RX350 ជារថយន្ដលំដាប់ជួរមុខ របស់់ Lexus ទោះអាយុ ១០ឆ្នាំហើយក្ដីតែតម្លៃខ្លួន នៅខ្ពស់ដដែល 

អ្នកទស្សនា
1037
0/ AKlasseAuto Promotion
Untitled-1.jpg

ម៉ូឌែលពេញនិយមជាងគេនៅស្រុកខ្មែររបស់ Lexus ភាគច្រើនជាត្រកូល RX មិនថាស៊េរីចាស់ ឬថ្មីឡើយ ស្ថិតក្នុងចំណោមប្រភេទឡាន Crossover SUV មិនធំពេក តែទូលាយខ្ពស់ពីដីល្មមអាចចុះចូលបានស្ទើរគ្រាប់ស្ថានភាពផ្លូវនៅស្រុកខ្មែរតែម្ដង។

ម្យ៉ាងទៀតភាពស្រស់សង្ហារ និងប្រណិតភាពខាងក្នុង គឺជាអ្វីដែលឆក់យកបេះដូង អ្នកដែលស្រឡាញ់ឡានបែប Luxury តែម្ដង។ RX350 ស្ថិតក្នុងជំនាន់ទី៣ នៃត្រកូល RX ឆ្នាំផលិតដែលគិតចាប់ពីថ្ងៃលក់ចេញ នៅឆ្នាំ២០១០ ដល់ ២០១៥។ ទោះបីវាមិនមែនជាឡានស៊េរីខ្ពស់ឆ្នាំថ្មី តែបច្ចេកវិទ្យា និងភាពស្រស់ស្អាត គឺនៅតែអេមដដែល ហើយតម្លៃទីផ្សារស្រុកខ្មែរវិញក៏នៅខ្ពស់គួរសមដែរ។

បើគិតទាំងស្លាកលេខ និងក្រដាស់ពន្ធវិញចន្លោះពី ៤០០០០ដុល្លារ ទៅ៥០០០០ដុល្លារជាង អាស្រ័យលើ Option ឆ្នាំផលិត ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។ ចំពោះចំណាយលើការថែទាំគួរសមដែរ ខ្ទង់ ២០០ដុល្លារ ទៅ ៦០០ដុល្លារជាង។

RX ជំនាន់ទី៣នេះ ម៉ាស៊ីនខ្លាំងជាង ប្រើ៦ស៊ីឡាំងដូចគ្នា តែចំណុះ ៣.៥លីត្រ ដែលផលិតកម្លាំងបាន ២៧៥សេះ កម្លាំងរមួល ២៥៧ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូមានជំនួយដោយលេខដៃ បង្វិលកង់ដោយប្រភេទ ប៉ុងមួយ (FWD) និងប៉ុងពីរ(AWD)។ ល្បឿនវិញជាន់ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រ ប្រើពេលតែ ៧វិនាទីប៉ុណ្ណោះ និងជំនួយដោយប្រព័ន្ធ Lock Differential សម្រាប់ផ្លូវលំបាកៗជាដើម។

image.png

ម៉ាស៊ីនធំមែនតែស៊ីសាំងតិចគួរសម ព្រោះវាមានបំពាក់ប្រព័ន្ធជំនួយ Eco System អញ្ចឹងសម្រាប់ការបើកបរ ក្នុងទីក្រុងវាស៊ី ១៣លីត្រ និងក្រៅក្រុងផ្លូវលាត ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។

គេថា RX350 នេះជិះស្រួល

ព្រោះជើងក្រោមរបស់វាទាំងមុខក្រោយបំពាក់ប្រព័ន្ធឯករាជ Independent Suspension និងបន្ថែម ប៉ូមរឺស័រ MacPherson Strut នៅខាងមុខ និងខាងក្រោយប្រើជា ស្លាបប្រចៀវឌុប Double Wishbone និង Stabilizer Bar អាចទប់ទម្ងន់ ២តោនរបស់ឡាន បានយ៉ាងស្រួល មិនថាបើកលឿន ផ្លូវកោង ឬរលាក់ វាទប់រថយន្ដ មិនឲ្យឃ្លោង និងកាត់បន្ថយការលាក់បានច្រើន។ ហ្រ្វាំងវិញ ប្រើប្រភេទឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួនតែម្ដង ធ្វើឲ្យការចាប់ហ្វ្រាំងកាន់តែសុវត្ថិភាព។

មិនតែប៉ុណ្ណោះវាក៏មានបំពាក់នៅប្រព័ន្ធ VDIM (Vehicle Dynamics Integrated Management) សម្រាប់គ្រប់គ្រងបន្ថែមលើមុខងារទប់លំណឹង ប្រព័ន្ធចង្កូត និងប្រព័ន្ធសុវត្ថិភាពផ្សេងៗជាដើម ដើម្បីជួយឲ្យឡានបត់បែនតាមរបៀបបើកបររបស់អ្នកបើកបរ ។

ការឌីហ្សាញវិញ រូបរាងបែបស្ព័រច្រើនជាង មិនមូលដូចពីមុនឡើយ ខាងមុខបំពាក់ចង្កៀងគុជ ភ្លឺច្បាស់ល្អ ប្រភេទ Adaptive ដែលអាចរ៉េតាមចង្កូត សម្រាប់ Option ខ្ពស់ ។

image.png

ចំណែកស្ដុបខាងក្រោយក៏មានបំពាក់មកជាមួយ LED ផងដែរ ទាំងចង្កៀងមុខ និងស្ដុបក្រោយ រចនាបថ មើលទៅស្រដៀងគ្នា មិនថាមើលពីខាងណា បងប្អូនអាចស្គាល់បានថាជា RX350 ឆ្នាំ២០១០ តែម្ដង។

image.png

ខាងក្នុងបំពាក់កៅអីស្បែក ពីរជួរ ទូលាយល្មមអាចអង្គុយបាន ៥ ទៅ៦នាក់ និងសល់ឃ្លុបក្រោយធំអាចដាក់ឥវ៉ាន់បានច្រើនផងដែរ។ ជាស្ដង់ដារបំពាក់នៅ ផ្លិតទឹកអូតូ, ដំបូលបើក, គូទក្រោយបិទបើកអូតូ,ចង្កូតអេឡិចត្រូនិក, កៅអីចង់ចាំ ជំនួយដោយ Lumbar Support និងសារ៉េក្ដៅត្រជាក់បាន។

image.png

តែសម្រាប់ ប្រភេទ Full Option ខ្ពស់វិញ បន្ថែម កាមេរ៉ាក្រោយ និងចំហៀងខាងស្ដាំ,កញ្ចក់មើលក្រោយកាត់ចំណាងផ្លាត Auto Dimming, ទឹកបាញ់ចង្កៀង, ពោងសុវត្ថិភាព ១២គ្រាប់, Speaker ១៥គ្រាប់ ប្រភេទ Mark Levinson,​ DVDក្រោយ, អេក្រង់ធំ ៨អីញ សម្រាប់មើល ផែនទី កាមេរ៉ាក្រោយ និងបង្ហាញនូវមុខងារមួយចំនួនដែលអាចបញ្ជារដោយ Mouse Pad ។

image.png

មិនតែប៉ុណ្ណោះក៏មាន ៨គ្រាប់មុខក្រោយ ជំនួយពេលចូលចត, មុខងារជូនដំណឹងពេលមានគ្រោះថ្នាក់ (Pre-collision System) ចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គនៅខាងមុខ, និង Head-up Display ជាដើម។

RX350 វាក៏ទទួលបានផ្កាយ៥ កម្រិតតេស្ដប៉ុកប៉ះពីនាយកដ្ឋាសុវត្ថិភាពចរាចរណ៌ផ្លូវគោកសហរដ្ឋអាមេរិក ដោយពោងសុវត្ថិភាព ១២គ្រាប់ធ្វើការបានយ៉ាងល្អ។

ទោះបីជាចាស់ឆ្នាំបន្ដិចមែន

សម្រាប់ស្រុកខ្មែរវានៅតែជាប្រភេទឡានលំដាប់ជួរមុខដដែល ជិះស្រួលសុវត្ថិភាព ស្អាត និងទាន់សម័យ គ្រាន់តែនៅម្លៃរៀងខ្ពស់បន្ដិច។ សម្រាប់បងប្អូនគិតយ៉ាងណាដែរ លុយ ៤ទៅ៥ម៉ឺនដុល្លារ គិតថាចង់ពិចារណាលើ RX350 នេះដែរឬអត់? តែបើស្រឡាញ់មើលលេងៗទៅ៕

អត្ថបទ៖ BunSak 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More