កាលពី ២០ ឆ្នាំមុន Toyota Camry ជំនាន់ទី ៤ គឺឡាន Sedan មួយដែលមានប្រជាប្រិយភាពបំផុតនៅទីផ្សារកម្ពុជា អ្នកណាមានលទ្ធភាពប្រើវា ចាត់ទុកថាអ្នកមានហើយ ខណៈដែលបច្ចុប្បន្នក៏នៅតែមិនធម្មតា មានថវិកាត្រឹម ៦០០០ ដុល្លារជាង អាចប្រើវាបានយ៉ាងស្រួលចិត្ត ។
Camry ជំនាន់ទី ៤ ដែលផលិតចាប់ពីឆ្នាំ ១៩៩៧-២០០១ នេះ មានបីប្រភេទរួមមាន CE, LE, XLE និងជម្រើសមាសុីន ៤ ស៊ីឡាំង និង ៦ ស៊ីឡាំង ។ រាងស្អាត ម៉ាស៊ីនអេមជើងក្រោយរត់ស្រួល ខណៈដែលស្រុកខ្មែរភាគច្រើនប្រើតែប្រភេទ LE, XLE មាស៊ីន ៤ ស៊ីឡាំង ២.២លីត្រប៉ុណ្ណោះ។
មានប្រិយមិត្តណាខ្លះដែលធ្លាប់មានអនុស្សាវរីយ៍ ក៏ដូចជាកំពុងប្រើប្រាស់វានៅពេលបច្ចុប្បន្ននេះ? ជួយ Comment ប្រាប់ Admin នៅខាងក្រោមអត្ថបទផង ។
ឈ្មោះ “Camry” បើហៅថា កាមរី ប្រហែលជាមិនសូវស្គាល់វាទេ តែនិយាយពីអាឆ្លាមវិញប្រហែលជានឹកឃើញភ្លាមថាវាជាបងបង្កើតរបស់កាមរីស្វិត និងកាមរីហើម ។
Camry ជំនាន់ ៤ នេះ បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំង ១៣៦ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ(FWD) អាចបើកលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤ វិនាទី (និយាយទៅសន្ទុះប្រហែល Prius ដែរ តែបើរត់លឿនស្រាប់ អាចវ៉ាដាច់ Prius យ៉ាងផុយ) វាស៊ីសាំងជាមធ្យមចន្លោះ ៨ ទៅ ៩លីត្រក្នុង ១០០គីឡូម៉ែត្រ ។
ជើងក្រោមភ្ជាប់មកជាមួយយ៉ាន់កង់ ១៥អីញ ហ្វ្រាំងគៀបមុខក្រោយ បំពាក់ ABS ប្រើប៉ូមនិងរ៉ឺស័រមុខធម្មតា (MacPherson Coil Spring) នៅផ្នែកខាងមុខ និងជើងក្រោមខាងក្រោយឯករាជ្រប្រភេទ Multi-Link (មានដៃចាប់ ២-៣ ភ្ជាប់ពីសាក់ស៊ីទៅកង់ឡាន) ធ្វើអោយការបើកបរស្រួលមិនឃ្លោង ជាពិសេសកាត់បន្ថយការរលាក់បានច្រើន ។
ខាងក្រៅមើលពីមុខឃើញប៉ាណាតូចល្មម ចង្គៀងធម្មតារាងជាអក្សរ I ផ្ដេកទាំងស្ដុបមុខក្រោយ សាកសមក្នុងសម័យនោះ ជាប្រភេទឡាន Sedan ទ្វា ៤ មានកៅអី ២ជួរ ជិះបានគ្នា ៥នាក់ នឹងឃ្លុបក្រោយដាច់ដោយឡែកសម្រាប់ដាក់ឥវ៉ាន់ (គូទចង្អៀតបន្តិច) ។
វាមានបណ្ដោយ ៤៧៨៧ ម.ម ទទឹង ១៧៨០ម.ម កម្ពស់ ១៤០៧ ម.ម ពីដីមកបាត ១៣០ម.ម និងទម្ងន់ ១៣៦០គីឡូក្រាម។
សម្រាប់ម៉ូឌែល XLE រាងពិសេសជាង LE បន្ដិចដោយបំពាក់ ពោងសុវត្ថិភាព ៦គ្រាប់ ហ្វ្រាំងគៀបមុខក្រោយ ដំបូលបើក Speaker JBL ។ ចង់បញ្ជាក់មួយទៀត ៩៧ មែនពិត តែមានកៅអីចុច អត់ចាញ់ឡានសេរ៊ី ២០២២ ទេ ។
ចំពោះតេស្ដបុកប៉ះ ទទួលបានផ្កាយ ៥ ពីនាយកដ្ឋានសុវត្ថិភាពចររាចរណ៍ផ្លូវគោកសហរដ្ខអាមេរិក (NHTSA) ដោយមានពោងសុវត្ថិភាព ៦ គ្រាប់អាចការពារបានគ្រាប់គ្រាន់ ។
បើនិយាយពីប្រវត្តិអូសឡានចូលរោងចក្រវិញ តាមរបាយការណ៍ពី Autoblog បញ្ជាក់ថា Toyota Camry ជំនាន់ទី ៤នេះវិញមានតិចតួចដែរ ដែលភាគច្រើនបញ្ហាទៅលើ បរិក្ខាខាងក្នុងមួយចំនួន និងការគ្រប់គ្រងល្បឿនជាដើម ។
ហាងឆេងស្លាកលេខស្រុកខ្មែរចន្លោះពី ៤០០០ ជាងទៅ ៦០០០ ដុល្លាជាង តាមភិនភិគជាក់ស្ដែង ។ ចំពោះការជួសជុលវិញ ចំណាយមិនច្រើនទេខ្ទង់ ៣០ ទៅ ១៥០ ដុល្លារជាង ឬអាចច្រើនជាងនេះប្រសិនបើទុកឲ្យវាឈឺធ្ងន់ គ្រឿងបន្លាស់ក៏មិនខ្វះដែរ មិនថាជជុះ កាប់សាច់ក្បាលឡាន មួយទឹកគុណភាព ឬគ្រឿងថ្មី OEM ទោះជាងនៅតាមចុងកាត់មាត់ញក់ណាក៏ចេះជួសជុលដែរ ហើយធូរថ្លៃទៀតផង ។
ជារួមមកឃើញថា អាយុកាលវាក៏ច្រើនហើយដែរ តែបើឡាននៅល្អសាច់ដែកស្អាត បាតក្រោមអត់ច្រេះពុកផុយ មាសុីនប្រអប់លេខអេម អាចប្រើប្រាស់បានដូចឡានថ្មី ២០២២ នេះអញ្ជឹង គ្រាន់តែវាមិនសូវទំនើប និងសុីវិល័យនឹងគេតែប៉ុណ្ណឹង៕
អត្ថបទ៖ BunSak
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ