កាល១៥ឆ្នាំមុន បើនិយាយចំពោះឡាន Pick Up ស្ទើតែគ្មានរថយន្ដណាហក់ជាមួយ Vigo បានឡើយ។ ហក់មិនរួចមកពីស្រុកខ្មែរយើង និយមវាខ្លាំងមែនណាស់ ជាឡានលំដាប់ជួរមុខមួយចាប់តាំងពីឆ្នាំ ២០០៨មកម៉្លេះ។ ទោះមិនមានអ្វីទំនើបពិសេស ប្លែកមែន តែបើនិយាយពីភាពធន់រឹងមាំ ទោះឆ្លងឧបសគ្គផ្លូវលំបាកយ៉ាងណាក៏ Toyota Vigo នៅតែអាចស៊ូបាន។
ស្ថិតក្នុងជំនាន់ទី៧ នៃត្រកូល Hilux ដែលផលិតចាប់ពីឆ្នាំ ២០០៥ ដល់ ២០១៥ ហើយក្នុងរយៈពេល១០ឆ្នាំនឹង Toyotaធ្វើការផ្លាស់ប្ដូរកំណែទម្រង់តែមួយដងប៉ុណ្ណោះ ក្នុងឆ្នាំ២០១២។ ចំពោះ Vigo ស្រុកយើងសម្បូរតែឡានម៉ាស៊ីនម៉ាស៊ូត ជាឡានចាស់ឆ្នាំប្រើនៅខ្មែរយូរៗភាគច្រើនស្លាកលេខទាបៗ។
តែតម្លៃវិញកុំហក់ សម្រាប់ស៊េរីឆ្នាំ២០០៥ ដល់២០១១ ចន្លោះពីរ២០០០០ដុល្លារជាង ទៅ ២៥០០០ដុល្លារជាង ចំពោះឆ្នាំ២០១២ ដល់២០១៥ ខ្ទង់ ២៧០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារជាង អាស្រ័យលើភិនភាគជាក់ស្ដែង។

Hilux Vigo ប្រើម៉ាស៊ីនម៉ាស៊ូត (ម៉ាស៊ីនធំ) ៤ស៊ីឡាំង ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧១សេះ កម្លាំងរមួល ២៥២ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ (៥វគ្គ២០១២ឡើង) និងជម្រើសលេខដៃ បង្វិលកងដោយប៉ុងមួយ(RWD) និងប៉ុងពីរ(4WD) មានលេខដៃសម្រាប់ជំនួយដែលខ្មែរយើងហៅថាកាពីតាស់។
កម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច និងអាចរត់លឿនបំផុត ១៧០គីឡូម៉ែត្រម៉ោង។

និយាយពីប្រព័ន្ធជើងក្រោមវិញ Vigo ប្រើស្លាបប្រចៀវឌុប Double Wishbone និងTransverse Stabilizer នៅផ្នែកខាងមុខ ដែលជួយឲ្យការបើកបួងចង្កូតទប់លំនឹងល្អនៅផ្នែកខាងមុខ និងខាងក្រោយជា ជន្ទាស Leaf Spring អមជាមួយនិង Rigid Axle រាងរលាក់បន្ដិច តែអាចដឹងទម្ងន់បានច្រើន។ គួបផ្សំជាមួយយាន់កង់ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ និងខាងក្រោយជា ហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS។

ចំពោះខាងក្រៅមើលទៅស្អាតសមសួន តែចង្កៀងមុខ និងស្ដុបក្រោយប្រើប្រភេទធម្មតា Halogen មិនសូវជាភ្លឺទេ។
ជាប្រភេទ Pick Up ប្រវែងគួរសមដែរ ៥២៥៥ម.ម ទទឹង ១៨៣៥ម.ម កម្ពស់ ១៨១០ ពីដីមកបាត ២៩២ម.ម ទម្ងន់ ១៩៧០គីឡូក្រាម និងសល់ទ្រុងក្រោយប្រវែង ១៥៤០ម.ម អាចដឹកបាន ៨០០គីឡូក្រាម និងសណ្ដោងបានជិត ៣តោនឯណោះ។

ខាងក្នុងវិញបើជាប្រភេទ ប៉ុងពីរ Full Option មានបំពាក់ជាមួយនិងកៅអីស្បែក ជំនួយដោយអេឡិចត្រនិក សម្រាប់ឆ្នាំ២០១២ឡើងទៅ មានបន្ថែមនៅមុខងារមួយចំនួនទៀតដូចជា៖អេក្រង់ ៨អីញសម្រាប់មើលកាមេរ៉ាក្រោយ, ផែនទី, និងសម្រាប់បញ្ជា និងបង្ហាញព័ត៌មានផ្សេងៗជាដើម។

សរុបមក Vigo វាជាឡានដឹកទំនិញរត់ផ្លូវឆ្ងាយ ប្រើលក្ខណៈគ្រួសារ ដែលបងប្អូនអ្នកប្រើជក់ចិត្តសរសើរថា ធន់រឹងមាំ និងសន្សំសំចៃខ្ពស់គ្រាន់បើ។ ម្យ៉ាងទៀតជាឡាន Pick Up ដែលមានតម្លៃទីផ្សារហាងឆេងខ្ពស់ ណាមួយស្រួលលក់ចេញវិញ ហើយមិនសូវខាតច្រើនឡើយបើធៀបឡាន Pick Up ផ្សេងៗទៀត៕
អត្ថបទ៖ BunSak
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ