Kia បានផលិតម៉ូឌែល Grand Carnival ដំបូងបំផុតនៅឆ្នាំ១៩៩៨មកម៉្លេះ រហូតដល់ឆ្នាំ២០១៤ តែសន្ទុះនៃការប្រើប្រាស់ហាក់នៅណឹង ព្រោះតែការឌីស្សាញរូបរាងបែបបុរាណមិនទាន់សម័យទាល់តែសោះ។ តែចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ក្នុងជំនាន់ទី៣នេះ ទើប Kia ធ្វើការផ្លាស់ប្ដូរ និងកែប្រែ ៣៦០ឌឺក្រេតែម្ដង និងបានវ៉ៃលុកចូលទីផ្សារអាមេរិក អ៊ឺរ៉ប់ និងអាស៊ី ដែលទទួលបានជោគជយ័គួរឲ្យកត់សម្គាល់។
ស្ថិតក្នុងជំនាន់ទី៣នេះដែរ សម្រាប់ឆ្នាំ២០១៩ នឹង២០២០ Carnival ទទួលបានកំណែរទម្រង់ថ្មី នៅផ្នែកខាងក្នុង និងខាងក្រៅមួយចំនួនទៀត តែចំពោះស្រុកខ្មែរនិយមតែឆ្នាំ០១៥ ដល់០១៨តែប៉ុណ្ណោះ ព្រោះតម្លៃសមរម្យ។ទាំងស្លាកលេខ និងក្រដាស់ពន្ធ បងប្អូនអាចរកទិញបានចន្លោះពី ៣០០០០ដុល្លារជាង ទៅ៤០០០០ដុល្លារជាង អាស្រ័យលើជម្រើសម៉ាស៊ីន ពណ៌ និង Option ជាដើម។
ចំពោះម៉ាស៊ីនស្រុកខ្មែរប្រើពីរប្រភេទដូចជា៖ ម៉ាស៊ីនសាំង ៦ស៊ីឡាំង ចំណុះ ៣.៣លីត្រ ផលិតកម្លាំងបាន ២៧០សេះ កម្លាំងរមួល ២៣៤ផោនហ្វីត ល្បឿនអតិបរិមា ១៩០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០គីឡូម៉ែត្រ ប្រើពេល ៨.៦វិនាទីប៉ុណ្ណោះ។ម៉ាស៊ីនរាងធំគ្រាន់បើ វាស៊ីសាំងចន្លោះពី ១២លីត្រ ទៅ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចតាមស្ថានភាពជាក់ស្ដែង។
ចំពោះម៉ាស៊ីនម៉ាស៊ូតវិញ ទំហំ ៤ស៊ីឡាំង ជំនួយដោយ Turbo មុខកាត់ ២.២លីត្រ ផលិតកម្លាំង ២២០សេះ កម្លាំងរមួល ៣៣២ផោនហ្វីត សន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ១៣.៦វិនាទី។ ទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD) (ជាទូទៅប្រភេទមាស៊ូតនេះ សម្រាប់តែប្រើក្នុងប្រភេទកូរ៉េប៉ុណ្ណោះ)។ម៉ាស៊ីនតូចសន្សំសំចៃគ្រាន់បើ ស៊ីសាំងចន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង ១០០គីឡូម៉ែត្រ អាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។
ស៊េរីឆ្នាំខ្ពស់បែបនេះជើងក្រោមក៏មិនអន់ដែរ ផ្នែកខាងមុខបំពាក់ប្រព័ន្ធឯករាជ Independent Suspension អមដោយបូមរឺស័រ MacPherson Strut ជាមួយនឹង Stabilizer និងខាងក្រោយប្រើជាមួយនឹងស្លាបប្រចៀវឌុប Double Wishbone ធ្វើឲ្យការបើកបរទប់លំណឹងបានល្អ និងកាត់បន្ថយការលាក់បានច្រើន។ ប្រើយាន់កង់ ១៧អីញ ចំពោះប្រព័ន្ធហ្វ្រាំង ទាំងមុខក្រោយប្រើហ្វ្រាំងឌីសគៀប នៅកង់ទាំងបួន ជំនួយដោយប្រព័ន្ធ ABS ក៏មានបន្ថែមនៅប្រព័ន្ធ EBD និង BA ជាដើម ដែលធ្វើឲ្យការជាន់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាពខ្ពស់។
Carnival ជាប្រភេទឡាន Minivan វាមានប្រវែង ៥១១៥ម.ម ទទឹង ១៩៨៥ម.ម កម្ពស់ ១៧៤០ម.ម ពីដីមកបាត ១៧១ម.ម ទម្ងន់ ២២០០គីឡូក្រាម និងអាចផ្ទុកទម្ងន់ចន្លោះពី ៨០០គីឡូក្រាម ទៅ ១តោន។ ការឌីស្សាញបែបទាន់សម័យមើលមិនសាំភ្នែក ប្រើចង្កៀងគុជ LED បំភ្លឺផ្លូវបានច្បាស់ល្អ អមជាមួយ Daytime Running Light និងពិលកាង គួបផ្សំនឹងប៉ាណាបន្ទាត់ឆ្នូតៗ តាមប្រភេទ Option ខ្លះសំណាញ់ញឹកបែប 3D ដែលមើលទៅស្រស់ស្អាតគួរឲ្យទាក់ទាញម្យ៉ាងដែរ។
ខាងក្នុងបំពាក់កៅអី ៤ជួរ ស្មើរនិង១១កៅអី ធំទូលាយស្រួលចេញចូល និងមានរន្ធម៉ាស៊ីនត្រជាក់ ៣ជួរមិនឲ្យត្រជាក់ចាញ់ថ្ងៃឡើយ។ ចង្កូតប្រើប្រភេទអេឡិចត្រនិក ធូរស្រួលបតបែនតម្លើងទម្លាក់បាន ក៏ភ្ជាប់មកជាមួយកៅអីចងចាំទីតាំង កញ្ចក់ខ្ដោប ប្រភេទកាត់ចំណាងផ្លាត និងភ្លើងអូតូជាដើម។
បើជាប្រភេទ Full Option វិញមានបន្ថែមជាមួយនឹង៖កៅអីស្បែក ផ្នែកខាងជួរមុខជំនួយដោយប្រព័ន្ធអេឡិចត្រនិក និងកៅអីក្ដៅត្រជាក់សម្រាប់ជួរទីមួយ និងជួរទីពីរ។ មានអេគ្រង់ធំ អាចភ្ជាប់ជាមួយទូរស័ព្ទបាន, ប្រើSmart Key នៅទ្វាទាំង៥ សម្រាប់សងខាង និងទ្វាក្រោយអូតូ, ដំបូលបើកពីរតង់, មានប៊ូតុង Power Start/Stop, Speaker Surround Sound , ពោងសុវត្ថិភាព គ្រប់កន្លែងជុំវិញ, មាន Sensor មុខក្រោយជំនួយពេលចូលចត, ភ្ជាប់ជាមួយកាម៉េរាមុខក្រោយ និងផែនទីជាដើម។ ក៏មានភ្ជាប់មកនៅមុខងារពិសេសៗមួយចំនួនដូចជា៖ Adaptive Cruise Control ចេះកំណត់ល្បឿនតាមឡានខាងមុខ, Lane Departure Warning សញ្ញាព្រមានពេលឡានខុសកន្លង, ប្រព័ន្ធជំនួយពេល ឡើងនឹងចុះចំណត ជាដើម។
សរុបមក ឆ្នាំខ្ពស់តម្លៃធូរគួរសម ពិសេសសម្រាប់ប្រើលក្ខណៈគ្រួសារមានសមាជិកច្រើន ឬអង្គភាពក្រុមហ៊ុន វាអាចជួយសម្រួលក្នុងការធ្វើដំណើរបានច្រើន។ ព្រោះធំទូលាយ អាចជិះបាន ១១នាក់អីល្មម ជើងក្រោមហាប់ណែនល្អទៀត គួបផ្សំនិងបច្ចេកវិទ្យាទំនើបគ្រាន់បើ អាចនិយាយបានថាតម្លៃប៉ុណ្ណឹងធូរគួរសម បើធៀបនឹង ឡានVan ផ្សេងៗដូចជា Toyota ក្នុងឆ្នាំប្រហាក់ប្រហែលគ្នា។
តែចំណុចដែលគួរពិចារណានោះគឺ វាមិនទាន់ជាសម្បូរទីផ្សារ និងការពេញនិយមច្រើននៅឡើយ អញ្ជឹងពេលលក់វិញអាចខាតច្រើនគួរសម ម្យ៉ាងទៀត មិនសូវជាសម្បូរគ្រឿងបន្លាស់ទេ ពេលជួសជុលរាងថ្លៃគ្រាន់បើ។ ណាមួយជាឡានមកពីកូរ៉េ អាចមានបញ្ហាច្រែះជើងក្រោម និងបញ្ហាលើផ្នែកម៉ាសុីនខ្លះៗ ដែលត្រូវឲ្យយើងពិនិត្យមើលល្អិតល្អន់បន្តិច មុននឹងពិចារណាចូលដណ្ដឹង។ តែបើសួរថាល្អប្រើអត់ គុណភាពយ៉ាងណាដែរ? សម្រាប់ឡានឆ្នាំខ្ពស់បែបនេះ វាដូចជាមិនមានបញ្ហាអ្វីឡើយ ឲ្យតែម៉ាស៊ីននៅស្អាត ជើងក្រោម សាច់ដែកអេម វាមិនងាយទៅណាទេ៕
អត្ថបទ៖ BunSak
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ