នរណាមិនល្បីប្រភេទឡាន Luxury MPV របស់ Toyota ម៉ូឌែល Alphard ចេញដំបូងក្នុងជំនាន់ទី១ នៅឆ្នាំ ២០០២ ដល់២០០៧។ ក្នុងនោះដែរសម្រាប់ឆ្នាំ២០០៦ ឡើងទៅមានការផ្លាស់ប្ដូរតិចតួច នៅផ្នែកចង្កៀងមុខ និងស្ដុបក្រោយ។ ទោះបីជាចាស់ឆ្នាំមែនតែទំនើប និងប្លែកមែនតែន សម្រាប់ Alphard នេះដែរ ភាគច្រើនគឺផលិតសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសជប៉ុនផ្ទាល់តែម្ដង។ហើយក៏មានបញ្ចេញលក់នៅទីផ្សារអាស៊ីផងដែរ ដែលភាគច្រើនជាប្រទេសដែលប្រើចង្កូតស្ដាំ ដូចករណីនៅស្រុកខ្មែរយើង មុននឹងនាំចូលគឺ បានកែចង្កូតរួចហើយ ទើបអាចបង់ពន្ធបាន។

វាជាប្រភេទឡាន MPV ៧កៅអីធំទូលាយ និងទំនើប នៅស្រុកខ្មែរ មិនថាស៊េរីឆ្នាំ២០០២ ឬ២០២២នោះទេ តែងមានចររាចរណ៍លើដងផ្លូវមិនសូវដាច់ភ្នែកឡើយ។
តែសម្រាប់តម្លៃវិញឆ្នាំ០២ ដល់០៥ ចន្លោះពី ២០០០០ដុល្លារជាង ទៅ២៥០០០ដុល្លារជាង អាស្រ័យលើ Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។ តែចំពោះ ០៦ ដល់០៧ ខ្ទង់ ២៥០០០ដុល្លារជាង ទៅជិត៣០០០០ដុល្លារជាង អាស្រ័យលើ Option និងប្រភេទម៉ាស៊ីន។

និយាយពីម៉ាស៊ីនក្នុងជំនាន់ទី១ហ្នឹង មាន៣ប្រភេទ គឺម៉ាស៊ីន ៤ស៊ីឡាំង ៦ស៊ីឡាំង និង ៤ស៊ីឡាំង បូកជាមួយប្រព័ន្ធ Hybrid តែស្រុកខ្មែរភាគច្រើននាំចូលតែម៉ាស៊ីនសាំងសុទ្ធប៉ុណ្ណោះ។
ចំពោះម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ ២.៤លីត្រ ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ១៦៣ផោនហ្វីត។ កម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួចតាមស្ថានភាពជាក់ស្ដែង។
បើ៦ស៊ីឡាំងវិញ ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ២២០សេះ កម្លាំងរមួល ២២៩ផោនហ្វីត ទាំងពីរជម្រើសនឹង រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិកកង់ដោយប្រភេទប៉ុងមួយ(FWD) និងប៉ុងពីរ(AWD) អាចរត់ល្បឿន ១៨០គីឡូម៉ែត្រ/ម៉ោង។ ម៉ាសុីន៦ស៊ីឡាំង វាស៊ីខ្ទង់ ១២លីត្រ ទៅ ១៤លីត្រក្នុង១០០គីឡូម៉ែត្រ នឹងអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។ ស្ថិតក្នុងចំណោមប្រភេទ MPV តែវាមិនវែងណាស់ណាទេ មានបណ្ដោយ ៤៨៤០ម.ម ទទឹង ១៨០៥ កម្ពស់ ១៩៣៥ ពីដីមកបាត ១៦០ម.ម និងទម្ងន់ ១៨៦០គីឡូក្រាម។

ចំពោះជើងក្រោម មិនទាន់អេមដូចស៊េរីថ្មីៗឡើយ ខាងមុខប្រើជា MacPherson Strut ជាមួយនិង Coil Spring ផ្នែកខាងក្រោយបំពាក់ Torsion Beam អមជាមួយ Coil Spring ដែលមានន័យថា វាបំពាក់បូម និងរឺស័រដាច់ដោយឡែក ទន់លំនឹងគ្រាន់បើនៅពេលជិះលឿន តែរលាក់គួរសមដែរ ។ ។ Alphard ប្រើយាន់កង់ទំហំ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀប ទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ។

បើមើលពីខាងក្រៅ ការឌីស្សាញបែបសាមញ្ញ មិនកាចមិនស្លូត តែសមសួន ចំពោះចង្កៀងមុខ និងស្ដុបក្រោយប្រើជាប្រភេទ HID ធម្មតាមិនសូវជាភ្លឺទេ ទាល់តែឆ្នាំ២០០៦ ដល់២០០៧ ទើប Toyota បំពាក់ចង្កៀងប្រភេទគុជ HID Projector និងស្ដុបក្រោយជា LED។

ខាងក្នុងទូលាយគ្រាន់បើ មានកៅអី ៣ជួរ អាចជិះបាន ៧ ទៅ៨នាក់ ក៏មានរន្ធម៉ាសុីនត្រជាក់ ៣ជួរផងដែរ។ Toyota មានបែងចែកជាពីរ Option ធំៗ ដូចជា ប្រភេទ Alphard V និង Alphard G ជាដើម។

បើជាប្រភេទ Alphard G Full Option វាមានបំពាក់កៅអីស្បែក ដែលជួរមុខជំនួយដោយប៉ូតុងអេឡិចត្រនិក និងកៅអីកំដៅជាដើម។ ក៏មានមកនៅដំបូលបើកពីរតង់,ទ្វាអូតូសងខាង និងទ្វាក្រោយ, បំពាក់វាំងននមួយជុំ បញ្ជាដោយអេឡិចត្រនិក, DVD សម្រាប់អ្នកដំណើរ, ឧបករណ៍ស្រូបខ្លិនចេញពីក្នុងឡាន, Speaker ១៤គ្រាប់, អេក្រង់ធំ សម្រាប់បង្ហាញព័ត៌មាន ដូចជាកាម៉េរាមុខក្រោយ ផែនទី និងបញ្ជាមុខងារផ្សេងៗជាដើម។ ក្រៅពីរនឹងក៏មាន បំពាក់ Sensor ៤ក្រាប់ ជំនួយពេលចូលចត និងបង្ហាញសញ្ញាពេលជិតប៉ុកប៉ះអ្វីមួយជាដើម។

ជារួមតម្លៃប៉ុណ្ណឹង សម្រាប់ឡានប្រើលក្ខណៈគ្រួសារដែលមានសមាជិក ៧ ទៅ៨នាក់ បងប្អូនដែលមានលុយខ្ទង់២ម៉ឺនដុល្លារជាង អាចពិចារណា Alphard បាន។ ខាងក្នុងទំនើបគួរសម ពូកស្បែក លាយហ្វមិការឈើ បន្ថែមនៅវាំងននទៀត មើលទៅបែប Luxury Car តែម្ដង៕
អត្ថបទ៖ BunSak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ