ត្រកូល RX ជាឡានលំដាប់ជួរមុខមួយក្នុងចំណោមប្រភេទ Crossover SUV របស់ក្រុមហ៊ុន Lexus ហើយវាក៏ជារថយន្ដដែលល្បីនៅខាងបែកអ៊ឺរ៉ុប និងអាមេរិកជាដើម។ ដោយខ្មែរយើងនាំចូលឡានភាគច្រើនពីអាមេរិក វាក៏ធ្លាក់មកដល់កម្ពុជាក្នុងប្រភេទជាឡានមួយទឹក ដែលមានអាយុកាលជិត២០ឆ្នាំ តែតម្លៃនៅស្រុកខ្មែរវិញចង់ថ្លៃជាងកាលចេញពីរោងចក្រទៅទៀត។ សម្រាប់ទីផ្សារ RX330 ជំនាន់ទី២នេះ នៅកម្ពុជាបច្ចប្បន្នចន្លោះពី ២២០០០ដុល្លារជាង ទៅ៣០០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត Option ពណ៌ និងប្រភេទស្លាកលេខ ឬក្រដាស់ពន្ធជាដើម។
បើទោះបីជា RX330 ទំនើបជិះស្រួល រត់ណឹងស្ងាត់ល្អក៏ដោយ វាជាឡានចាស់ឆ្នាំ អញ្ចឹងបញ្ហាមួយចំនួនតែងកើតមានឡើង ចំពោះបងប្អូនយើងតែងជួបប្រទះ ដែលតម្រូវឲ្យដឹគុណវិបត្តិ ៥ ចំណុច មុននឹងទិញជិះ ។ តែមុននិងចូលដល់សាច់រឿង សូមលើកយកពីលក្ខណៈទាក់ទាញរបស់ Lexus RX330 នេះបន្ដិចសិន។
Lexus RX330 បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៣ លីត្រ ផលិតកម្លាំងបាន ២៣០សេះ កម្លាំងរមួល ២៣៨ផោនហ្វីត ល្បឿនលឿនបំផុត ២២៥គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ម៉ែត្រប្រើពេល ៨.១វិនាទី។ ប្រើប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុងមួយ (FWD) និងប៉ុងពីរ (AWD)។កម្រិតស៊ីសាំងកាលចេញពីរោចក្រកាលជិត២០ឆ្នាំមុន ក្នុងក្រុង ១៣លីត្រ និងក្រៅក្រុង ១០លីត្រ តែជាក់ស្ដែងបច្ចុប្បន្ននេះវិញ ហក់ចន្លោះពី ១៣លីត្រ ទៅ១៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចតាមស្ថានភាពជាក់ស្ដែង។
ប្រព័ន្ធជើងក្រោមបំពាក់ យ៉ានកង់១៨អីញ ហ្វ្រាំងគៀបមុខក្រោយ ជំនួយដោយ ABS និងដំណើរការដោយប្រព័ន្ធ ប៉ូមរឺស័រធម្មតា MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជា Multi-link ធ្វើអោយការបើកជ្រេនៅលើផ្លូវ កោងទប់លំនឹងបានល្អ ចំណែកឯការជិះលើផ្លូវលំបាកល្មៗក៏វាអត់សូវរលាក់ និងជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានស្ងាត់ល្អ។
មកដល់រឿងយើងវិញ ចំពោះបញ្ហាអូសឡានចូលរោងចក្រ បើតាមរបាយការណ៍ពី Autoblog បានឲ្យដឹងថា RX330 មានរហូតដល់ទៅ ៦ដងឯណោះ។ ដោយភាគច្រើនមានបញ្ហាទៅលើប្រព័ន្ធភ្លើងស្ដុបខាងក្រោយ អត់ភ្លឺពេលជាន់ហ្វ្រាំង មិនលោតភ្លើងសញ្ញាក្រហម មូលហេតុនេះហើយបានជាគេចេះតែបុកគូទពីក្រោយ ។ក្រៅពីនេះវាមានបញ្ហាធំមួយទៀតគឺ លេចធ្លាយប្រេងចេញពីស៊ីឡាំងមេរបស់ប្រព័ន្ធហ្រ្វាំង (BRAKE MASTER CYLINDER) ដែលជាហេតុនាំឲ្យការជាន់ហ្វ្រាំងគ្មានប្រសិទ្ធភាព ដែលអាចបង្កជាគ្រោះថ្នាក់ដោយយថាហេតុ។
ចំពោះចំណុចអវិជ្ជមាន ចំនួន៥ ដែលអ្នកប្រើសព្វថ្ងៃតែជួបប្រទះលើ RX330 ដូចជា៖
១.ជាឡានចាស់ឆ្នាំតែតម្លៃនៅខ្ពស់ ដែលថ្លៃស្មើនិងឡានថ្មី ស៊េរីឆ្នាំ២០២២មួយចំនួនទៅទៀត ។
២.ទិញថ្លៃ ហើយពេលលក់វិញខាតច្រើនលើសពី ៣០% ឬអាចលើសនេះ ទៅតាមកម្រិតគុណភាពជាក់ស្ដែង។
៣.កម្រិតស៊ីសាំងប្រែប្រួលច្រើនខុសពីធម្មតា និយាយរូមស៊ីខ្លាំងគួរសម។
៤.គ្រឿងបន្លាស់មិនពិបាកស្វែងរកទេ តែថ្លៃ ដែលចំណាយក្នុងការជួសជុលជាមធ្យមខ្ទង់ ជិត២០០ដុល្លារ ទៅ៥០០ដុល្លារជាង ដូចដែលយើងបានដឹងហើយថា គ្រឿងបន្លាស់របស់ Lexus ជាទូទៅថ្លៃជាងគ្រឿងបន្លាស់ Toyota បើទោះបីជាក្រុមហ៊ុនតែមួយក៏ពិតមែន ។
៥.គ្រឿងក្នុង ជាពិសេសនៅផ្នែកតាបឡូ ផុយស្រួយ និងឆាប់ចាញ់កម្ដៅ ចតចោលថ្ងៃក្ដៅយូរ អាចមានបញ្ហាងាយនឹងប្រេះ ដែលទាមទារឲ្យមានការថែមទាំខ្ពស់ជាដើម។
តែយ៉ាងណា វាជាឡានដែលពេញនិយមនៅឡើយ ព្រោះតែរូបរាងដ៏ទាក់ទាញ គួបផ្សំនិងបរិក្ខាខាងក្នុងស្រស់ស្អាតបែប Luxury តែតម្លៃគឺជារឿងមួយដែលបងប្អូនគួរពិចារណាដែរ។ ចំពោះបងប្អូនដែលស្រឡាញ់ និងមានបំណងចង់ប្រើប្រាស់វា ត្រូវដឹងចំណុចទាំងនេះសិនក៏មិនខាតអ្វីដែរ ជៀសវាងពេលប្រើហើយជួបបញ្ហាទៅបន្ទោសអ្នកលក់។
ម្យ៉ាងទៀតពេលទិញ គួរតែពិនិត្យឲ្យបានល្អិតល្អន់បន្ដិច ទាំងផ្នែកម៉ាស៊ីន សាច់ដែកទឹកថ្នាំ ជើងក្រោម និងគ្រឿងក្នុង តែបើប៉ះឡានស្អាត ប្រើទៅក៏មិនសូវជាធ្វើទុក្ខ និងជួបបញ្ហាអ្វីច្រើនដែរ៕
អត្ថបទ៖ BunSak
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ