំពោះតម្លៃវិញចន្លោះពី ៤០០០ ដុល្លារជាង ទៅ ៥០០០ ដុល្លារជាងអាស្រ័យតាមប្រភេទ និងភិនភាគជាក់ស្ដែងបើមានបញ្ហាជួសជុលចំណាយខ្ទង់ ៣០ ទៅ ២០០ដុល្លារជាង។
សរុបមកបួនម៉ូឌែលនេះ សុទ្ធសឹងតែឡានដែលពេញនិយមនៅស្រុកយើងផងដែរ មិនជាចំណាយច្រើនទេ ទៅលើការថែទាំ។ សេរីចាស់មែន តែផ្លូវស្រុកខ្មែរពីកំពត ទៅសៀមរាបអី មិនចាំបាច់ឈប់ដេកតាមផ្លូវឡើយ និយាយរួមអាព្រូស អាបាឡែនទៅដល់ណា ៤ ម៉ូឌែលនេះក៏ទៅដល់នឹងដែរ។
អត្ថបទ៖ BunSak
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ